អ្នកវិភាគនយោបាយអាមេរិកាំងនានាមិនរំពឹងថា ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ង់នឹងនាំឲ្យមានសង្គ្រាមទេ។ ពលរដ្ឋអ៊ឺរ៉ង់កំពុងកាន់ទុក្ខការស្លាប់របស់ឧត្តមសេនីយ៍ Qassem Soleimani ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដោយយោអាសហរដ្ឋអាមេរិក។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យចង់កាត់បន្ថយអំណាចធ្វើសង្គ្រាមរបស់ប្រធានាធិបតី ប៉ុន្តែសមាជិកសភាខាងគណបក្សសាធារណរដ្ឋបានជំទាស់។ ពលរដ្ឋអាមេរិកាំងជាច្រើនបានចេញធ្វើបាតុកម្មតាមផ្លូវកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យដើម្បីបង្ហាញជំហររបស់ពួកគេប្រឆាំងនឹងសង្គ្រាមជាមួយអ៊ីរ៉ង់។
គ្រាដែលពលរដ្ឋអាមេរិកាំងនានាធ្វើបាតុកម្មបង្ហាញការប្រឆាំងរបស់ពួកគេចំពោះសង្រ្គាមផ្សេងមួយទៀតនៅតំបន់មជ្ឈឹមបូព៌ា ពលរដ្ឋអ៊ីរ៉ង់កំពុងកាន់ទុក្ខការស្លាប់របស់ឧត្តមសេនីយ៍កំពូលរបស់ពួកគេ។
មេដឹកនាំកំពូលអ៊ីរ៉ង់បានសច្ចាថានឹងសងសឹកវិញ ហើយចំណែកឯប្រធានាធិបតីសហរដ្ឋអាមេរិកវិញបានព្រមានប្រឆាំងនឹងការសងសឹករបស់អ៊ីរ៉ង់ ដោយបានប្រកាសថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងឆ្លើយតបវិញតាមរយៈការវាយប្រហារទៅលើទីតាំងវប្បធម៌សំខាន់ៗនៅក្នុងប្រទេសអ៊ីរ៉ង់។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យព្រួយបារម្ភអំពីការបង្កើនភាពតានតឹងរបស់លោក Trump ជាមួយនឹងប្រទេសអ៊ីរ៉ង់ និងបាននិយាយថារដ្ឋសភានឹងបោះឆ្នោតលើសេចក្តីសម្រេចមួយនៅសប្តាហ៍នេះ ដើម្បីកម្រិតលទ្ធភាពរបស់លោក Trump ក្នុងការចាត់វិធានការណ៍យោធា ប្រឆាំងនឹងអ៊ីរ៉ង់ដោយគ្មានការអនុម័តពីសភា។
លោក Chuck Schumer មេដឹកនាំសំឡេងភាគតិចនៅព្រឹទ្ធសភាបានថ្លែងថា៖
«ក្នុងស្ថានភាពដូចពេលឥឡូវនេះ សភាចាំបាច់ត្រូវត្រួតពិនិត្យ លើប្រធានាធិបតីនិងប្រើប្រាស់តួនាទីរបស់យើងក្នុងរដ្ឋធម្មនុញ្ញទាក់ទិននឹងរឿងសង្គ្រាមនិងសន្តិភាព»។
មេដឹកនាំជាន់ខ្ពស់ម្នាក់ខាងគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិកបានចោទប្រកាន់ចំណាត់ការរបស់គណបក្សប្រជាធិបតេយ្យថាធ្វើការដើម្បីប្រយោជន៍គណបក្សជាជាងប្រយោជន៍របស់ប្រទេស។
លោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើននៅក្នុងព្រឹទ្ធសភាបានថ្លែងថា៖
«ហេតុអ្វីបានជាយើងមិនរង់ចាំរហូតដល់យើងដឹងពីការពិតសិនទៅ? ហេតុអ្វីបានជាយើងមិនអាចបញ្ឈប់ការខ្វែងគំនិតគ្នា ហើយមករួបរួមជាតិឲ្យបាន៥នាទីសិនទៅ? គ្រាន់តែ៥នាទីប៉ុណ្ណោះ មុននឹងយើងត្រឡប់ទៅប្រកាន់ជំហររបស់គណបក្សវិញ»។
ក៏ប៉ុន្តែអ្នកវិភាគនានានិយាយថា សង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់ទំនងជាមិនអាចកើតឡើងនោះទេ បើទោះបីជាមានវោហាសាស្រ្តខឹងដាក់គ្នាក៏ដោយ។ លោក Michael Rubin នៃវិទ្យាស្ថានសហគ្រាសអាមេរិកាំង American Enterprise Institute បានថ្លែងថា៖ «គ្មានសញ្ញាបង្ហាញពីការចង់ធ្វើសង្គ្រាមនៅក្នុងសហរដ្ឋអាមេរិកទេ ប៉ុន្តែស្របពេលជាមួយគ្នានេះ សហរដ្ឋអាមេរិកជឿថាប្រសិនបើពួកគេមិនធ្វើអ្វីសោះចំពោះការធ្វើវាយប្រហារដែលតែងតែកើតឡើងលើស្ថានទូតនិងស្ថាប័នសហរដ្ឋអាមេរិកទេនោះ ការវាយប្រហារបែបនោះនឹងនៅតែបន្តកើតឡើងទៅលើពួកគេ។ ដូច្នេះវាហាក់ដូចជាគ្មានសញ្ញាបង្ហាញថានឹងមានជម្លោះយោធានៅពេលឆាប់ៗនេះទេ»។
បណ្តាប្រទេសនានានៅឈូងសមុទ្រពែក្សមិនចង់ឲ្យមានសង្គ្រាមនៅក្នុងតំបន់របស់ពួកគេទេ។ នេះបើយោងតាមអ្នកវិភាគអ្នកស្រី Barbara Leaf។
អ្នកស្រី Barbara Leafអ្នកវិភាគនៃវិទ្យាស្ថានសម្រាប់គោលនយោបាយតំបន់មជ្ឈឹមបូព៌ាដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោនបានថ្លែងថា៖ «ប្រទេសអារ៉ាប់រួមនិងប្រទេសអារ៉ាប៊ីសាអូឌីតនៅស្ងៀមស្ងាត់មិននិយាយស្តីអ្វីទាំងអស់។ ប៉ុន្តែអត្ថាធិប្បាយរបស់ពួកគេជារួមគឺនិយាយថា វាជាពេលដែលត្រូវបន្ធូរបន្ថយភាពតានតឹងដើម្បីឲ្យមានដំណោះស្រាយនយោបាយចំពោះបញ្ហាទាំងនេះហើយ»។
ស្របពេលជាមួយគ្នានេះ ក្រុមមន្រ្តីអ៊ីរ៉ាក់ហាក់ដូចជា ស្ទាក់ស្ទើរក្នុងការអនុវត្តតាមការសម្រេចរបស់សភាបណ្តេញកងទ័ពសហរដ្ឋអាមេរិកចេញពីអ៊ីរ៉ាក់ បន្ទាប់ពីលោក Trumpគំរាមដាក់ទណ្ឌកម្មលើអ៊ីរ៉ាក់។
លោក Michael Pregent នៃវិទ្យាស្ថាន Hudsonបានថ្លែងថា៖ «នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Adil Abdul Mahdiមិនទាន់ចុះហត្ថលេខាលើច្បាប់នេះទេ។ ភាគីខាងក្រុមឃឺតមិនបានចូលរួមទេ។ គណបក្សកណ្តាលនិយមជាច្រើនខាងនីកាយ Shia ក៏មិនចូលរួមក្នុងការសម្រចនេះដែរ។ ហើយគណបក្សនានាខាងនិកាយ Sunni ក៏មិនចូលរួមដែរ។ ហើយមនុស្សមួយចំនួនទៀតត្រូវបានបង្ខំឲ្យចូលរួមដោយកងជីវពលនយោបាយ Shia ដ៏ធំមួយដែលមានឈ្មោះថាគណបក្ស Bina។ ពួកគេបានបោះឆ្នោតនៅក្នុងសភា។ មានតែពួកគេប៉ុណ្ណោះនៅក្នុងសភា។
លោក Mahdi បានប្រកាសចុះចេញពីតំណែងកាលពីចុងខែវិច្ឆិកា បន្ទាប់ពីមានមហាបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយលោកនឹងចុះពីតំណែងនៅពេលរដ្ឋសភាអនុម័តលើការតែងតាំងបេក្ខជនជំនួសតំណែងលោក៕
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា