មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវនានានៅក្នុងទីក្រុង Kerman ប្រទេសអ៊ីរ៉ង់ ដែលជាស្រុកកំណើតរបស់មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោកឧត្ដមសេនីយ៍ Qassem Soleimani ដើម្បីបង្ហាញអារម្មណ៍សោកសៅកាន់ទុក្ខចំពោះការស្លាប់របស់លោក បន្ទាប់ពីសហរដ្ឋអាមេរិកបានវាយប្រហារក្បួនរថយន្តរបស់លោកនៅជិតប្រលានយន្តហោះក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់។
ថ្នាក់ដឹកនាំកំពូលនៃប្រទេសអ៊ីរ៉ង់បានប្រឆាំងទៅនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកនេះ និងបានសន្យាថានឹងធ្វើការសងសឹក។ អ្នកនាំពាក្យរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់លោក Ramadan Sharif បានចាប់ផ្ដើមយំនៅពេលដែលអ្នកកាសែតទូរទស្សន៍អ៊ីរ៉ង់មួយរូបសួរអំពីប្រតិកម្មរបស់លោកចំពោះការស្លាប់របស់លោក Soleimani នេះ។
លោក Sharif និយាយថា សហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែលនឹងមិនអាចត្រេកអរសប្បាយយូរនោះទេ។ ភាពសប្បាយរីករាយរបស់ពួកគេនឹងក្លាយទៅជាភាពសោកសៅ និងទុក្ខសោកក្នុងពេលឆាប់ៗខាងមុខនេះ។
មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានសន្យាថានឹងធ្វើការ «សងសឹកដោយហិង្សា» និងបានប្រកាសធ្វើការកាន់ទុក្ខ ៣ ថ្ងៃ សម្រាប់ការស្លាប់បុរសដៃស្ដាំរបស់លោកនេះ។ ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានប្រកាសថា ការសម្លាប់នេះ «នឹងធ្វើឲ្យអ៊ីរ៉ង់កាន់តែតាំងចិត្តខ្លាំងជាងមុនថែមទៀតនៅក្នុងការតតាំងជាមួយនឹងសហរដ្ឋអាមេរិក»។
ប្រជាពលរដ្ឋអ៊ីរ៉ាក់ជាច្រើនមានការត្រេកអរជាខ្លាំងនៅតាមដងផ្លូវនានាក្នុងទីក្រុងបាដាដ បន្ទាប់ពីបានឮដំណឹងនេះ។ ប៉ុន្តែ ប្រធានាធិបតីអ៊ីរ៉ាក់លោក Barham Salih បានថ្កោលទោសការវាយឆ្មក់របស់សហរដ្ឋអាមេរិកនេះ និងបានអំពាវនាវឲ្យភាគីទាំងអស់ «ធ្វើការអត់ធ្មត់ឲ្យបានជាអតិបរមា»។
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Adel Abdel Mehdi បានហៅការវាយប្រហារនេះថាជា «ការរំលោភធ្ងន់ធ្ងរ» លើកិច្ចព្រមព្រៀងស្ដីអំពីវត្តមានរបស់ទាហានអាមេរិកាំងនៅក្នុងប្រទេសអ៊ីរ៉ាក់។
បុរសអ៊ីរ៉ាក់ម្នាក់ ដែលត្រូវបានសម្ភាសន៍នៅទីលាន Tahrir ដ៏ល្បីល្បាញក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាទីតាំងដែលពលរដ្ឋអ៊ីរ៉ាក់ធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជិត ៣ ខែ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ថា លោក «សង្ឃឹមថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់អាចបន្តការឈ្លោះគ្នារបស់ពួកគេនៅក្រៅប្រទេសអ៊ីរ៉ាក់»។
លោក Sheikh Abdel Medhi al-Karbalaie អ្នកនាំពាក្យរបស់មេដឹកនាំសាសនាឥស្លាមនិកាយ Shi'ite កំពូលរបស់អ៊ីរ៉ាក់ បានប្រាប់អ្នកបួងសួងនៅក្នុងពិធីសូត្រធម៌បួងសួងក្នុងទីក្រុង Najaf ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃសុក្រថា លោកប្រឆាំងទៅនឹងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើក្រុង Qaim នៅព្រំដែនអ៊ីរ៉ាក់កាលពីសប្ដាហ៍មុនដែលបានសម្លាប់កងជីវពល Shi'ite ២៥ នាក់ ការវាយប្រហារលើលើស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ និងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកដែលបានសម្លាប់លោក Qassem Soleimani។ លោកហៅការវាយប្រហារទាំងនេះថាជាការរំលោភធ្ងន់ធ្ងរលើអធិបតេយ្យភាពប្រទេសអ៊ីរ៉ាក់។
ប្រតិកម្មរបស់សាធារណជននៅក្នុងប្រទេសអារ៉ាប់ភាគច្រើនដែលមានពលរដ្ឋកាន់សាសនាឥស្លាមនិកាយ Sunni ដូចជាអេហ្ស៊ីប អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសផ្សេងទៀតនៅក្នុងតំបន់ឈូងសមុទ្រពែក្ស គឺភាគច្រើនគាំទ្រការណ៍ដែលសហរដ្ឋអាមេរិកសម្លាប់លោក Soleimani នេះ។ អ្នកប្រើប្រាស់បណ្ដាញសង្គមតាមអ៊ីនធឺណិតភាគច្រើនបានបង្ហោះវីដេអូនៃការវាយប្រហារដោយគ្រាប់រ៉ុកកែតដ៏ខ្លាំងក្លានេះ ដែលបានសម្លាប់លោក Soleimani និងបានកម្ទេចរថយន្តដែលលោក Soleimani កំពុងជិះ។
ក្រុមកងជីវពល Hezbollah ឥស្លាមនិកាយ Shi'ite នៅក្នុងប្រទេសលីបង់បានស្រែកបន្ទរថា «ស្លាប់ទៅសហរដ្ឋអាមេរិក» និង «ស្លាប់ទៅអ៊ីស្រាអែល» នៅឯវិហារឥស្លាមមួយកន្លែងនៅភាគខាងត្បូងប្រទេសលីបង់ ដើម្បីតវ៉ាប្រឆាំងនឹងការសម្លាប់លោក Soleimani នេះ។ លោក Soleimani បានចំណាយពេលជាច្រើននៅក្នុងប្រទេសលីបង់តាំងពីទសវត្សរ៍ ១៩៨០ មក និងជាអ្នករួមចំណែកនៅក្នុងការបង្កើតក្រុម Hezbollah ដែលមានទំនោរទៅរកប្រទេសអ៊ីរ៉ង់ ដែលជាក្រុមមួយដែលបានវាយប្រយុទ្ធជាមួយនឹងប្រទេសអ៊ីស្រាអែលរហូតទាល់តែដល់ពេលដែលក្រុមនេះចាកចេញពីប្រទេសលីបង់នៅឆ្នាំ ២០០១៕
ប្រែសម្រួលដោយ ភី សុភាដា