ក្រុមមន្រ្តីសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ឧត្តមសេនីយ៍អ៊ីរ៉ាក់លោក Qassem Soleimani ដែលសហរដ្ឋអាមេរិកបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ្រូន បានគំរាមកំហែងយ៉ាងខ្លាំងដល់ពលរដ្ឋអាមេរិកាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ប៉ុន្តែជាថ្មីម្តងទៀតមិនបានផ្តល់ភស្តតាងជាក់លាក់នៃការវាយប្រហារណាមួយដែលលោកប្រហែលបានធ្វើការវាយប្រហារនោះទេ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានប្រាប់ក្រុមអ្នកយកព័ត៌មានថា «មានព័ត៌មានជាច្រើនមកពីប្រភពស៊ើបការណ៍សម្ងាត់ដែលត្រូវបានផ្តល់ឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មុនពេលលោកធ្វើការសម្រេចដើម្បីវាយប្រហារឧត្តមសេនីយ៍ Soleimani កាលពីសប្តាហ៍មុនដែលបានសម្លាប់លោកនៅឯចំណតយន្តហោះក្រុងបាកដាដក្នុងប្រទេសអ៊ីរ៉ាក់»។
លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកបាននិយាយថា ឧត្តមសេនីយ៍ Soleimani បានរៀបចំគម្រោងវាយប្រហារលើផលប្រយោជន៍សហរដ្ឋអាមេ រិកដែលនៅទីនោះឧត្តមសេនីយ៍រូបនេះ នឹងសម្លាប់អ្នកការទូត ទាហាន នាវិក ទាហាន និងទាហានជើងទឹកអាមេរិកាំង។ ក៏ប៉ុន្តែ ដូចជាលោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo ដែរ លោក O’Brien មិនបានផ្តល់ភាពជាក់លាក់ស្តីពីពេលវេលាអ្វីដែលពួកមន្រ្តីរដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំបានហៅថា «ការគំរាមកំហែងដ៏ធំ» ដែលឧត្តមសេនីយ៍ Soleimani បានធ្វើនោះទេ។
លោក O’Brien បានហៅថា «វាជាភស្តតាងដ៏ធំនិងការស៊ើបការណ៍យ៉ាងខ្លាំង» ខណៈដែលនិយាយបន្ថែមទៀតថា «ជាអកុសល យើងមិនអាចបញ្ចេញព័ត៌មាននេះនៅ ពេលនេះទេ ក៏ប៉ុន្តែខ្ញុំអាចប្រាប់លោកថា វាជាភស្តតាងយ៉ាងធំ»។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Pompeo បាននិយាយទៀតថា «យើងអាចមើលឃើញយ៉ាងច្បាស់ថា ឧត្តមសេនីយ៍ Soleimani មិនត្រឹមតែធ្វើបញ្ហាទាំងអស់ដែលយើងបានរៀបរាប់ដូចជា ការសម្លាប់មនុស្សរាប់ម៉ឺននាក់ ការបំផ្លិចបំផ្លាញប្រទេសនានាដូចជានៅលីបង់និងអ៊ីរ៉ាក់ដែលពលរដ្ឋនៅក្នុងប្រទេសទាំង ២នោះចង់បានអធិបតេយ្យភាព ឯករាជ្យភាព និងសេរីភាព។ នេះជាស្នាដៃរបស់ឧត្តមសេនីយ៍ Soleimani»៕