ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ ទំនាក់​ទំនង​ល្អរវាង​កម្ពុជា-ជប៉ុន ​អាច​បន្ថយ​ឥទ្ធិពល​ចិន​នៅ​កម្ពុជា


លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា (ស្តាំ) ចាប់ដៃ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អ្នកស្រី Yoko Kamikawa (ឆ្វេង) អំឡុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ​កាលពីថ្ងៃទី​០៦ កក្កដា ឆ្នាំ២០២៤។(Photo by POOL / AFP)
លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា (ស្តាំ) ចាប់ដៃ​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អ្នកស្រី Yoko Kamikawa (ឆ្វេង) អំឡុង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ភ្នំពេញ​កាលពីថ្ងៃទី​០៦ កក្កដា ឆ្នាំ២០២៤។(Photo by POOL / AFP)

អ្នក​ជំនាញកិច្ចការ​តំបន់​មើល​ឃើញ​ថា ​ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា-​ជប៉ុន​ នឹង​បន្ថយឥទ្ធិពល​របស់​ចិននៅ​កម្ពុជា ហើយ​អាច​នាំ​ឱ្យ «មាន​តុល្យភាព»​ នៃ​ទំនាក់​ទំនង​ការបរទេស​។

​ការ​លើកឡើង​របស់​អ្នកឃ្លាំមើល​កិច្ចការតំបន់​បែនេះ កើត​មាន​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន អ្នក​ស្រី​ ខាមីខាវ៉ា យ៉ូកុ (Kamikawa Yoko) បានធ្វើទស្សនកិច្ច​ផ្លូវការ​មក​កាន់​ប្រទេស​កម្ពុជា​ ​រយៈពេល​ពីរថ្ងៃ គឺ​នៅ​ថ្ងៃទី​៥ ដល់ទី​៦ ខែកក្កដា​ ដោយបានជួបជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​កម្ពុជា​ដូច​ជា​ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នាយក​រដ្ឋមន្ត្រី​លោក​ហ៊ុន ម៉ាណែត​ និង​ឧបនាយក​រដ្ឋមន្ត្រី​លោក សុខ ចិន្តា​សោភា​។

​អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អាគ្នេយ៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​លោក ​លឹម ឆាយ ប្រាប់វីអូអេថា​ កិច្ច​សហ​ប្រតិបត្តិ​ការ​កាន់​តែ​កើន​ឡើង​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​ ជាការ​បើក​ផ្លូវ​សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​វិស័យ​សេដ្ឋកិច្ច បច្ចេក​វិទ្យាឌីជី​ថល និង​សន្តិសុខ ដែល​ផ្តល់​ឱ្យ​កម្ពុជា​មាន​ឥទ្ធិពល ​ចន្លោះការ​ប្រកួត​ប្រជែងយុទ្ធ​សាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន។

លោក​បន្ថែម​ក្នុងន័យ​ដើម​ជា​ភាសា​អង់គ្លេស និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖ «នៅ​ក្នុង​យុទ្ធសាស្ត្រ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន កម្ពុជា​បាន​ដំឡើង​នូវ​ទំនាក់​ទំនង​ការទូត​រយៈ​ពេល ៧០ឆ្នាំរបស់​ខ្លួន​ជា​មួយ​ប្រទេស​ជប៉ុន​ទៅ​ជា«ភាព​ជាដៃ​គូយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​»​នៅ​ឆ្នាំ ​២០២៣ ដោយ​លើក​ប្រទេស​ជប៉ុន​ទៅ​ជាទីតាំង​សំខាន់​មួយ​ក្នុង​ទំនាក់ទំនង​ការបរទេស​របស់​កម្ពុជា»។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះថ្ងៃទី​៦ ខែកក្កដា​ ឆ្នាំ​២០២៤​ របស់​ ក្រសួងការបរទេស​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន ភាគី​កម្ពុជា និង​ជប៉ុន​បាន​ឯកភាព​ទំនាក់ទំនង មាន​ភាព​កាន់​តែ​រឹងមាំ​ ព្រមទាំង​បាន​ផ្លាស់​ប្តូរ​យោបល់​ក្នុង​ការ​បន្ត​លើក​កម្ពស់​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​កម្ពុជា-ជប៉ុន​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​ ដែល​មាន​សក្តានុពល​ និង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា​៖ «រដ្ឋមន្ត្រី​ទាំង​ពីរ​បាន​សម្តែង​ការពេញ​ចិត្ត​ចំពោះ​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ ​និង​សកម្ម​ក្នុង​វិស័យ​ការពារ​ជាតិ​ និងសន្តិសុខ​ និងបាន​អបអរសាទរ​រៀបចំ​កិច្ចសន្ទនា​ថ្នាក់​អនុរដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា-ជប៉ុន​ លើកទី​១ ខែមីនា ឆ្នាំ​២០២៤ នៅ​ខេត្ត​សៀមរាប​។ ភាគីទាំង​ពីរ​បាន​ឯកភាព​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​នគរបាល​ជើង​ទឹក​កម្ពុជា​ ជាមួយ​ឆ្មាំ​សមុទ្រ​ជប៉ុន​ ហើយ​ភាគី​ជប៉ុន​បាន​សន្យា​ផ្តល់​នាវា​ល្បាត​ដល់​នគរបាលជាតិ​កម្ពុជា​ផង​ដែរ​»។

​អ្នក​ជំនាញ​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ​និង​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​វីអូអេ​ថា​ទំនាក់​ទំនង​កម្ពុជា​ និង​ជប៉ុន ជា​ទំនាក់​ទំនង​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត ស្មោះ​ត្រង់​ និង​ជា​ប្រពៃណី​ ខណៈ​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត​លើ​ជប៉ុន​ខ្លាំង​ជាង​ចិន។

លោក​ថ្លែង​ថា៖ «ដំណើរ​ទស្សនកិច្ច​ថ្មី​ៗរបស់​លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​ យើង​មើល​ឃើញ​ជំនួយ​ និង​ការជំរុញ​កិច្ច​សហប្រតិបត្តិការ​នានា​រវាង​ជប៉ុន និង​កម្ពុជា ​គឺ​ផ្តល់​ផល​ប្រយោជន៍ដល់​ប្រជាពលរដ្ឋ​ច្រើន​មែនទែន​។ អា​ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ជប៉ុន​ចង់​រក្សា​វត្តមានឥទ្ធិពល​របស់​គាត់​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​នឹង​រដ្ឋ​ ហើយ​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាពល​រដ្ឋ​ទាំង​មូល​ មិនត្រឹមតែ​អ្នក​នយោបាយ​ ឬ​អ្នក​មាន​ឥទ្ធិពល​ក្នុង​ជួរ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ»។

បើ​តាម​អ្នក​វិភាគ​រូប​នេះ​ ​ជប៉ុន​ជា​ដៃគូ​ដ៏​សំខាន់​សម្រាប់​កម្ពុជា ជាពិសេស​ការ​សម្រប​សម្រួល​ដើម្បី​ឱ្យ​កម្ពុជា​មាន​ទំនាក់​ទំនងល្អជាមួយ​ប្រទេស​លោក​ខាង​លិច។

ប្រទេសជ​ប៉ុនមាន​ភាពសកម្ម​ក្នុង​ការពង្រីក​ជំនួយ​ក្នុង​ការស្តារ​ប្រទេស​កម្ពុជា​ឡើងវិញ​នៅ​ក្រោយ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩៣។ បើតាម​អគ្គនាយកដ្ឋាន ​និង​រដ្ឋាករ​កម្ពុជា​ ពាណិជ្ជកម្ម​ទ្វេភាគី​ជប៉ុន-កម្ពុជា​ឈាន​ដល់ ១.៨០ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៣ ។

មេ​ដឹកនាំ​កម្ពុជា​ និង​ជប៉ុន​បាន​ព្រម​ព្រៀង​គ្នា​ដំឡើង​ភាព​ជា​ដៃគូ​ទៅ​ជា ​«ដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ» ​នៅ​ឆ្នាំ​ ២០២៣​ នៅ​ពេល​ប្រារព្ធ​ខួប​លើក​ទី​ ៧០​ ឆ្នាំ​នៃ​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ។​

កាល​ពីកន្លងទៅ​មេដឹកនាំ​នៃប្រទេសទាំង​ពីរ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​កម្ពុជា-ជប៉ុន​ ដែល​ជា​សក្ខីភាព​បង្ហាញ​ពី​ភាព​រឹងមាំ​ផ្អែក​លើ​សាមគ្គី​ភាព​ក្នុង​ភាព​ចម្រុះ​ និង​បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​រួម​គ្នា​បង្ហាញ​នូវ​កម្លាំង​នៃ​សន្តិភាព​ ដើម្បី​ធានា​ថា​ ​តំបន់​អាស៊ីប៉ា​ស៊ីហ្វិក​នឹង​មិន​ក្លាយ​ជា​វេទិកា​ថ្មី​មួយ​ទៀត​នៃ​ជម្លោះ​ប្រដាប់​អាវុធ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG