ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង — លោក អ៊ុំ សាវ៉ាន ធ្លាប់ជាគ្រូបង្រៀនគណិតវិទ្យា និងរូបវិទ្យានៅថ្នាក់អនុវិទ្យាល័យដល់សិស្សៗជាច្រើនរយនាក់ នៅស្រុកស្រុកបិរបូរណ៍ ខេត្តកំពង់ឆ្នាំង។ ក៏ប៉ុន្តែក្រោយមក ដោយសារមើលឃើញបញ្ហាជាច្រើននៅភូមិឃុំរបស់លោក ដែលលោកអះអាងថា ពោរពេញដោយ «អយុត្តិធម៌» និង «ការរើសអើង» លោក សាវ៉ាន ក៏បានសម្រេចចិត្តចូលប្រឡូកការងារនយោបាយថ្នាក់មូលដ្ឋាន ដោយសង្ឃឹមនឹងបានរួមចំណែកដោះស្រាយបញ្ហាមួយចំនួននៅក្នុងសហគមន៍របស់លោក។
នៅឆ្នាំ ២០១៧ លោកបានសម្រេចបំណងនោះ ដោយត្រូវបានពលរដ្ឋបោះឆ្នោតជ្រើសតាំងរូបលោកធ្វើជាមេឃុំជំទប់ទី ២ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំ។ ក៏ប៉ុន្តែ លោកបានបំពេញការងារនេះបានប្រមាណ ៤ ខែប៉ុណ្ណោះ។ គណបក្សសង្គ្រោះជាតិ ដែលលោកបានចូលរួមជាសមាជិក ត្រូវបានតុលាការកំពូលរំលាយ។ ហើយជាលទ្ធផល មុខតំណែងនិងកិច្ចការងាររបស់លោក ក៏ត្រូវបានដកហូត។ ហើយលោកក៏ត្រឡប់ទៅធ្វើជាគ្រូបង្រៀន និងធ្វើស្រែវិញ។
ទើបនឹងជិះម៉ូតូចេញពីសាលារៀន លោក អ៊ុំ សាវ៉ាន បានប្រាប់វីអូអេនៅក្នុងបទសម្ភាសន៍មួយ នៅគេហដ្ឋានរបស់លោក កាលពីដើមខែឧសភាថា៖
«និយាយឲ្យចំតាំងពីរំលាយគណបក្សសង្គ្រោះជាតិមក វាឈឺចុកចាប់។ [...] ចុកចាប់ណាស់ ចង់ជួយប្រជាពលរដ្ឋ មិនដឹងជួយដោយវិធីណា ហើយខ្ញុំធ្វើតែគ្រូបង្រៀន ក៏ខ្ញុំជួយគេអត់កើត ដល់មែនទែនខ្លះគេថា ឯងធ្វើគ្រូបង្រៀនមកចេះដឹងអី?»
ក៏ប៉ុន្តែ ភាពឈឺចាប់នឹងការបាត់បង់ឱកាសបម្រើកិច្ចការងារដើម្បីជួយដោះស្រាយបញ្ហាក្នុងសហគមន៍របស់លោក ត្រូវបានជំនួសមកវិញនូវក្តីសង្ឃឹម នៅពេលគណបក្សនយោបាយមួយ បានចាប់ផ្តើមជីវិតនយោបាយរបស់ខ្លួនឡើងវិញ។ ហើយនៅខែកុម្ភៈ ឆ្នាំ ២០២២ លោកអ៊ុំ សាវ៉ាន ក៏បានឈរឈ្មោះជាបេក្ខភាពមេឃុំឆ្នុកទ្រូ តាមរយៈគណបក្សនយោបាយមួយនោះ។
នៅខែវិច្ឆិកា ឆ្នាំ ២០២១ គណបក្សភ្លើងទៀន បានប្រកាសចាប់ផ្តើមសកម្មភាពនយោបាយរបស់ខ្លួនសាជាថ្មី ក្រោយស្ថានភាពនយោបាយតានតឹងតាំងពីឆ្នាំ ២០១៧ មក។ លោក អ៊ុំ សាវ៉ាន ថា គណបក្សភ្លើងទៀននេះត្រូវគេស្គាល់ថាជាគណបក្សប្រឆាំងដែលមានសំឡេងគាំទ្រច្រើននៅតាមមូលដ្ឋាន។
«រហូតមកដល់រយៈកាលថ្មីៗនេះ ក្រោយពីគណបក្សភ្លើងទៀនបានសមាជមក ខ្ញុំចង់ណាស់ និយាយឲ្យចំ ចង់ធ្វើនយោបាយដើម្បីបានអី? ដើម្បីបានអំណាចហ្នឹងទៅបម្រើប្រជាពលរដ្ឋ»។
គណបក្សភ្លើងទៀននេះ មានប្រវត្តិប្រឡូកក្នុងនយោបាយរបស់ប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៥ ក្រោមឈ្មោះថា គណបក្សជាតិខ្មែរ។ ក្រោយមក នៅឆ្នាំ ១៩៩៨ គណបក្សនេះត្រូវបានប្តូរឈ្មោះទៅជាគណបក្ស សម រង្ស៊ី ក្រោមការដឹកនាំរបស់អ្នកនយោបាយជើងចាស់ខ្មែរបារាំងរូបនេះ។ ក្នុងរយៈពេលជាច្រើនឆ្នាំបន្តបន្ទាប់មកទៀត ក្រោមនយោបាយតានតឹងរបស់កម្ពុជា និងការធ្វើវិសោធនកម្មច្បាប់នយោបាយផ្សេងៗ គណបក្សនេះ ត្រូវបានប្តូរឈ្មោះមកជា គណបក្សភ្លើងទៀន នៅឆ្នាំ២០១៧។
បច្ចុប្បន្ននេះ ដោយអវត្តមានគណបក្សសង្គ្រោះជាតិដ៏ធំមួយ គណបក្សភ្លើងទៀន ដែលកំពុងស្ថិតនៅក្រោមរចនាសម្ព័ន្ធដឹកនាំថ្មីដោយគ្មានលោក សម រង្ស៊ី ត្រូវបានអ្នកឃ្លាំមើលការវិវត្តនយោបាយនៅកម្ពុជាចាត់ទុកថា ជាគណបក្សប្រឆាំងមួយដ៏សកម្ម ដែលអាចមានលទ្ធភាពប្រកួតប្រជែងតំណែងដឹកនាំនានាជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ភាគច្រើននៃថ្នាក់ដឹកនាំនិងសមាជិកបក្សនេះ ជាអតីតអ្នកនយោបាយនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។
ហើយនៅក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ឆ្នាំ ២០២២ នេះ គណបក្សភ្លើងទៀន កំពុងបង្ហាញសន្ទុះនៃសកម្មភាពនយោបាយខ្លាំងក្លារបស់ខ្លួន ទាំងប្រឈមនឹងបញ្ហាប្រឈមក្នុងនីតិវិធី និងការរើសអើងពីអាជ្ញាធរមូលដ្ឋាន។
គណបក្សភ្លើងទៀន បានចុះឈ្មោះបេក្ខជនឈរឈ្មោះរបស់ខ្លួន នៅក្នុងឃុំចំនួន ១.៦៤៩។ ក៏ប៉ុន្តែ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការនូវបញ្ជីឈ្មោះបេក្ខជន ត្រឹមតែ ១.៦២៣ ឃុំសង្កាត់ប៉ុណ្ណោះ។ មានន័យថា គណបក្សនេះ មិនមានបេក្ខភាពដែលអាចដណ្តើមអាសនៈចំនួន ២៦ ឃុំសង្កាត់ មុនថ្ងៃបោះឆ្នោតឈានមកដល់។ បន្ថែមលើនេះ ថ្នាក់ដឹកនាំបក្សនេះក៏បានរាយការណ៍ថា សមាជិកតាមមូលដ្ឋានរបស់ខ្លួនបានរងការយារយីលើសកម្មភាពនយោបាយ និងការធ្វើទុក្ខបុកម្នេញ ឬគំរាមកំហែងជាដើមពីអាជ្ញាធរមូលដ្ឋាន។
ទោះជាយ៉ាងណា ក្រុមសមាជិកនយោបាយប្រឆាំង ដែលពេលនេះបានត្រឡប់មកចូលរួមធ្វើនយោបាយជាមួយគណបក្សវ័យចំណាស់មួយនេះ បានឲ្យដឹងថា ពួកគេនៅតែមានឆន្ទៈធ្វើនយោបាយប្រឆាំង ដើម្បីការអភិវឌ្ឍទៅមុខរបស់ប្រទេសជាតិ ក្រោមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។
អ្នកស្រី ស្ងួន សាមាន ជាបេក្ខជនរបស់គណបក្សភ្លើងទៀន ដែលកំពុងឈរឈ្មោះសម្រាប់តំណែងមេឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ នៅក្នុងពេលផ្តល់បទសម្ភាសន៍ដល់វីអូអេ អ្នកស្រីកំពុងដឹកនាំការប្រជុំតូចមួយ ជាមួយសមាជិកបក្ស ៥នាក់ទៀត ដែលអង្គុយជុំវិញបង់ក្រោមផ្ទះអ្នកស្រី ដើម្បីជជែកពិភាក្សាអំពីការត្រៀមខ្លួនសម្រាប់សកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។
អ្នកស្រីបានសម្តែងឆន្ទៈនយោបាយក្លាហានរបស់អ្នកស្រីថា៖ «បើនិយាយ អត់ចង់ឲ្យចាញ់ទេ ចង់ឈ្នះហ្មង។ និយាយតាមត្រង់បណ្តោយ អត់ចង់ចាញ់ទេ។ មិនមែនចង់ឈ្នះនេះ ដើម្បីឆន្ទៈប្រយោជន៍ខ្លួនឯង ប្រយោជន៍ក្រុមគ្រួសារ ប្រយោជន៍បក្សពួក អត់ទេ។ ចង់ឈ្នះនេះបម្រើប្រជាពលរដ្ឋទូទាំងឃុំ មិនគិតនិន្នាការគណបក្សនយោបាយណាទាំងអស់។ និយាយទៅឲ្យតែខ្មែររស់នៅមជ្ឈដ្ឋានមូលដ្ឋានខ្លួនឯងគ្រប់គ្រង ត្រូវតែដោះស្រាយឲ្យតែមានបញ្ហាប្រឈម»។
ស្ត្រីវ័យ ៦១ ឆ្នាំរូបនេះ ធ្លាប់កាន់តំណែងជាមេឃុំនេះតាំងពីឆ្នាំ ២០១២ មក រហូតទល់ថ្ងៃដែលគេដកហូតតំណែងអ្នកស្រី ក្រោយអតីតគណបក្សសង្គ្រោះជាតិដែលអ្នកស្រីបានចូលជាសមាជិក ត្រូវបានតុលាការរំលាយ។ កាលពីការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៤ ឆ្នាំ ២០១៧ អ្នកស្រី ស្ងួន សាមាន បានឈ្នះតំណែងមេឃុំ ដោយទទួលបានសំឡេងគាំទ្រ ១.៣៣១ ទល់នឹងបេក្ខជនមកពីគណបក្សប្រជាជនកម្ពុជាដែលទទួលបានសំឡេង ១.២៧៩។
អ្នកស្រីបានលើកឡើងថា អ្នកស្រីមានទំនុកចិត្ត ព្រោះមានការគាំទ្រពីសំណាកក្រុមយុវជន។ អ្នកស្រីថា ពួកគេបានលើកទឹកចិត្តដល់អ្នកស្រីបន្ថែមទៀតមុនឈានទៅកាន់ការប្រកួតប្រជែងយកតំណែងមេឃុំ នាថ្ងៃទី ០៥ ខែមិថុនាខាងមុខនេះ បើទោះពួកគេមិនបង្ហាញជាសាធារណៈ ដោយត្បិតបារម្ភពីការប៉ះពាល់ដល់តំណែង តួនាទី ការងារ និងមុខរបររបស់ពួកគេក្តី។
អ្នកស្រីប្រាប់វីអូអេថា៖ «យុវជនខ្លះគាត់អត់ចេញមុខទេ អ៊ីចឹងគាត់ជួយ ជួយដោយសម្ងាត់។ បើនិយាយ ការបោះឆ្នោត ការគាំទ្រយុវជនហ្នឹងខ្លាំងហ្មង ព្រោះគាត់ដឹងស្ថានភាព និងបរិបទនយោបាយរាល់ថ្ងៃយ៉ាងម៉េច គឺគាត់ដឹង។ គាត់អត់ចេញមុខ ប៉ុន្តែគាត់លួចមកខ្សឹបជាមួយយើង មកប្រាប់យើងថា៖ ខ្ញុំនឹងគាំទ្រអ្នកមីង»។
សម្រាប់អ្នកស្រី ស្ងួន សាមាន ទោះបីជាបារម្ភថាអាចនឹងមានការរំលាយគណបក្សភ្លើងទៀន តាមគន្លងដែលរដ្ឋាភិបាលបានធ្វើចំពោះគណបក្សសង្គ្រោះជាតិក្តី ក៏អ្នកស្រីនៅតែបង្ហាញឆន្ទៈមុតមាំនិងក្លាហានថា៖
«មិនបាច់ត្រឹមប្លន់មួយដងនេះទេ ប្លន់ពីរដង ភ្លើងទៀនជាប់ទៀត ប្លន់ ១០០ ដងទៀត ក៏ស្ងួន សាមាន ឈរមេឃុំធ្វើដដែល លុះត្រាតែអវសាន អោយតែគ្មានភាពយុត្តិធម៌នៅកម្ពុជា នៅមូលដ្ឋានដើម្បីប្រជាពលរដ្ឋ។ [...] សុខចិត្តថា ស្លាប់ឲ្យមានប្រវត្តិសាស្ត្រតម្កល់ទុកឲ្យកូនចៅ ក្មេងជំនាន់ក្រោយ អត់ឲ្យមានស្លាប់ហើយ ឲ្យប្រវត្តិសាស្ត្រកប់ដុតចោលទេ សម្រេចចិត្តរួចហើយ»។
ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដោយមានគណបក្សនយោបាយចំនួន ១៧ ត្រូវគេរំពឹងថា នឹងចូលរួមដើម្បីដណ្តើមអាសនៈក្រុមប្រឹក្សាសរុបទាំងអស់ជាង ១១.០០០ នាក់ នៅឃុំសង្កាត់សរុបចំនួន ១.៦៥២ នៅក្នុងប្រទេស៕