ប្រសិទ្ធភាពនៃ «វប្បធម៌សន្ទនា» ក្នុងរយៈពេលមួយឆ្នាំមកនេះនៅមានកម្រិតនៅឡើយបើទោះបីជាមានផលវិជ្ជមានខ្លះក៏ដោយ។ នេះដោយសារតែនៅមានការចាប់ខ្លួនសកម្មជននយោបាយនិងការដោះស្រាយបញ្ហារំលោភសិទ្ធិពលរដ្ឋមិនបានធំដុំ។ នេះបើតាមការសង្កេតរបស់អ្នកឯកទេស។
លោកឱក សេរីសុភក្តិ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចបញ្ជាក់ក្នុងកម្មវិធីHello VOA កាលពីថ្ងៃព្រហស្បតិ៍ថានៅពេលដែលប្រទេសកម្ពុជាខិតកាន់តែជិតដល់ការបោះឆ្នោតក្នុងពេលខាងមុខពលរដ្ឋនឹងកាន់តែមានចម្ងល់ថាតើបញ្ហាមួយចំនួនដែលក្តៅជាងនេះទៅទៀតវានឹងធ្វើឱ្យវប្បធម៌សន្ទនានេះទទួលបានផលតិចតួចទៀតឬយ៉ាងណា?
«ខ្ញុំគិតថាទោះបីជាមានលក្ខណៈវិជ្ជមានខ្លះក៏ដោយក៏ប៉ុន្តែបញ្ហាធំៗដែលមានលក្ខណៈអវិជ្ជមានធ្វើឱ្យអារម្មណ៍របស់ប្រជាពលរដ្ឋទាំងមូលឃើញថាប្រសិទ្ធភាពនៃវប្បធម៌សន្ទនាហ្នឹងនៅមានកម្រិត»។
បញ្ហាវិជ្ជមានដែលកើតមានឡើងត្រូវបានលោកសង្កេតឃើញថាមានដូចជារដ្ឋសភាបានដំណើរការពេញលេញ ការបង្កើតស្ថាប័នជាតិរៀបចំការបោះឆ្នោត បង្កើតគណៈកម្មការទី១០ សម្រាប់ដោះស្រាយបញ្ហាពុករលួយ ការចាប់បញ្ជូនចេញជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់និងការបន្ថយការវាយប្រហារដោយសំដីខ្លាំងៗដាក់គ្នា។
ប៉ុន្តែនៅថ្ងៃទី២១ខែកក្កដា គឺមានរយៈពេលមួយថ្ងៃនៅមុនខួបមួយឆ្នាំនៃ«វប្បធម៌សន្ទនា»តុលាការក្រុងភ្នំពេញបានកាត់ទោសមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់ឱ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំដល់២០ឆ្នាំពាក់ព័ន្ធនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។
មន្ត្រីនៃគណបក្សប្រជាជនកម្ពុជាដែលបានគ្រប់គ្រងប្រទេសជាង៣០ឆ្នាំអះអាងថាពួកគេមិនអាចប្រើប្រាស់វប្បធម៌សន្ទនានេះដើម្បី ដោះលែងជនទាំងនោះបានទេ។
លោកឱក សេរីសុភក្តិយល់ថាជំហរដូចនេះរបស់គណបក្សប្រជាជនកម្ពុជាមិនបានជួយសម្រួលដល់ស្ថានការណ៍ដែលតានតឹងនាពេលបច្ចុប្បន្នទេ៖
«បើសិនជាប្រើការចរចានយោបាយហើយនឹងវប្បធម៌សន្ទនាមិនបានការហើយនៅតែនិយាយថាជាបញ្ហាតុលាការទៀត ខ្ញុំគិតថាវប្បធម៌សន្ទនាអាចនឹងមានបញ្ហាមែនទែន»។
ការខ្វែងគំនិតគ្នារវាងគណបក្សទាំងពីរលើការអនុម័តសេចក្តីព្រាងច្បាប់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដែលនាំឱ្យគណបក្សប្រឆាំងធ្វើពហិការមិនចូលរួមប្រជុំពិភាក្សាច្បាប់នេះជាចំណុចច្បាស់ពីការដើរថយនៃវប្បធម៌សន្ទនានេះ។
ក្រៅពីបញ្ហាដែលបានកើតមានឡើងរវាងគណបក្សធំៗទាំងពីរលោកឱក សេរីសុភក្តិយល់ថាមេដឹកនាំ នយោបាយគួរតែយកវប្បធម៌នេះមកដោះស្រាយបញ្ហាជាតិផងដែរ៖
«គួរតែ វប្បធម៌សន្ទនានេះគ្របដណ្តប់ទៅលើបញ្ហាជាតិធំៗឱ្យច្រើន។ មានដែរបញ្ហាគណបក្សទាំងពីរនេះក៏និយាយចុះប៉ុន្តែឱ្យនិយាយបញ្ហាប្រជាពលរដ្ឋ បញ្ហាកង្វល់ការរស់នៅរបស់ប្រជាពលរដ្ឋ អំពើពុករលួយដែលប្រជាពលរដ្ឋជួបប្រទះសព្វថ្ងៃ ដីធ្លីរបស់គាត់ ព្រៃឈើរបស់គាត់ហ្នឹង គួរតែនិយាយឱ្យបានច្រើនហើយក្នុងលក្ខណៈចំហរតម្លាភាពទៅទៀត កុំឱ្យតែលំៗរវាងគណបក្សទាំងពីរហ្នឹង»។
លោកយល់ដែរថា«វប្បធម៌សន្ទនា»អាចធ្វើទៅបានលុះ ណាតែកម្លាំងទាំងសងខាងមានប្រហាក់ប្រហែលៗគ្នានិងមានតុល្យភាពនៃកម្លាំងនយោបាយ។ នេះបានសេចក្តីថាបើសិនជាប្រជាពលរដ្ឋនៅបន្តគាំទ្រខ្លាំងទៅលើគណបក្សសង្គ្រោះជាតិដូចដែលគណបក្សនេះទទួលបានកាលពីមួយឆ្នាំមុន។
«ខ្ញុំយល់ថាគណបក្សកាន់អំណាចនឹងនៅ តែត្រូវការវប្បធម៌សន្ទនាព្រោះមិនអាចឈ្នះដាច់ទេនៅតែត្រូវការព្រោះ ដើម្បី កុំឱ្យប្រជាពលរដ្ឋវាយប្រហារខ្លាំងត្រូវតែសន្ទនាជាមួយអ្នកដែលប្រជាពលរដ្ឋគាំទ្រ»៕