ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាត់ទោស​មន្ត្រី​គណបក្ស​ជំទាស់​១១រូប​មិន​ធ្វើឲ្យ​វប្បធម៌​សន្ទនា​ទេ


លោក​​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​​និង​​លោក​​សម រង្ស៊ី​​​ប្រធានគណ​បក្សសង្គ្រោះ​ជាតិ​​​ប្រាប់​​អ្នក​​យក​ព័ត៌មាន​អំពី​វប្បធម៌​សន្ទនា​ (ថ្ងៃ៩ មេសា២០១៥)
លោក​​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​​និង​​លោក​​សម រង្ស៊ី​​​ប្រធានគណ​បក្សសង្គ្រោះ​ជាតិ​​​ប្រាប់​​អ្នក​​យក​ព័ត៌មាន​អំពី​វប្បធម៌​សន្ទនា​ (ថ្ងៃ៩ មេសា២០១៥)

មន្ត្រី​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​អះអាង​នៅថ្ងៃព្រហស្បតិ៍​នេះ​ថា ​ការ​ដាក់ទោស​លើមន្ត្រី​និង​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​គឺ​មិនប៉ះ​ពាល់​ដល់​កិច្ច​ព្រម​ព្រៀងនយោបាយឬ​«វប្បធម៌សន្ទនា»រវាង​គណបក្ស​ជំទាស់​និង​គណបក្ស​កាន់​អំណាចនោះ​ទេ។​

ការ​លើក​ឡើងដូច្នេះ​គឺ​ធ្វើ​ឡើង​ពីរ​ថ្ងៃ​បន្ទាប់​ពី​តុលាការ​ក្រុងភ្នំពេញ​បាន​សម្រេច​ដាក់​ទោស​មន្ត្រី​ និង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​រូប​ឱ្យ​ជាប់​ពន្ធនាគារ​ពី​៧​ដល់​២០​ឆ្នាំ​ទាក់​ទង​នឹង​សំណុំ​រឿង​ហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ដែល​បាន​ប្រ​ព្រឹត្ត​ឡើង​តាំងពី​ខែ​កក្កដា​ឆ្នាំ​២០១៤​មក​ម្ល៉េះ។​

លោក​សុខ​ ឦសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​អះអាង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ការ​ដាក់​ទោស​លើមន្ត្រី​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ ​ហើយ​វា​ខុស​ពី​កិច្ច​ព្រម​ព្រៀង​នយោបាយ​របស់​គណបក្ស​ទាំង​ពីរ​នោះ។​

លោក ​បាន​បន្តថា៖​ «បាទ ​ខ្ញុំ​យល់​ថា ​អាហ្នឹង​យើង​ត្រូវ​ចែក​ឲ្យ​ដាច់​ណា៎។ ​ មួយ​គឺ​ជា​កិច្ច​ព្រមព្រៀង​នយោ​បាយ​ ហើយ​ការ​កាត់​ទោស​សកម្ម​ជន​នយោបាយ​១១​នាក់​ហ្នឹង​គឺ​ជារឿង​ផ្លូវ​ច្បាប់​ របស់​តុលាការ​ទេ។​ ​រឿង​ទាំង​ពីរ​នេះ​គឺ​វា​ដាច់ពី​គ្នា ​មិន​អាច​ច្រឡូក​ច្រឡំ​នឹង​គ្នា​បាន​ទេ»។​

លោក​សម រង្ស៊ី​ថត​រូប​ដោយខ្លួន​ឯងជាមួយ​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន ពេល​បរិភោគ​អាហារពង្រឹងវប្បធម៌សន្ទនា​
លោក​សម រង្ស៊ី​ថត​រូប​ដោយខ្លួន​ឯងជាមួយ​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន ពេល​បរិភោគ​អាហារពង្រឹងវប្បធម៌សន្ទនា​

ក៏​ប៉ុន្តែ​ លោក​សុខ ឦសាន​បាន​បញ្ជាក់ថា៖​ «ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​នៅតែ​សង្ឃឹម​ថា ​វប្បធម៌​សន្ទនា​នេះ​នឹង​មាន​និរន្តរ​ភាព​បន្តទៅ​មុខ​ទៀត។​ ​ តែ​ដោ​យឡែក​ យើង​កត់​សម្គាល់ឃើញ​ថា ​អ្នក​នាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិពី​ម្សិលមិញ​បាន​និយាយ​ថា​ អត់​មាន​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា​នោះ​ទេ​ តែ​ដល់​សេចក្តី​ប្រកាស​ចេញ​មកគាត់​ថា​ មាន​ការ​ប៉ះពាល់​ដល់​វប្បធម៌​សន្ទនា។​ ​ហើយ​ខ្ញុំ​ក៏​មិន​យល់​ពី​រឿង​ហ្នឹង​ដែរ»។​

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់ពី​ការ​សោក​ស្តាយ​ចំពោះ​ការ​ដាក់​ទោស​សកម្មជន​នយោបាយ​របស់ខ្លួន ដោយ​បាន​បញ្ជាក់​ថា​ វា​គឺ​«ជា​ការ​ធ្វើ​ឲ្យ​មាន​ភាពតាន​តឹង​ខាង​នយោបាយ​ឡើង​វិញ​ ដែល​ផ្ទុយ​នឹង​ស្មារតី​កិច្ច​ព្រម​ព្រៀង​នយោបាយ»​រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​កាន់​អំណាច​នា​ថ្ងៃទី​២២​ខែ​កក្កដា​នោះ។

លោក​យ៉ែម​ ប៉ុញ្ញឫទ្ធិ​ តំណាង​រាស្រ្ត​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ប្រាប់​ VOA​ ថា​ ការ​ដាក់​ទោស​មន្ត្រី ​និង​សកម្មជន​របស់​គណបក្ស​ខ្លួន​គឺ​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​នយោបាយ​ឡើង។​ ​តែ​គណបក្ស​លោក​នឹង​ព្យាយាម​បន្តកិច្ច​សន្ទនា​ហើយ​រិះរក​មធ្យោបាយ​ដើម្បី​ឈាន​ដល់​ការ​ដោះ​លែង​ពួក​គេ។​

«យើង​យល់​ឃើញ​ថា​ វា​អាច​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ផ្នែក​នយោបាយ​កើន​ឡើង​ដែរ​ ក៏​ប៉ុន្តែ​យើង​ព្យាយាម​រក្សា​កិច្ច​ព្រមព្រៀង​ និង​អនុវត្ត​វប្បធម៌​សន្ទនា​ដោយ​សុច្ឆន្ទៈ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហ្នឹង»។​

លោក​យ៉ែម ប៉ុញ្ញឫទ្ធិ​បន្ត​ថា​ ទោះបី​ជា​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​ក៏​ដោយ ​តែ​លោក​អាច​នឹង​ធ្វើការ​ទំនាក់​ទំនង​ចរចា​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​នោះ។​

ប៉ុន្តែ​អ្នក​វិភាគ​យល់​ថា ​វាមាន​សញ្ញា​នៃ​កា​រប្រេះ​ស្រាំ​ចំពោះ​វប្បធម៌​ ​សន្ទនា​ដ៏​ផុយ​ស្រួយ​នេះ។

លោកអ៊ូ វីរៈ​ នាយក​វេទិកា​អនាគត​ដែលជាមជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​មួយ បាន​យល់ឃើញ​ថា​ សញ្ញា​នៃ​ភាព​រង្គោះ​រង្គើ​នៃ​វប្បធម៌​សន្ទនា​របស់​គណបក្ស​ទាំង​ពីរ​បាន​លេច​ឡើង​ហើយ។ ​ លោក​យល់​ថា​ ការ​ចាប់​ដាក់​ទោស​នេះ​គឺ​ដោយសារ​តែការ​តវ៉ា​រឿង​ព្រំដែន​ពី​សំណាក់​គណបក្ស​ជំទាស់​ ជាពិសេស​ការ​ដឹកនាំ​សកម្ម​ជន​របស់គណបក្ស​សង្គ្រោះ​ជាតិ​ និងអ្នក​គាំ​ទ្រ​ខ្លួន​ជាង​២០០០​នាក់​ទៅ​ពិនិត្យ​ព្រំ​ដែន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លងទៅ។

«ខ្ញុំ​មើល​ទៅ ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់ ​មិន​ចង់​ មិន​មាន​ការ​សប្បាយ​ចិត្ត​នោះ​ទេ​នូវ​បញ្ហា​ហ្នឹង​ ហើយ​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ជាពិសេស​ ​លោក​សម​ រង្ស៊ី​ក៏មាន​ការ​ពិបាក​ដែរ ​ពីព្រោះ​អី?​ ទីមួយ​បើ​គាត់​នៅ​បន្ត​ការ​សន្ទនា​ វា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខ្លួន​នឹង​ខកចិត្តខ្លាំង​ ព្រោះ​ហាក់​ដូច​ទទួល​យក​នូវ​ការ​សន្ទនា​ ដោយ​ទុក​ឲ្យ​សកម្ម​ជន​របស់​ខ្លួន​ហ្នឹង​រង​គ្រោះចូល​ពន្ធនាគា»។​

លោក​អ៊ូ វីរៈ​គិតថា ដើម្បី​ឈាន​ដល់​ការ​ដោះ​លែង​មន្ត្រី និងសកម្មជន​ទាំង​១១​រូប​របស់​ខ្លួន ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អាច​មាន​ការ​ដោះដូរ​នយោបាយ​មួយចំនួនជា​មួយ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន។​

«ខ្ញុំ​ទស្សន៍​ទាយ​មើល​ទៅឃើញ​ថា ​លោក​សម រង្ស៊ី​នឹង​ព្យាយាម​ចរចា​ ជា​មួយ​លោកហ៊ុន សែន​ ហើយ​ក្នុង​ករណី​ចរចា​នេះ​គឺ​ដើម្បី​ឲ្យ​អ្នក​ទាំង​១១​នាក់​ហ្នឹង​រួច​ខ្លួន។​ ខ្ញុំ​មិនដឹ​ងថា​ តើ​លោក​សម រង្ស៊ីនិង​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​ទទួល​យក​អី​ខ្លះទេ។ យើង​អត់​ទាន់​ដឹង។​ ​ វា​អាច​ជា​ប្រធាន​បទ​មួយ​ រឿងការ​បញ្ឈប់​ការ​តវ៉ា​រឿង​ព្រំដែន​ ឬ​ឈប់​ធ្វើ​បាតុកម្មនោះ​បាទ!»​

នៅ​ក្នុង​សារ​មួយ​របស់​លោក​ផ្ញើ​ពី​ប្រទេស​បារាំង​ ហើយ​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃនេះ​ ​លោក​សម រង្ស៊ីបាន​បញ្ជាក់​ថា​ ការ​សម្រេច​ដាក់​ទោសមន្ត្រី​ និង​សកម្ម​ជន​ទាំង​១១​នាក់គឺ​ជា​«សកម្ម​ភាព​គាប​សង្កត់​ដ៏​ឃោរឃៅ‍»។ ​ប៉ុន្តែ​លោក​នៅ​តែ​សរសើរ​ដល់​វប្បធម៌​សន្ទនា ​ដោយ​ លោក​បាន​បន្ថែម​ថា៖​ «រហូត​មកដល់​ថ្ងៃ​នេះ​ បើ​គ្មាន​វប្បធម៌​សន្ទនា​ទេ​នោះ​ ការ​គាប​សង្កត់​អាច​កាន់​តែ​អាក្រក់​ជាង​នេះ‍»។​ លោក​អះអាង​ថា អាច​នឹង​មានការ​ចាប់​ចង​និង​ហិង្សា​កាន់​តែ​ខ្លាំង​ទៀត​នៅ ​មុន​ថ្ងៃ​២២​ ខែ​កក្កដា​ឆ្នាំ​២០១៤​ ថ្ងៃដែល​គណបក្ស​ទាំងពីរ​យល់​ព្រម​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ​ និង​ចាប់​ផ្តើម​វប្បធម៌​សន្ទនា​នោះ។​

តុលាការ​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​បាតុកម្ម​នា​ទីលាន​ប្រជាធិបតេយ្យ​ចាប់តាំងពី​ថ្ងៃទី​២០ ​ខែ​កក្កដា​ឆ្នាំ​២០១៥។​ នៅ​រសៀល​ថ្ងៃ​ទី២១​ខែ​កក្កដា​នេះ​ ​ ចៅក្រម​បាន​ប្រកាស​សាល​ក្រម​យ៉ាង​ប្រញាប់​ប្រញាល់ធ្វើការផ្តន្ទាទោស​ និង​បង្គាប់​ឲ្យ​ចាប់ខ្លួនលោកមាជ សុវណ្ណារ៉ា​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​ប្រឆាំង​ ហើយ​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ ​លោក​ឃិន ជំរឿន​ និង​លោក​អឿ ណារិទ្ធ​ ដោយដាក់ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ។​ រី​ឯ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៨​រូប​ទៀត​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​៧​ឆ្នាំ​ម្នាក់ៗ៕

XS
SM
MD
LG