ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បានប្រកាសលាលែងពីសមាជិករដ្ឋសភាកាលពីថ្ងៃចន្ទ ដើម្បីទៅកាន់កាប់ព្រឹទ្ធសភាឱ្យស្របទៅតាមការត្រៀមទុក ដែលលោកធ្លាប់ប្រកាសពេលចាកចេញពីតំណែងនាយករដ្ឋមន្ត្រីកាលពីឆ្នាំមុន។
អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាថ្លែងទាំងប្រយ័ត្នប្រយែងថា អ្វីដែលលោកហ៊ុន សែន កំពុងធ្វើមានគោលដៅស្នូលមួយគឺដើម្បីជួយ និងការពារកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលបាននិងកំពុងស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រីជាង៧ខែ គិតចាប់តាំងពីការឡើងកាន់អំណាចកាលពីខែសីហា ឆ្នាំ ២០២៣។
នាសម័យប្រជុំរដ្ឋសភាលើកទី ២ នីតិកាលទី ៧ កាលពីថ្ងៃចន្ទ លោក ហ៊ុន សែន អតីតតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា រយៈពេលជិត ៤ ទសវត្សរ៍ (រយៈពេល ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ) បានប្រកាសចាកចេញពីមុខតំណែងជាតំណាងរាស្ត្រ តែលោកថាលោកនៅមានសិទ្ធិរៀបចំស្ថាប័នរដ្ឋសភាបានដដែល។
តាមរយៈវីដេអូមួយដែលមានរយៈពេលជិត ២០ នាទី និងត្រូវបានបង្ហោះលើគណនីយហ្វេសប៊ុករបស់លោកកាលពីថ្ងៃចន្ទ លោក ហ៊ុន សែន ថ្លែងថា៖ «ការចាកចេញរបស់ខ្ញុំទៅបំពេញមុខងារមួយផ្សេងទៀត។ ហើយយើងក៏អាចមានវាសនានឹងជួបគ្នានៅទីនេះម្តងទៀត ប្រសិនបើសភាពការណ៍តម្រូវ នោះគឺសមាជព្រឹទ្ធសភា និងរដ្ឋសភា»។
លោកបន្ថែមថា៖ «បើទោះបីខ្ញុំមិននៅក្នុងរដ្ឋសភា ប៉ុន្តែខ្ញុំនៅតែមានសិទ្ធិចុះហត្ថលេខា ដើម្បីរៀបចំក្បាលម៉ាស៊ីនរដ្ឋសភា ដើម្បីរៀបចំសមាជិករដ្ឋសភា ឬគណៈកម្មាការនានាតាមសំណើររបស់ប្រធានគណបក្ស។ ដូច្នេះខ្ញុំមិនលូកលាន់កិច្ចការរបស់រដ្ឋសភាទេ ក៏ប៉ុន្តែច្បាប់បានតម្រូវឱ្យប្រធានគណបក្ស ជាអ្នកឧទ្ទេសនាម អ្នកណាត្រូវធ្វើអីៗ»។
លោកបានសង្កត់ធ្ងន់ថា លោកមិនបណ្តេញសមាជិកសភាណាម្នាក់ ដើម្បីយកកៅអីសភានោះទេ ព្រោះគណបក្សប្រជាជនកម្ពុជាមានវិន័យ និងរបៀបធ្វើការ ដោយមានការយោគយល់ និងសាមគ្គីភាពផ្ទៃក្នុងបក្ស។
អ្នកវិភាគនយោបាយលោក មាស នី កត់សម្គាល់ថា អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន នឹងនៅតែបន្តមានឥទ្ធិពលក្នុងជួររដ្ឋាភិបាល ហើយការចាកចេញពីស្ថាប័នរដ្ឋសភា ទៅកាន់ស្ថាប័នព្រឹទ្ធសភានោះ គឺដើម្បីការពារសុវត្ថិភាពនៃការកាន់អំណាចរបស់កូនគាត់ គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
លោកថ្លែងថា៖ «វាមានប្រយោជន៍ ២ ទី ១ ប្រយោជន៍សម្រាប់គាត់ និងកូនរបស់គាត់ [ដោយ]ការពារតំណែងរបស់កូនគាត់ យើងដឹងថា គាត់នៅតែមានលទ្ធភាពក្នុងការជួយកូនគាត់ នៅពេលដែលមានបញ្ហាណាមួយកើតឡើងដោយចៃដន្យ ដែលជាយថាហេតុ។ ទី ២ ខ្ញុំក៏នៅមើលឃើញថា រាល់ការចាត់ចែងគ្រប់គ្រងទាំងឡាយណា ...គាត់នៅតែមានឥទ្ធិពលខ្លាំងនៅក្នុងជួររដ្ឋាភិបាល មិនថាកន្លែងណា នៅក្នុងថ្នាក់ណាទេ»។
បើតាមអ្នកវិភាគនយោបាយរូបនេះ កម្លាំងនយោបាយរបស់គណបក្សប្រជាជនកម្ពុជានៅតែមានភាពរឹងមាំនៅឡើយ ដោយហេតុថា ណបក្សកាន់អំណាចបានរៀបចំកៅអីរដ្ឋសភាទុកឱ្យមនុស្សជំនាន់ក្រោយធ្វើការ ចំណែកមន្ត្រីចាស់ៗ ត្រូវរំកិលទៅកាន់ព្រឹទ្ធសភា។
ជុំវិញការវិវឌ្ឍស្ថានភាពនយោបាយក្នុងស្រុក លោក មាស នី យល់ថា អាណត្តិទី ៧នេះ មិនមានអ្វីប្រែប្រួលច្រើននោះទេ ព្រោះជាអាណត្តិដែលគណបក្សគ្រប់គ្រងប្រទេសត្រូវធ្វើយ៉ាងណាដើម្បីរក្សាស្ថិរភាពផ្ទៃក្នុងគណបក្ស និងម្យ៉ាងទៀតដោយសារអ្នកដឹកនាំប្រទេសដែលជាមនុស្សជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលសាកល្បង និងដើរតាមបន្ទាត់របស់អ្នកនយោបាយជំនាន់មុន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា ស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា មានទំនាក់ទំនងគ្នាច្រើន ដូចជាការតាក់តែងច្បាប់ណាមួយ គឺរដ្ឋសភាអនុម័តជាមុន រួចទើបបញ្ជូនទៅព្រឹទ្ធសភា។ ដូច្នេះលោកនឹងចាំមើលថាតើក្នុងអាណត្តិថ្មីនេះ រដ្ឋាភិបាលនឹងមានឆន្ទៈ ធ្វើឱ្យដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា មានការវិវឌ្ឍបែបណានៅពេលអនាគត។
គួរបញ្ជាក់ថាកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ នាសម័យប្រជុំរដ្ឋសភាជាតិលើកទី ១ សម្រាប់អាណត្តិទី ៧ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយក្នុងវិមានរដ្ឋសភាថា តាមការគ្រោងទុក និងតាមរយៈការស្រុះស្រួលរបស់គណបក្សប្រជាជនកម្ពុជា គឺលោកនឹងក្លាយជាប្រធានព្រឹទ្ធសភា។
អ្នកនំាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វីអូអេកាលពីថ្ងៃចន្ទថាអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា គឺជាបេក្ខជនសំខាន់ម្នាក់គត់សម្រាប់តំណែងប្រធានព្រឹទ្ធសភាដែលនឹងបើកសម័យប្រជុំលើកដំបូងនៅថ្ងៃពុធសប្តាហ៍នេះ៕
វេទិកាបញ្ចេញមតិ