ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហមុនី បានប្រោសព្រះរាជទានតែងតាំងលោក សាយ ឈុំ ជាឧត្តមប្រឹក្សាផ្ទាល់របស់ព្រះអង្គ បន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភា ដែលលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជានៅបន្តក្តោបក្តាប់អាសនៈភាគច្រើនលើសលប់ក្នុងស្ថាប័នតាក់តែងច្បាប់កំពូលមួយនេះ។
អ្នកវិភាគនយោបាយមួយចំនួនសង្កេតឃើញថា ការតែងតាំងលោក សាយ ឈុំ ជាការផ្តល់ភ្លើងខៀវឱ្យអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ចូលកាន់តំណែងប្រធានព្រឹទ្ធសភាសម្រាប់អាណត្តិទី ៥ ទៅតាមការគ្រោងទុករបស់លោក ហ៊ុន សែន ដែលបច្ចុប្បន្ននេះមានតំណែងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រមានឋានៈស្មើនាយករដ្ឋមន្ត្រី។
បើតាមព្រះរាជក្រឹត្យដែលផ្សព្វផ្សាយដោយបណ្តាញព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះ ព្រះមហាក្សត្រចាត់ទុកលោក សាយ ឈុំ ថាជា«ថ្នាក់ដឹកនាំកំពូលដ៏ល្អប្រសើរ ជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់របស់ប្រជារាស្ត្រ មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា»។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការត្រាស់បង្គាប់តែងតាំងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាអាណត្តិទី ៤ ទៅជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានឋានៈស្មើនាយករដ្ឋមន្ត្រីនោះ គឺជារឿងស័ក្តិសមបំផុត។
ទាក់ទិនការប្រជុំដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភាអាណត្តិទី ៥ អ្នកនាំពាក្យរូបនេះថ្លែងថា នឹងមានការជ្រើសរើសបេក្ខជនដើម្បីឈរឈ្មោះជាប្រធាន និងអនុប្រធាន ប៉ុន្តែលោកមិនអាចផ្តល់សេចក្តីលម្អិតថា តើព្រឹទ្ធសភានឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួននៅពេលណានោះទេ។
អ្នកនំាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានបញ្ជាក់ឱ្យវីអូអេដឹងថា ព្រឹទ្ធសភានឹងបើកសម័យប្រជុំដំបូងនីតិកាលទី ៥ នៅថ្ងៃទី ៣ ខែមេសានេះ ហើយអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា គឺជាបេក្ខជនសំខាន់ម្នាក់សម្រាប់តំណែងប្រធានព្រឹទ្ធសភា។
លោកថ្លែងថា៖ «បេក្ខជនឈរឈ្មោះជា ប្រធានព្រឹទ្ធសភា គណបក្សបានសម្រេចរួចហើយ...ប្រធានព្រឹទ្ធសភាគឺសម្តេចតេជោ ហ៊ុន សែន តែម្តង។ទី ២ គឺបេក្ខភាពបោះឆ្នោតជាអនុប្រធានទី ១ ព្រឹទ្ធសភាគឺឯកឧត្តម ប្រាក់ សុខុន ទី ៣ បេក្ខភាពជាអនុប្រធានព្រឹទ្ធសភាទី ២ គឺឯកឧត្តម អ៊ុច បូរិទ្ធ បច្ចុប្បន្នលោកជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ»។
លោក សាយ ឈុំ ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានបន្តដឹក នាំព្រឹទ្ធសភា គិតចាប់តាំងពីមរណភាពរបស់អតីតប្រធានព្រឹទ្ធសភា គឺលោក ជា ស៊ីមដែលជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន អាចនឹងឡើងជាប្រធានព្រឹទ្ធសភា ហើយក៏នឹងបំពេញតួនាទីជាប្រមុខរដ្ឋស្តីទីក្នុងពេលខាងមុខ ដោយមិនមានបញ្ហាប្រឈមផ្ទៃក្នុងរបស់គណបក្ស។
លោកថ្លែងថា៖ «កូនគាត់ជានាយករដ្ឋមន្រ្តី គាត់ជាប្រធានព្រឹទ្ធសភា អាចជាប្រធានរដ្ឋស្តីទីម្តងម្កាល ដូច្នេះអំណាចកាន់តែមូល កាន់តែនៅផ្តុំ នេះគឺជាទស្សនៈដែលយើងមើលឃើញថា វាប្រឈមនៅក្នុងទស្សនៈនៃការអនុវត្ត នៅក្នុងដំណើរប្រជាធិបតេយ្យតាមគោលការណ៍ប្រជាធិបតេយ្យ។ ប៉ុន្តែយើងមិនទាន់មានឃើញពន្លឺថា ពលរដ្ឋយើងមានទស្សនៈយោបល់យ៉ាងណាទេ ព្រោះប្រជាពលរដ្ឋកម្ពុជាហាក់ដូចជាស្ងប់ស្ងៀមភ័យខ្លាច រឿងការបញ្ចេញមតិទស្សនៈ»។
ក្នុងតំណែងជាប្រធានព្រឹទ្ធសភា ឥស្សរជនដែលកាន់តំណែងនោះ នឹងក្លាយជាប្រមុខរដ្ឋស្តីទី ហើយមានលទ្ធភាពក្នុងការតែងតាំងមន្ត្រី ឬបញ្ចប់មុខតំណែងមន្ត្រីក្នុងជួររដ្ឋាភិបាល ពេលព្រះមហាក្សត្រមិនមានព្រះរាជវត្តមាននៅក្នុងប្រទេស។ ពេលព្រះមហាក្សត្រយាងចេញពីប្រទេស ប្រមុខរដ្ឋស្តីទីនឹងដើរតួនាទីផ្សេងទៀត ក្នុងកម្មវិធីមួយចំនួនដូចជាពិធីការទទួលភ្ញៀវបរទេសជាដើម៕
វេទិកាបញ្ចេញមតិ