ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​ថៃ ​មាន​ទោស​ និង​ត្រូវ​បាន​ដក​តំណែង​ចេញ​ពី​សភា


លោក Thanathorn Juangroongruangkit (រូប​កណ្តាល) មេដឹកនាំ​គណបក្ស Future Forward ត្រូវ​បាន​ស្វាគមន៍​ដោយ​អ្នក​គាំទ្រ នៅ​ពេល​លោក​ទៅ​ដល់​តុលាការ​ធម្មនុញ្ញ នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Thanathorn Juangroongruangkit (រូប​កណ្តាល) មេដឹកនាំ​គណបក្ស Future Forward ត្រូវ​បាន​ស្វាគមន៍​ដោយ​អ្នក​គាំទ្រ នៅ​ពេល​លោក​ទៅ​ដល់​តុលាការ​ធម្មនុញ្ញ នៅ​ក្នុង​ក្រុង​បាងកក កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

តុលាការ​ថៃ​ថា លោក Thanathorn Juangroongruangkit បាន​រំលោភ​ច្បាប់​ដោយ​កាន់កាប់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​បណ្តាញ​ព័ត៌មាន​ខណៈ​ដែល​កាន់​តំណែង​នៅ​ក្នុង​រដ្ឋសភា ​ក៏ប៉ុន្តែ​លោក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

តុលាការ​ថៃ ​កាល​ពី​ថ្ងៃ​ពុធសប្តាហ៍​មុន ​បានកាត់​ទោស​ឲ្យ​លោក Thanathorn Juangroongruangkit មេដឹកនាំ​គណបក្ស​ប្រឆាំង​មាន​ទោស​ពី​ការកាន់​កាប់​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុម​ហ៊ុន​បណ្តាញ​ព័ត៌មាន​ខណៈកាន់​តំណែង​នៅ​ក្នុង​សភា ជា​ការ​រំលោភ​ច្បាប់​បោះ​ឆ្នោត​ថៃ​ ដែល​ដក​តំណែង​តារា​កំពុង​រះ​នៃ​ចលនា​គាំទ្រ​លទ្ធិ​ប្រ​ជាធិបតេយ្យ​របស់​ថៃ​ចេញ​ពី​សភា។

តុលាការ​រដ្ឋ​ធម្មនុញ្ញ​បាន​កាត់​សេចក្តី​ថា ​លោក​សមាជិក​សភា​ និង​ប្រធាន​គណបក្ស​ Future Forward ​មិន​បាន​ផ្ទេរ​ភាគ​ហ៊ុន​របស់​លោក​នៅ​ក្នុង​ក្រុម​ហ៊ុន​បណ្តាញ​ព័ត៌មាន V-Luck មុន​ពេល​ចុះ​ឈ្មោះនៅ​ក្នុងការ​បោះ​ឆ្នោត​សាកល​ថៃ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី២៤ ​ខែមីនា ​ដែល​ជា​ការ​បោះ​ឆ្នោត​លើកដំបូង​របស់​ថៃ​បន្ទាប់​ពី​ការដឹកនាំ​របស់​ពួក​យោធា​អស់​រយៈ​ពេល​៥ឆ្នាំ។

លោក Thanathorn បាន​បដិសេធ​ថា លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ ​ហើយ​បាន​ហៅ​ករណី​នេះ​ជា​ហេតុផល​ខាង​នយោបាយ រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ពួក​យោធា​ដែល​ទទួល​បាន​អំណាច​បន្ទាប់​ពី​ការ​បោះឆ្នោត​ដែល​ពោរពេញ​ទៅ​ដោយ​ការ​សៅហ្មង​និង​ដែល​មាន​ភាព​មិន​ប្រាកដ​ប្រជា។

បន្ទាប់ពី​សាលក្រមនៅ​ថ្ងៃ​នោះ លោកស្រី Pannika Wanich អ្នកនាំ​ពាក្យ​គណ​បក្ស​Future Forward ​បាន​ច្រាន​ចោល​ការ​សន្និដ្ឋាន​ថា ​ការ​សម្រេច​របស់​តុលា​ការ​នោះ ​នាំ​ឲ្យ​គណបក្ស​ស្ថិត​នៅ​ក្នុង​ភាព​គ្រោះ​ថ្នាក់។

លោក​ស្រី​ បាន​ប្រាប់ VOAថា «ការ​សម្រេច​របស់​តុលាការ​នោះ ​មិន​ប៉ះពាល់​គណបក្ស​ឬ​ការងារ​នយោបាយ​របស់​លោក​ទេ ពីព្រោះតែ​លោក Thanathorn ស្ថិត​នៅ​ជា​មេដឹក នាំ​គណបក្ស​ហើយ​និង​ជា​បេក្ខជន​នាយករដ្ឋ​មន្រ្តី​របស់​យើង ​ដូច្នេះ ​ការងារ​របស់​គណបក្ស​នៅ​បន្ត​នៅ​ក្នុង​រដ្ឋសភា ​និង​ខាង​ក្រៅ​រដ្ឋ​សភា»។

ទោះ​ជា​យ៉ាង​ណា​ក្តី លោកស្រី Pannika មិន​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​ការ​កាត់ទោស​នោះ ​ជា​ការ​ត្រឹមត្រូវ​ដែរ​ឬ​ទេ ដោយ​ភ័យខ្លាច​ថា គណបក្ស​របស់​លោកស្រី​មានបញ្ហា​ផ្លូវ​ច្បាប់​ថែម​ទៀត។

លោកស្រី បាន​មាន​ប្រសាសន៍​ទៀត​ថា «តាម​ច្បាប់ ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អំពី​សាលក្រម​នោះ​ទេ ​ក៏ប៉ុន្តែ ​ខ្ញុំ​គិត​ថា ពល​រដ្ឋ​គ្រប់​រូប​ក្នុង​ប្រទេស​ថៃ ​បន្ទាប់​ពី​ពួកគេ ​ស្តាប់​ការ​បង្ហាញ​ហេតុផល​របស់​តុលាការ ​ពួកគេ​អាច​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​ថាតើ​មាន​យុត្តិធម៌ ឬ​ក៏​អត់​នៅ​ក្នុង​រឿងក្តី​នេះ»។

លោក Thanathorn ក៏​អាច​ប្រឈមមុខ​ការ​ជាប់​ពន្ធនាគា​រហូត​ដល់​១០ឆ្នាំ​ និង​ហាមឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​២០​ឆ្នាំ ​ប្រសិន​បើ ​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​បញ្ជូន​រឿងក្តី​នេះ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​នៅ​ពេល​ឥឡូវ​នេះ ។

សភា​ដើម្បី​សិទ្ធិ​មនុស្ស​របស់​អាស៊ាន​ឬ APHR ​ជា​អតីត​ក្រុម​សមាជិក​សភា និង​ក្រុម​សមាជិក​សភា​ដែល​កំពុង​បម្រើ​ការងារ​ មកពី​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ​បាន​ថ្កោល ទោស​សាល​ក្រម​នោះ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍។

លោកCharles Santiagoសមាជិក​សភា​ម៉ាឡេស៊ី​និង​ជា​ប្រធាន​សភា​ដើម្បី​សិទ្ធិ​មនុស្ស​របស់​អាស៊ាន​ ឬ APHR បាន​ត្រូវគេ​ដក​ស្រង់​សម្តីថា «ការ​សម្រេច​នៅ​ថ្ងៃ​នេះ ជា​ការ​ចង្អុល​បង្ហាញ​មួយ​ទៀត​ថា ​ថ្វីបើ​មាន​ការ​បោះឆ្នោត​នៅ​ឆ្នាំ​នេះ​ក៏​ដោយ ​ពួក​អាជ្ញាធរ​ថៃ ​មិន​បាន​ប្រុងប្រៀប​ខ្លួន​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​បើក​ចំហ ​និង​សេរី​ទេ»។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា «រឿងក្តី​នេះ ត្រូវ​តែ​ពិនិត្យ​មើល​ក្នុង​បរិបទ​ធំ​ទូលាយ​ដែល​ថា សមាជិក​គណបក្ស​ប្រឆាំង​និង​គណបក្ស​នានា ​ហើយ​ជា​ពិសេស​គណបក្ស​ឆ្ពោះ​ទៅ​មុខ​នៅ​ថ្ងៃ​អនាគត ​បាន​ត្រូវ​ស្ថាប័ន​ឯករាជ្យ​របស់​ថៃ​រក​រឿង។ សញ្ញា​ទាំងអស់​នេះ ​ចង្អុល​បង្ហាញ​ដល់​ការ​ប៉ុនប៉ង​សម្រប​សម្រួល​គ្នា​ដើម្បី​បំបិទមាត់​គណបក្ស​មួយ​ដែល​បាន​គំរាម​កំហែង​ដល់​ស្ថានភាព​នៅ​ដ​ដែលនៅ​ក្នុង​ការ​អនុវត្តការ​ធ្វើ​កំណែ​ទម្រង់​តាម​រដ្ឋធម្មនុញ្ញ»។

គណបក្ស​ Future Forward បាន​ចាប់​ផ្តើម​ចូលឆាក​នយោបាយ​នៅ​ក្នុង​ការ​បោះឆ្នោត​ខែមីនា ​បាន​បញ្ចប់​ដោយ​បាន​ទទួល​ចំណាត់​ថ្នាក់​ទី៣​នៅ​ក្នុង​ការបោះ​ឆ្នោត​ដោយផ្ទាល់។ ដោយ​ការ​ជំរុញ​គោល​នយោបាយ​ជឿនលឿន​នៃ​សិទ្ធិ​របស់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា ឬ LGBT បញ្ចប់​ការកេណ្ឌ​ទាហាន ​កាត់​បន្ថយ​ការ​ចំណាយ​វិស័យ​ការពារ​ប្រទេស​ ហើយ​និង​កាត់​បន្ថយ​បុព្វសិទ្ធិ​របស់​ពួកយោ​ធា​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ ​គណបក្ស​នេះ​បាន​ទទួល​សំឡេង​ឆ្នោត​មួយ​ចំនួន​តូចពី​យុវ​ជន ​ភាគច្រើន​នៅ​ក្នុង​រាជធានី​បាងកក។

គណបក្ស​នេះ ក៏​បាន​ជំទាស់​ប្រឆាំង​នឹង​ការ​ក្តោប​ក្តាប់​អំណាច​របស់​ព្រះ​មហាក្សត្រថ្មី​ Maha Vajiralongkorn នៃ​ប្រទេស​ថៃ​ផង​ដែរ ​នៅ​ក្នុង​ប្រទេស​មួយ​ដែលរាជាធិបតេយ្យ​មិន​អាច​ប៉ះពាល់​បាន ​ហើយ​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​ប្រមាថ​ព្រះ​ជេស្តា​ដ៏​តឹងរ៉ឹង។​ពួក​សមាជិក​សភា​របស់​ណបក្ស​នេះ ​កាល​ពីពេល​ថ្មីៗ​នេះ ​បាន​បោះ​ឆ្នោតប្រឆាំងសេចក្តី​ព្រាង​ច្បាប់ដែល​បាន​ដាក់​អង្គភាព​យោធា​សំខាន់ៗ​២​នៅ​ក្រោមការ​ត្រួតត្រា​ដោយ​ផ្ទាល់​របស់​ព្រះអង្គ ក៏ប៉ុន្តែ មិន​បាន​ធ្វើ​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​ទទួល​បាន​ការ​អនុម័ត​ឡើយ។

ការងើប​ឡើង​ភ្លាមៗ​នៃ​គណបក្ស Future Forward និង​មេដឹកនាំ​ប្រកប​ដោយ​អំណោយទាន​គឺមហា​សេដ្ឋី​ក្រុមហ៊ុន​គ្រឿង​បម្លាស់​រថយន្ត ​បាន​ធ្វើ​ឲ្យ​រង្គើ​ដល់​ស្ថាប័ន​រាជានិយម​និង​ស្ថាប័ន​គាំទ្រ​យោធា​ថៃ បាន​ធ្វើ​ឲ្យ​លោក Thanathorn និង​សមាជិក​ផ្សេង​ទៀត​របស់​គណបក្ស​រងការ​ប្តឹង​ជាង​២០។

រឿងក្តី​របស់​ក្រុមហ៊ុន V-Luck បាន​ចាប់ផ្តើម​កាលពី​ខែ​ឧសភា ​នៅពេល​ដែល​គណៈ​កម្មការ​រៀប​ចំ​ការ​បោះឆ្នោត ​បាន​ចោទ​ប្រកាន់​លោក Thanathorn ពី​ការ​រំលោភ​ច្បាប់​ចំពោះ​ការ​កាន់កាប់​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​បណ្តាញ​ព័ត៌មាន V-Luck ​បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​ឈរ​ឈ្មោះ​នៅក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​មីនា​ហើយ​បាន​បញ្ជូន​រឿងក្តី​នេះ​ទៅ​កាន់​តុលាការ​ធម្មនុញ្ញ។

តាម​សំណើ​របស់​គណៈកម្មការ​នោះ ​តុលាការ ​បាន​បញ្ឈប់​លោក Thanathorn ពី​សភា​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក។

លោក Thanathorn បាន​អះអាង​ថា ​លោក ​បាន​ផ្ទេរ​ភាគហ៊ុន​របស់​លោក​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​ទៅ​ឲ្យ​ម្តាយ​របស់​លោក​មួយ​ខែ​មុន​ការ​ចុះ​ឈ្មោះ​ជា​បេក្ខជន​នៅ​ថ្ងៃ​ទី៦ ​ខែ​កុម្ភៈ ដោយ​មានលិខិត​នៃ​ការ​ផ្ទេរភាគ​ហ៊ុន​នោះ​ដែល​បាន​ចុះ​ហត្ថលេខា​ដោយ​សាការី។

ក្រុមហ៊ុន​នោះ ​បាន​ដក​លោក​ចេញ​ពី​បញ្ជី​ភាគហ៊ុន​របស់​ក្រុមហ៊ុន​៣ថ្ងៃ​មុន​ការ​បោះ ឆ្នោត​នៅ​ថ្ងៃ​ទី២៤ ​ខែមីនា ក៏ប៉ុន្តែ លោក Thanathorn បាន​ជជែក​ឲ្យ​ហេតុ​ផល​ថា ការ​ផ្ទេរ​ភាគ​ហ៊ុន ​ជា​ផ្លូវការ ​នៅពេល​ដែល​លោក ​បាន​ចុះ​ហត្ថលេខា។ ក្រុមហ៊ុន​បាន​បញ្ឈប់​កិច្ចប្រតិបត្តិការ​កាល​ពី​ឆ្នាំ​មុន។

សមាជិក​សភា​ផ្សេង​ទៀត ​ក៏​បាន​ស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​ចំពោះ​ការ​កាន់​កាប់​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​បណ្តាញ​ព័ត៌មាន​ខណៈ​ដែល​កំពុង​ឈរឈ្មោះ​ជាបេក្ខជន​សភា ក៏ប៉ុន្តែ​ លោក Thanathorn ជា​មនុស្ស​តែ​ម្នាក់​គត់ដែល​ត្រូវ​បាន​បញ្ឈប់​ដោយ​ផ្អែកការ​សម្រេច​របស់​តុលាការ។

លោក Pitch Pongsawat ជា​សាស្រ្តាចារ្យ​ជំនួយ​ខាង​វិទ្យាសាស្រ្ត​នយោបាយ​នៅ​ឯ​សាកល​វិទ្យាល័យ Chulalongkorn នៃ​ប្រទេស​ថៃ ​និយាយ​ថា តុលាការ ​ប្រាកដ​ជា​ស៊ើបអង្កេត​លោកThanathorn។

លោក​សាស្រ្តាចារ្យ​បាន​និយាយ​ថា «វា​ជា​សញ្ញា​យ៉ាង​ច្បាស់ចាប់​តាំង​ពី​ដំបូង​មក​ថា លោក Thanathorn ជា​ទីដៅ។ ហើយ​ឥឡូវនេះ ​ការណ៍​នេះ ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ពួកគេ ​មិន​ចង់​ឲ្យ​លោក Thanathorn ស្ថិត​នៅ​ក្នុង​សភា»។

​លោក Pitch និយាយថា អ្វី​ដែលធ្វើ​ឲ្យ​គណបក្ស Future Forward គំរាម​កំហែង​ដល់​គណបក្ស​ចាស់ៗគឺ មិន​ត្រឹម​តែមូល​ដ្ឋាន​បោះឆ្នោត​របស់​គណបក្ស​នោះ​ទេ។​ គណបក្ស​នេះ​មាន​ប្រជាប្រិយភាព​ទាំង​ក្នុង​តំបន់​ជនបទ ​ទាំង​នៅ​តាម​ទីក្រុង។

លោក និយាយ​ថា «ប្រជារាស្រ្ត​គិត​ថា គណបក្ស​នេះ​ជា​គណបក្សរបស់​មនុស្ស​១​ជំនាន់ ក៏ប៉ុន្តែ ​តាមការ​ពិត ​វា​មិនមែន​ទេ»។

លោក ​បាន​និយាយ​ទៀត​ថា «លោក Thanathorn មិនមែន​ជា​គណបក្ស​ជំនាន់​ក្មេងៗ​ទេ លោក Thanathorn ជា​គណបក្ស​អត្តសញ្ញាណ​នយោបាយ​ថ្មី។ ដូច្នេះ ​នៅពេល​ដែល​លោក​អ្នក​និយាយ​អំពី​អត្តសញ្ញាណ​នយោបាយ ​គណបក្ស​ Future Forward បាន​បង្កើត​អត្តសញ្ញាណ​នយោបាយ​ជោគជ័យ​ដែល​មាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាសាស្រ្ត​ទូទៅ។ លោក Thanathorn មិន​ត្រឹម​តែ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​យុវជន​ក្មេងៗ​ទេ ​លោក​ក៏​មាន​ប្រជា​ប្រិយភាព​ក្នុង​ចំណោមមនុស្ស​ជឿនលឿន​ជា​ច្រើន​ទៀត»។

លោក Pitchបាន​និយាយថា ​តុលាការ មិន​ទំនងធ្វើ​ឲ្យ​មេដឹកនាំ​គណបក្ស​ Future Forward ​ជាប់​ពន្ធនាគារ​អំពី​ការ​ចោទ​ប្រកាន់​នេះ ​ដែល​លោក​ជឿ​ថា ​ការ​កាត់​ទោស​នេះ​គ្រាន់​តែ​បណ្តេញ​លោក​ចេញ​ពីសភា​ ហើយ​និង​រំខាន​គណ​បក្ស​នេះ​កុំ​ឲ្យ​ស្វះស្វែង​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​តែប៉ុណ្ណោះ។

លោក​បាន​និយាយ​ទៀត​ថា ភាព​គ្រោះថ្នាក់កាន់​តែ​ខ្លាំង​ឡើង ​កើតចេញ​ពី​ការ​ស៊ើប អង្កេត​ដែល​កំពុង​បន្ត​ធ្វើ​ឡើង​របស់​គណៈកម្មការ​រៀប​ចំ​ការ​បោះឆ្នោតពី​ប្រាក់​កម្ចីផ្ទាល់​ខ្លួន​យ៉ាង​ច្រើន​ដែលលោក Thanathorn បាន​ផ្តល់​ឲ្យ​គណបក្ស​ដ៏​ក្មេង​ខ្ចី​របស់​លោក​ដើម្បីធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ដែល​រងការ​ចោទ​ប្រ​កាន់​ពី​ការ​ប្រើ​ហួស​ការ​កំណត់​យ៉ាង​ច្រើន។ រឿងក្តី​នេះ​ធ្វើឲ្យ​គ្រោះថ្នាក់​មិន​ត្រឹមតែ​លោក Thanathorn ទេ ​ក៏ប៉ុន្តែ សហការី​របស់​មេដឹកនាំ​នៃ​គណបក្ស Future Forward និង​គណបក្ស​ខ្លួន​ឯង​ផង​ដែរ៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG