នៅក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ប្រទេសប៉ាគីស្ថាន នេប៉ាល់ និងមីយ៉ាន់ម៉ាបានបញ្ជាក់អះអាងអំពីការលុបចោលនូវគម្រោងវារីអគ្គិសនីដ៏ធំចំនួន ៣ ដែលក្រុមហ៊ុនចិនគ្រោងនឹងអនុវត្ត។ ការបដិសេធនូវគម្រោងទាំង ៣ ដែលមានទឹកប្រាក់ជិត ២០ ពាន់លានដុល្លារអាមេរិកនេះ គឺបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់គម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ ដែលជាគម្រោងភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មដ៏មានមហិច្ឆតារបស់ចិន។
រដ្ឋាភិបាលប៉ាគីស្ថានបានលើកឡើងពីលក្ខខណ្ឌហិរញ្ញវត្ថុតឹងតែងដែលចិនដាក់ឲ្យថាជាមូលហេតុដែលខ្លួនលុបចោលនូវគម្រោងទំនប់វារីអគ្គិសនី Diamer-Bhasha ដែលមានទឹកប្រាក់ ១៤ លានដុល្លារ។
ចំណែកឯឧបនាយករដ្ឋមន្ត្រីនេប៉ាល់វិញ កាលពីពេលថ្មីៗនេះ បានប្រកាសអំពីការសម្រេចចិត្តលុបចោលនូវកិច្ចសន្យាគម្រោងវារីអគ្គិសនីដែលមានទឹកប្រាក់ ២ ពាន់ ៥ រយលានដុល្លារអាមេរិក ដោយចោទក្រុមហ៊ុនចិនអំពីភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ។
រីឯប្រទេសមីយ៉ាន់ម៉ា ដែលបានបញ្ឈប់គម្រោងទំនប់វារីអគ្គិសនីចិនដែលមានទឹកប្រាក់ ៣ ពាន់ ៦ រយលានដុល្លារអាមេរិក កាលពី ៣ ឆ្នាំមុន បានអះអាងកាលពីខែមុនថា ខ្លួនមិនមានការចាប់អារម្មណ៍ទៅលើគម្រោងវារីអគ្គិសនីធំៗនោះទេ។
ការសម្រេចចិត្តរបស់បណ្ដាប្រទេសជិតខាងប្រទេសចិនទាំងនេះ អាចមានន័យថាជាការធ្វើឲ្យបាត់បង់ដ៏ធ្ងន់ធ្ងរសម្រាប់កេរ្តិ៍ឈ្មោះគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន។
អ្នកវិភាគនានាបាននិយាយថា ទោះបីជាមានមូលហេតុនយោបាយ និងសេដ្ឋកិច្ចផ្សេងៗគ្នាចំពោះការសម្រេចចិត្តបញ្ឈប់គម្រោងទាំងនេះក៏ដោយ ក៏គេឃើញមានការទទួលស្គាល់កើនឡើងក្នុងចំណោមបណ្ដាប្រទេសក្រីក្រថា សំណើរបស់ប្រទេសចិនក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ នឹងមានផលប៉ះពាល់អវិជ្ជមាន៕