នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បានថ្លែងកាលពីចុងខែតុលាថា ការចរចាស្តីពីការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួនដោយក្រុម Hamas កំពុងដំណើរការទៅមុខ។ ដោយចំណាប់ខ្មាំងភាគច្រើនក្នុងចំណោមជាង ២០០ នាក់នៅតែជាប់ឃុំ ឬមិនទាន់មានព័ត៌មាន ហើយតំបន់ហ្កាហ្សានឹងមិនមានអាហារ ទឹក និងអគ្គិសនីក្នុងពេលឆាប់ៗ សម្ពាធអន្តរជាតិធ្លាក់ទៅលើរដ្ឋឈូងសមុទ្រនេះដើម្បីជួយធានាការដោះលែងពួកគេ។
ទំនាក់ទំនងការងាររបស់កាតាជាមួយក្រុម Hamas និងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៧ ខែតុលា ដែលឱ្យអ៊ីស្រាអែលទទួលខុសត្រូវទាំងស្រុងចំពោះការកើនឡើងនៃអំពើហិង្សាបានជំរុញឱ្យមានកំហឹងជាសាធារណៈនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែអ្នកវិភាគមើលឃើញថា ប្រទេសនេះជាតួអង្គសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលជម្លោះ។
មេដឹកនាំប្រទេសកាតាដើរតួគន្លឹះក្នុងការធានាការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល។ មន្ត្រីកាតាបានជួយសម្របសម្រួលកិច្ចព្រមព្រៀងមួយសម្រាប់ការដោះលែងស្ត្រីជនជាតិអ៊ីស្រាអែល ២ នាក់ដែលឃុំខ្លួនដោយក្រុម Hamas នៅថ្ងៃទី២៣ ខែតុលា ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសនេះបានចរចាដោះលែងលោក Judith និងអ្នកស្រី Natalie Raanan ដែលជាប្តីប្រពន្ធ។
កាតាមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកជាយូរយារណាស់មកហើយ។ ប្រទេសដែលសម្បូរទៅដោយឧស្ម័ននេះធ្វើជាម្ចាស់ផ្ទះទទួលយោធាដ៏ធំរបស់សហរដ្ឋអាមេរិក ដែលជាមូលដ្ឋានដ៏ធំបំផុតមួយនៅក្នុងតំបន់ នៅមូលដ្ឋានទ័ពអាកាស Al Udeid ។ មូលដ្ឋាននេះត្រូវបានសាងសង់ឡើងដោយជនជាតិកាតាក្នុងឆ្នាំ១៩៩៦ ហើយបានទទួលការទទួលស្គាល់ពីសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០០២ នៅពេលដែលអនុប្រធានាធិបតី លោក Dick Cheney បានធ្វើទស្សនកិច្ចទៅទីនោះ។
ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសនេះមានតាំងពីឆ្នាំ១៩៧២ ហើយផ្តោតលើបញ្ហាសន្តិសុខ ថាមពល និងការអប់រំក្នុងតំបន់។ ប្រទេសកាតាសហការជាមួយយោធាអាមេរិក លើផ្នែកប្រឆាំងភេរវកម្ម និងប្រឆាំងអំពើជ្រុលនិយម ដែលមានប្រតិបត្តិការនៅឆ្ងាយៗដូចជាតំបន់ស្នែងអាហ្វ្រិកជាដើម។
បន្ទាប់ពីពួកតាលីបង់បានកាន់កាប់អាហ្វហ្គានីស្ថានទាំងស្រុងក្នុងខែសីហា ឆ្នាំ២០២១ តួនាទីរបស់កាតាក្នុងការសម្របសម្រួលការចាកចេញដោយសុវត្ថិភាពរបស់មនុស្សរាប់ម៉ឺននាក់ រួមទាំងពលរដ្ឋអាមេរិក និងអ្នកម៉ៅការ មានតម្លៃខ្លាំងណាស់សម្រាប់រដ្ឋាភិបាលអាមេរិក។
អ្នកជម្លៀសជិត ៤០% នៃមនុស្សទាំងអស់បានចាកចេញដោយឆ្លងកាត់តាមប្រទេសកាតា។
ក្នុងប៉ុន្មានឆ្នាំមុនឈានទៅដល់ការកាន់កាប់របស់ក្រុមតាលីបង់ ប្រទេសកាតាបានដើរតួយ៉ាងសំខាន់ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរវាងមន្ត្រីសហរដ្ឋអាមេរិក និងសមាជិកក្រុមតាលីបង់នៅរដ្ឋធានីដូហា ដែលដឹកនាំដោយបេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Zalmay Khalilzad ។ ខណៈដែលកិច្ចពិភាក្សាបានបរាជ័យនៅទីបំផុត ពួកគេបានបង្ហាញពីការពឹងផ្អែករបស់សហរដ្ឋអាមេរិកលើប្រទេសកាតាជាអន្តរការីដ៏សំខាន់។
សម្រាប់កិច្ចខិតខំប្រឹងប្រែងទាំងនេះ និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានកំណត់ប្រទេសកាតាជាសម្ពន្ធមិត្តដែលមិនមែនជាសមាជិកអង្គការអូតង់ដ៏សំខាន់មួយនៅក្នុងខែមីនា ឆ្នាំ២០២១។
លោកប្រធានាធិបតីបានសរសេរនៅក្នុងលិខិតមួយទៅសភាថា «ខ្ញុំកំពុងធ្វើការកំណត់បែបនេះក្នុងការទទួលស្គាល់ការរួមចំណែកជាច្រើនឆ្នាំរបស់កាតាចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់នៃការទទួលខុសត្រូវរបស់បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក និងក្នុងការទទួលស្គាល់ផលប្រយោជន៍ជាតិផ្ទាល់របស់យើងក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខទ្វេភាគីជាមួយរដ្ឋកាតាកាន់តែស៊ីជម្រៅ»។
ថ្មីៗនេះ ប្រទេសកាតាបានសម្របសម្រួលការដោះលែងអ្នកទោសអាមេរិកចំនួន៥នាក់ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ីរ៉ង់ក៏ដូចជាការដោះលែងកុមារអ៊ុយក្រែនដែលត្រូវបានឃុំខ្លួនដោយប្រទេសរុស្ស៊ី។
កំណត់ត្រាដ៏ល្អមួយ
ប្រទេសកាតាបានចាប់ផ្តើមដើរតួជាអ្នកសម្រុះសម្រួលដែលអាចជឿទុកចិត្តបានជាច្រើនឆ្នាំមកហើយ។
ក្នុងឆ្នាំ២០០៨ នៅពេលដែលក្រុម Hezbollah បានកាន់កាប់ហេដ្ឋារចនាសម្ពន្ធសំខាន់ៗនៅក្នុងប្រទេសលីបង់ រួមទាំងអាកាសយានដ្ឋាន និងកំពង់ផែសំខាន់ៗ ប្រទេសកាតាបាននាំក្រុម Shiite និងគូប្រជែងដែលគាំទ្រដោយលោកខាងលិចមកតុចរចា។ កិច្ចពិភាក្សានាំឱ្យមានកិច្ចព្រមព្រៀងដូហា ដែលរារាំងវិបត្តិមិនឱ្យវិវត្តទៅមុខ និងធ្វើឱ្យប្រទេសលីបង់ធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលមួយផ្សេងទៀត។
ទំនាក់ទំនងការងាររបស់កាតាជាមួយគូប្រជែងបែបប្រពៃណីរបស់អាមេរិកដូចជាអ៊ីរ៉ង់ និងរុស្ស៊ី ឬក្រុមមិនមែនរដ្ឋដូចជាក្រុម Hamas និងតាលីបង់ បានធ្វើឱ្យប្រទេសនេះក្លាយជាដៃគូដែលមិនអាចកាត់ថ្លៃបានសម្រាប់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់អ្នកសារព័ត៌មាននៅសន្និសីទកាសែតមួយនៅក្នុងក្រុងដូហា កាលពីថ្ងៃទី១៣ ខែតុលាថា «កាតាជាដៃគូដ៏ជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកលើបញ្ហាជាច្រើនដែលមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីររបស់យើង និងនៅក្នុងតំបន់នេះ រាប់ចាប់ពីការធ្វើការរួមគ្នាលើការជម្លៀសជនជាតិអាមេរិក អាហ្វហ្គានីស្ថាន និងអ្នកផ្សេងទៀតពីអាហ្វហ្គានីស្ថាន រហូតដល់ការសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបទៅនឹងភាពអាសន្នផ្នែកមនុស្សធម៌ ដូចជាការរញ្ជួយដីដ៏អាក្រក់នៅតួកគី និងនៅក្នុងប្រទេសស៊ីរី»។
ក្រុមអ្នកវិភាគថា សមត្ថភាពរបស់ប្រទេសកាតាក្នុងការរក្សាទំនាក់ទំនងល្អជាមួយក្រុមប្រដាប់អាវុធមិនមែនរដ្ឋ និងតួអង្គរដ្ឋដូចជារុស្ស៊ី និងអ៊ីរ៉ង់ ខណៈដែលនៅតែជាដៃគូយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិក នឹងបន្តពង្រឹងសារៈសំខាន់របស់ខ្លួននៅលើឆាកពិភពលោក។
អ្នកស្រី Lina Khatib ដែលនាយិកាវិទ្យាស្ថាន SOAS Middle East នៅសាកលវិទ្យាល័យ SOAS នៃទីក្រុងឡុងដ៍នៅក្នុងអត្ថបទមួយសម្រាប់ទស្សនាវដ្តី Barron បានសរសេរថា «កាតាកំពុងរៀបចំសមិទ្ធិផលនេះ និងការសរសើរផ្សេងៗដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ជាភស្តុតាងដែលថា វាមានភាពត្រឹមត្រូវនៅក្នុងយុទ្ធសាស្រ្តរបស់ខ្លួនក្នុងការរក្សាទំនាក់ទំនងបើកចំហជាមួយតួអង្គប្រឆាំងជាច្រើន។ តួនាទីរបស់ប្រទេសនេះនៅក្នុងជម្លោះនាពេលបច្ចុប្បន្ននឹងបង្កើនមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់ខ្លួន។ អ្នកស្រីក៏ជាសហការីនៅអង្គការ Chatham House ផងដែរ។
អ្នកផ្សេងទៀតថា ការមានទំនាក់ទំនងនឹងក្រុមដូចជាក្រុម Hamas នឹងនាំឱ្យមានការត្រួតពិនិត្យកាន់តែខ្លាំងចំពោះប្រទេសកាតា ដែលជាប្រទេសនាំចេញឧស្ម័នធម្មជាតិធំជាងគេទីបីរបស់ពិភពលោក និងជាប្រទេសដែលមានពលរដ្ឋត្រឹមតែ ៣០០.០០០ ប៉ុណ្ណោះ។
លោក Mehran Kamrava សាស្ត្រាចារ្យរដ្ឋាភិបាលនៅសាកលវិទ្យាល័យ Georgetown Qatar ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Financial Times បានថ្លែងថា «វាជាដាវមុខពីរ ហើយជនជាតិកាតាត្រូវតែមានសារត្រឹមត្រូវ ពីព្រោះទោះបីជាជនជាតិអាមេរិកបានសម្តែងការដឹងគុណ និងទទួលបានការសរសើរពីសហរដ្ឋអាមេរិកក៏ដោយ ក៏រូបភាពរបស់ពួកគេកំពុងមានស្នាមជាំដែរ»៕