ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​កសិកម្ម​រង់​ចាំ​ការ​ឯកភាព​គ្នា​លើ​ដី​១៧០​ហិកតា​ករណី​កាត់​ដី​ពី​ក្រុមហ៊ុន​វៀតណាម ​HAGL ​​ឲ្យ​ជនជាតិ​ដើម​ភាគតិច​នៅ​រតនគិរី


រូបឯកសារ៖ ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai) ដែល​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ក្នុង​ស្រុក​អណ្តូងមាស និង​អូរជុំ រង​ផល​ប៉ះពាល់ ។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai) ដែល​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ក្នុង​ស្រុក​អណ្តូងមាស និង​អូរជុំ រង​ផល​ប៉ះពាល់ ។ (ស៊ុន ណារិន/VOA)

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ថា​ក្រសួង​រង់​ចាំ​ការ​វាស់​វែង​ឯក​ភាព​គ្នាបន្ត​ទៀត​លើ​ទំហំ​ដី​ជម្លោះ​រវាង​ក្រុមហ៊ុន​វៀតណាម​ហ័ងអាញ់ យ៉ាឡាយ​(HAGL)​និង​ជនជាតិ​ដើម​ភាគ​តិច ​មុន​នឹង​កាត់​ទៅ​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ស្រុក​អណ្តូង​មាស ​ខេត្ត​រតនគិរី។​

កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៩ ​ក្រុមហ៊ុន​វៀតណាម​បាន​ឯកភាព​កាត់​ដី​ជាង​៦០​កន្លែង​ដើម្បី​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ។​ ក្នុង​នោះ​មាន​ដី​ព្រៃ​អារក្ស​ តំបន់​ទឹកអូរ​ធម្មជាតិ ​ព្រៃ​ចម្ការ​វិល​ជុំ ​តំបន់​ភ្នំ ​និង​ដី​ព្រៃ​កប់​សព​ជាដើម។​ ប៉ុន្តែ​ការ​ឯកភាព​នេះ​ត្រូវ​រង់​ចាំ​ការ​សម្រេច​ពី​ក្រសួង​កសិកម្ម។​

លោក ​ស្រី វុឌ្ឍី ​អ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម ​ប្រាប់​ VOA​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​កន្លងមក​មាន​កិច្ច​សហការ​សម្រប​សម្រួល​ដោះស្រាយ​រវាង​ក្រុមហ៊ុន ​សហគមន៍​អ្នក​តវ៉ា​ទាមទារ​ដី ​ការិយាល័យ​ទីប្រឹក្សា​ដោះ​ស្រាយ​វិវាទ​ CAO​និង​អាជ្ញាធរ​មូលដ្ឋាន។ លោក​បន្ត​ថា​ ​លទ្ធផល​នៃ​ដំណើរការ​សម្រប​សម្រួល​ដោះ​ស្រាយ​ ក្រុម​ការងារ​កំណត់​បាន​ទំហំ​ផ្ទៃ​ដី​ដែល​ត្រូវ​កាត់​ចេញ​ពី​ដីសម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​៧៤២,២៦​ហិកតា​ និង​មាន​ការ​ឯកភាព​ពី​អភិបាល​ខេត្ត​រតនគិរី។​

បើ​តាម​លោក ​ស្រី វុឌ្ឍី​ បន្ទាប់​ពី​ទទួល​បាន​សំណើ​របស់​អភិបាល​ខេត្ត​រតនគិរី ​ក្រសួង​បាន​ចាត់​ក្រុម​ការងារ​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​លើ​ករណី​នេះ។ ​លោក​បន្ត​ថា ក្រុមការងារ​ខេត្ដ​ដែល​ជា​អ្នក​ចុះ​សិក្សា​កំណត់​ទីតាំង​ដី​ពាក់ព័ន្ធ​ជា​មួយ​ប្រជា​ពលរដ្ឋ​ចំនួន​១២​ភូមិ ​តំណាង​សហគមន៍​ប្រជា​ពលរដ្ឋ ​និង​ក្រុម​ការងារ​ដោះស្រាយ​វិវាទ ​CAO។ ​

អ្នក​នាំពាក្យ​រូប​នោះ​ឲ្យ​ដឹង​ទៀត​ថា​ ​ទំហំ​តួលេខ​ផ្ទៃ​ដី​ដែល​ស្នើ​សុំ​កាត់​នោះ​នៅ​មិន​ទាន់​មាន​ឯកភាព​គ្នា​នៅ​ឡើយ​ ដោយ​សារ​ខេត្ត​ស្នើ​សុំ​កាត់​ចេញ​ពី​ដីសម្បទាន​ចំនួន​៧៤២,២៦​ហិកតា​ ហើយ​ផ្ទៃ​ដី​ឯកភាព​គ្នា​មានចំនួន​៥៧២​ និង​ផ្ទៃ​ដី​មិន​ទាន់​បាន​ឯកភាព​គ្នា​មាន​ប្រមាណ​១៧០​ហិកតា។​

លោក ​ស្រី វុឌ្ឍី បញ្ជាក់​ថា៖​ «ដោយ​តួលេខ​មិន​ឯកភាព​គ្នា​ អង្គ​ប្រជុំ​បាន​សម្រេចៈ​ស្នើ​សហគមន៍​ ​ប្រជា​ពលរដ្ឋ ក្រុម​ហ៊ុន ​ក្រុម​ការងារ​ខេត្ត ​ក្រុមការងារ​ CAO​និង​អាជ្ញាធរ​មូលដ្ឋាន​ពិនិត្យ​ឡើងវិញ​ពី​ទំហំ​ផ្ទៃដី​ដែល​ត្រូវ​កាត់​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ចឲ្យ​មាន​ឯកភាព​គ្នា»។

លោក​បន្ត​ថា​ ​បន្ទាប់​ពី​បាន​ឯកភាព​គ្នា ​ក្រុម​ការងារ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេសាទ ​និង​អាជ្ញាធរ​ខេត្ត​នឹង​ចុះ​ទៅ​ពិនិត្យ​ជាក់​ស្តែង​ដល់​ទីតាំង​ដើម្បី​ពិនិត្យ​បន្ថែម។​

លោក​មាន​ប្រសាសន៍​ថា៖​ «យូរ​ ឬ​ឆាប់​អាស្រ័យ​លើ​ក្រុម​ការងារ»។ ​

នៅ​ថ្ងៃ​ច័ន្ទ​នេះ ​អង្គការ​សមធម៌​កម្ពុជាបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​នេះ​ជា​បន្ទាន់ ​និង​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​ខុសត្រូវ​តាម​ការសន្យា​ ប្រគល់​ដីជូន​សហគមន៍​វិញ។ ​ អង្គការ​សម​ធម៌​កម្ពុជា​ឲ្យ​ដឹង​ថា ​នៅ​ពេល​រង់ចាំ​ការ​សម្រេច​ជា​ផ្លូវការ​ពី​ក្រសួង​កសិកម្ម ​ក្រុមហ៊ុនវៀតណាម​បាន​ឈូស​ឆាយ​ភ្នំ​អារក្ស​ចំនួន​២​កន្លែង ឈូស​ឆាយ​តំបន់​ដីសើម ​ឈូស​ឆាយ​តំបន់​បាញ់​សត្វ​តាម​បែប​ប្រពៃណី ​និង​ឈូស​ឆាយ ដីកប់​សព។​

បើ​តាម​របាយ​ការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា ​ជន​ជាតិ​ដើម​ភាគ​តិច​១២​សហគមន៍​ក្នុង​ស្រុក​អណ្ដូងមាស​ និង​ស្រុកអូរ​ជុំ ​សរុប​ប្រមាណ​១៣៧០​ខ្នង​ បាន​រង​គ្រោះ​នៅ​ក្នុង​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន​វៀតណាម​ហ័ងអាញ់ យ៉ាឡាយ។ ​ដី​ស្រែ​ចម្ការ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​១​ម៉ឺន​៩ពាន់​ហិកតា​បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​វៀតណាម​នេះ។ ​អង្គការ​ដដែល​គូស​បញ្ជាក់​ថា ​ការ​បាត់​បង់​ដីធ្លី​នេះ​បាន​ធ្វើ​ឲ្យ​ការ​រក​អាហារ​ និង​ផលិត​ផល​ព្រៃឈើ​នៃ​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នេះធ្លាក់​ចុះ​យ៉ាង​ច្រើន​ ដូច​ជា​បាត់​បង់​ឈើ​ដើម្បី​ពួកគេ​អាច​រក​ជ័រ​ចុង ​ការ​រក​ត្រី​ ឃ្មុំ ​អុស​ ថ្នាំ​បុរាណ ​សត្វព្រៃ ​ផ្លែឈើ​ព្រៃ​ បន្លែ​ព្រៃ ​វល្លិ៍​ និង​ផ្ដៅ​ជា​ដើម។​

គួរ​បញ្ជាក់​ថា ​ក្នុង​ឆ្នាំ២០១០​ រដ្ឋាភិបាលបាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៥ម៉ឺន​ហិកតា​ដល់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ ហ័ងអាញ់ យ៉ាឡាយ ​ដើម្បី​ធ្វើ​ការ​វិនិយោគ​លើ​ការ​ដាំ​ដំណាំ​កៅស៊ូ​រយៈ​ពេល​៩៩​ឆ្នាំ៕

XS
SM
MD
LG