អង្គការលើកលែងទោសអន្តរជាតិ ឬ Amnesty International លើកឡើងថា ខ្លួនបានផ្អាកសកម្មភាពការងាររបស់ខ្លួនក្នុងប្រទេសឥណ្ឌា បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានបង្កកគណនីធនាគាររបស់ខ្លួននោះ។ អង្គការនេះនិយាយថា សកម្មភាពនេះជាផ្នែកមួយនៃ «ការតាមយាយីឥតឈប់ឈរដល់ស្ថាប័នសិទ្ធិមនុស្សនានា»។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអង្គារ អង្គការលើកលែងទោសអន្តរជាតិលើកឡើងថា ខ្លួនត្រូវបានបង្ខំឲ្យកាត់បន្ថយបុគ្គលិកក្នុងប្រទេសឥណ្ឌា និងផ្អាករាល់សកម្មភាពគម្រោង និងការងារស្រាវជ្រាវរបស់ខ្លួន បន្ទាប់ពីអង្គការនេះបានដឹងថា គណនីធនាគាររបស់ខ្លួនត្រូវបានបង្កក ដោយសារតែរងការចោទប្រកាន់ពីកំហុសឆ្គងក្នុងរឿងទទួលបានថវិកាប្រើប្រាស់នោះ។
រដ្ឋាភិបាលឥណ្ឌាមិនបានបកស្រាយទេ ជុំវិញរឿងនេះ ប៉ុន្តែធ្លាប់បាននិយាយក្នុងពេលកន្លងមកថា អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះកំពុងទទួលរងការស៊ើបអង្កេតពីការរំលោភបំពានច្បាប់ប្រទេសឥណ្ឌា ទាក់ទងនឹងការទទួលបានជំនួយថវិកាពីប្រភពបរទេសនោះ។
អង្គការលើកលែងទោសអន្តរជាតិនិយាយថា ខ្លួនកំពុងត្រូវបានគេដាក់ជាគោលដៅដោយសារតែខ្លួនបានទាមទារឲ្យមានការទទួលខុសត្រូវក្នុងបញ្ហារំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសឥណ្ឌានោះ។
របាយការណ៍ពីរក្នុងពេលថ្មីៗនេះរបស់អង្គការ Amnesty បានចោទស្ថាប័នប៉ូលិសនៅក្នុងរដ្ឋធានីញូវដែលីថា បានរំលោភសិទ្ធិមនុស្សក្នុងអំឡុងពេលមានកុប្បកម្មដ៏ប្រល័យរវាងក្រុមកាន់សាសនាហិណ្ឌូនិងអ៊ីស្លាមនៅទីនោះ កាលពីខែកុម្ភៈ។ អង្គការសិទ្ធិមនុស្សនេះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលឥណ្ឌាដោះលែងមេដឹកនាំនយោបាយ សកម្មជននិងអ្នកកាសែតដែលត្រូវបានឃុំខ្លួននៅរដ្ឋ Kashmir ក្រោយពីឋានៈពិសេសនៃតំបន់នេះ ត្រូវបានលុបចោល កាលពីខែសីហា។
ការប្រកាសរបស់អង្គការ Amnesty International នេះកើតមានឡើង ខណៈដែលអ្នករិះគន់បានចោទរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Narendra Modi ថា កាន់តែលែងទទួលយកសំឡេងរិះគន់ប្រឆាំងនានា៕