ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​សព​លោក សុខ អាន ត្រូវ​បាន​បូជា ពលរដ្ឋ​បង្ហាញ​មតិ​ផ្សេងៗ​គ្នា​ចំពោះ​ការ​ដឹកនាំ​របស់​លោក


សពរបស់លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានដង្ហែពីគេហដ្ឋានរបស់​លោក​ទៅ​បូជានៅសួនច្បារវត្ត​បុទុមវត្តី កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)
សពរបស់លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ត្រូវបានដង្ហែពីគេហដ្ឋានរបស់​លោក​ទៅ​បូជានៅសួនច្បារវត្ត​បុទុមវត្តី កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។ (ស៊ុន ណារិន/VOA)

ខណៈ​ពេល​ដែល​សព​របស់​លោក សុខ អាន កំពុង​ត្រូវ​បាន​ដង្ហែ​យក​ទៅ​បូជា​នៅ​សួនច្បារ​វត្ត​បុទុមវត្តី​ VOA បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​មួយ​ចំនួន ដើម្បី​សាកសួរ​ពី​មតិ​យោបល់​របស់​ពួកគាត់ អំពី​ការ​ដឹកនាំ​របស់​លោក សុខ អាន។

លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ។ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ សព​របស់​លោក ​សុខ ​អាន ​ត្រូវ​បាន​ដង្ហែរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក ដើម្បី​យក​ទៅ​បូជា​នៅ​សួន​ច្បារ​វត្ត​បុទុមវត្តី ហើយ​សព​ត្រូវ​បាន​បូជា​នៅ​រសៀល​ថ្ងៃ​ត្រង់។ VOA បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​មួយ​ចំនួន ដើម្បី​សាកសួរ​ពី​មតិ​យោបល់​របស់​ពួកគាត់ អំពី​ការ​ដឹកនាំ​របស់​លោក សុខ អាន។

ខណៈ​ពេល​ដែល​សព​របស់​លោក សុខ អាន កំពុង​ត្រូវ​បាន​ដង្ហែ​យក​ទៅ​បូជា​នៅ​សួនច្បារ​វត្ត​បុទុមវត្តី​នៅ​ម៉ោង​ប្រមាណ​៧ព្រឹក នាង ប្រុស ចាន់សំណាង អាយុ​២៣ឆ្នាំ ជា​អ្នក​លក់​កាហ្វេ​តាមម៉ូតូ​ចល័ត​នៅ​ជិត​ផ្លូវ​ដែល​ដង្ហែ​សព បាន​នឹក​ឃើញ​ដល់​ពេល​មួយ​ដែល​នាង​បាន​ជួប​លោក សុខ ​អាន នៅ​សាលា​របស់​នាង​ក្នុង​រាជធានី​ភ្នំពេញ។ នាង​បាន​រំឭក​ថា​កាល​នោះ​នាង​ស្ថិត​ក្នុង​ក្រុម​កាយឫទ្ធិ​រៀន​ថ្នាក់​ទី​១០ ហើយ​លោក សុខ អាន ជា​ប្រធាន​កាយឫទ្ធិ​ជាតិ​កម្ពុជា បាន​មក​សំណេះសំណាល​នៅ​វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ។

នាង​ ចាន់​សំណាង បាន​រៀបរាប់​ថា កាល​នោះ លោក សុខ អាន បាន​ណែនាំ​សិស្ស​ឲ្យ​ខិតខំ​រៀន​សូត្រ​និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន។

«គាត់​ថា​យើង​ត្រូវ​ខិតខំ​រៀន កុំ​ជក់​គ្រឿង​ញៀន កុំ​បំផ្លាញ​អនាគត ម៉ែឪ​យើង​ផ្តល់​ឲ្យ អញ្ចឹង​យើង​ត្រូវ​ខំ​រៀន​ជា​ទំពាំង​ស្នង​ឫស្សី​តទៅ​មុខ​ទៀត»។

នាង​បាន​រំឭក​ទៀត​ថា​ពេល​មួយ​នាង​លក់​កាហ្វេ​តាម​ផ្លូវ ហើយ​នាង​បាន​ឃើញ​លោក សុខ អាន ជិះ​នៅ​ក្នុង​រថយន្ត​របស់​លោក ហើយ​បាន​ញញឹម​ដាក់​នាង​ពី​ក្នុង​រថយន្ត។

«គាត់​រួសរាយ។ ឃើញ​ទៅ គាត់​មើល​មុខ​យើង​អញ្ចឹង​ទៅ ពេល​ស្ទះ គាត់​នៅ​តែ​មើល​មុខ​យើង នៅ​ញញឹម​ ឃើញ​យើង​អ្នក​លក់​អីចឹង​»។ នាង​បន្ត​ថា​៖ «មាន​អារម្មណ៍​ថា​ធ្លាប់​ជួប​គាត់​ថ្មីៗ​ដែរ ពេល​ឃើញ​អញ្ចឹង​ អត់​នឹក​ស្មាន​ដែរ»។​

សំណាង​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​ទៅ​ នាង​តែង​តែ​ឃើញ​លោក សុខ អាន ចូលរួម​ក្នុង​កម្មវិធី​ប្រដាល់​តាម​ទូរទស្សន៍​នៅ​ពេល​មាន​ការ​ប្រកួត​ធំៗ។

«គាត់​ឧស្សាហ៍​ទៅ​មើល​គេ​ប្រកួត​ប្រដាល់​ពេល​ដណ្តើម​ខ្សែ​ក្រវ៉ាត់​អីចឹង​ទៅ ឃើញ​គាត់​ឧស្សាហ៍​ទៅ​មើល»។

អ្នក​លក់​កាហ្វេ​ម្នាក់​ទៀត នាង គង់ ណាន់ធីប អាយុ​២១ឆ្នាំ​ ដែល​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ ដូច​លោក សុខ អាន ដែរ បាន​និយាយ​ថា ​នាង​បាន​ជួប​លោក សុខ អាន កាល​រៀន​ថ្នាក់​ទី​១១ ក្នុង​ឆ្នាំ​២០០៥ ដែល​នៅ​ពេល​នោះ លោក​បាន​ចុះ​ទៅ​សំណេះ​សំណាល​នៅ​សាលា​របស់​នាង​ក្នុង​ខេត្ត​តាកែវ។

«ព្រោះអី​កាល​ខ្ញុំ​នៅ​រៀន គាត់​ឧស្សាហ៍​ចុះ​ទៅ​សាលា​ខ្ញុំ​ដែរ»។

នាង​បន្ត​ថា​ នាង​បាន​ទទួល​អំណោយ​ជា​សៀវភៅ​និង​ប៊ិច​ពី​លោក សុខ អាន។ ទោះ​ជា​យ៉ាង​ណា នាង​មិន​ដឹង​ថា​លោក សុខ អាន ជា​តំណាងរាស្រ្ត​ខេត្ត​តាកែវ​និង​មាន​តំណែង​អ្វី​ទៀត​នោះ​ទេ គឺ​គ្រាន់​តែ​ដឹង​ថា​រូប​លោក​ជា​ប្រធាន​កាយឫទ្ធិ​ជាតិ​កម្ពុជា​តែ​ប៉ុណ្ណោះ។

លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​កាល​ពី​ថ្ងៃ​ពុធ ក្នុងជន្មាយុ​៦៦​ឆ្នាំ។ លោក សុខ អាន បានទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្រ្តី​តាំង​ពី​ឆ្នាំ​២០០៤​និងមាន​តួនាទី​ជា​ច្រើន​ទៀត ក្នុង​នោះ​មានការ​គ្រប់គ្រង​អាជ្ញាធរ​ជាតិ​ ជា​គណៈកម្មាធិការ​និង​គណៈកម្មការ​ផ្សេងៗ​របស់​រដ្ឋាភិបាល។

ការ​ដឹក​សព​របស់​លោក សុខ អាន ទៅ​សួនច្បារ​វត្ត​បុទុម​វត្តី ដើម្បី​បូជា​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ពុំ​មានមន្រ្តី​រាជការ ប្រជាពលរដ្ឋ​រស់​នៅ​ទីក្រុង​ភ្នំពេញ សិស្សានុសិស្ស និង​និស្សិត អម​តាម​ដង​ផ្លូវ ដូច​ការ​ដង្ហែ​សព​របស់​លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា​និង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​ទេ។

ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​បាន​ចូល​រួម​ក្នុង​ពិធី​បូជា​សព​នេះ រួម​មាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន​ សែន លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដែល​ជា​អ្នក​ផ្តល់​ភ្លើង​សម្រាប់​បូជា និង​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ដែល​ជា​អ្នក​អាន​វិយោគកថា។ ពិធី​នេះ​ក៏​មាន​ការចូល​រួម​ពី​អ្នក​ការទូត​បរទេស​ផង​ដែរ។ សព​របស់​លោក សុខ អាន ត្រូវ​បាន​បូជា​នៅ​រសៀល​ថ្ងៃ​ត្រង់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ចូលរួមក្នុងពិធីបូជាសពរបស់លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៩ ខែមីនា នៅសួនច្បារបុទុមវត្តី។ (ស៊ុន ណារិន/VOA)
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ចូលរួមក្នុងពិធីបូជាសពរបស់លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៩ ខែមីនា នៅសួនច្បារបុទុមវត្តី។ (ស៊ុន ណារិន/VOA)

បើ​តាម​វិយោគកថា​នោះ លោក សាយ ឈុំ បាន​រៀប​រាប់​ពី​ស្នាដៃ​សំខាន់ៗ​របស់​លោក សុខ អាន ក្នុង​នោះ​មាន​ការ​ស្វែង​រក​សន្តិភាព​ឲ្យ​កម្ពុជា​និង​ការ​ការពារ​បេតិកភណ្ឌ​ប្រាសាទ​អង្គរវត្ត​និង​ប្រាសាទ​ព្រះវិហារ​ជាដើម។

វិយោគកថា​នោះ​បាន​សរសេរ​ថា៖

«មរណភាព​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន ជា​ការ​បាត់​បង់​ឥស្សរជន​បញ្ញា​ញាណ​ប្រសើរ​ខ្ពស់ ដែល​ជា​ធនធានមនុស្ស​ដ៏​កម្រ​ ជា​ថ្នាក់​ដឹកនាំ​ឧត្ដុង្គឧត្ដម​មួយ​រូប​ដែល​មួយ​ជីវិត​របស់​សម្តេច សម្តេច​បាន​តស៊ូ​ដើម្បី​ជាតិ​និង​ប្រជាជន​ ពិសេស​សម្តេច​បាន​ពុះពារ​រាល់​ឧបសគ្គ​ដើម្បី​ចូលរួម​ក្នុង​កិច្ចការ​កសាង​ជាតិ កសាង​សន្តិភាព ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ការពារ​ ស្តារ​និង​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​រហូត​មក»។

នៅ​ថ្ងៃ​ដែល​លោក សុខ អាន បាន​ទទួល​មរណភាព លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​៖

«សម្តេច​វិបុល​បញ្ញា សុខ អាន បាន​ចូលរួម​តស៊ូ​លះបង់​បម្រើ​ប្រទេស​ជាតិ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​រីកចម្រើន​មក​ទល់​សព្វថ្ងៃ។ នេះ​គឺ​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​បំផុត​ម្នាក់​របស់​កម្ពុជា ដែល​យើង​ទាំងអស់​គ្នា​ចងចាំ​ជានិច្ច»។

លោក រ៉េន វណ្ណា អាយុ​៤២ឆ្នាំ ដែល​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី​ម្នាក់​នៅ​ក្នុង​ខណ្ឌ​ដូនពេញ មាន​ប្រសាសន៍​ថា​ លោក​បាន​ដឹង​ពី​ស្នាដៃ​របស់​លោក សុខ អាន ក្នុង​ការ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​កាល​ពី​ឆ្នាំ​២០០៨ តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍។

«មិន​មែន​ថា​គាត់​ហ្នឹង​ជា​បុគ្គល​ដែល​អាក្រក់​ទាំងអស់ ឬ​ក៏​គាត់​មិន​បាន​ជួយ​ជាតិ​ទេ គឺ​លក្ខណៈ​គាត់​ជួយ ប៉ុន្តែ​នៅ​ក្នុង​ចំណុច​ដែល​គាត់​មរណភាព​ហ្នឹង​ ធម្មតា​យើង​ត្រូវ​ជួយ​ការ​រំលែក​ទុក្ខ​របស់​គាត់​ផង»។

លោក​បញ្ជាក់​ថា​ការ​ដង្ហែ​សព​របស់​លោក សុខ អាន មិន​សូវ​ជា​មាន​អ្នក​ចូលរួម​ដង្ហែ​និង​អម​តាម​ផ្លូវ​នោះ​ទេ។

«បើ​តាម​ខ្ញុំ​មើល​ទៅ ​ប្រជាពលរដ្ឋ​មិន​សូវ​មាន​ការ​ប្រតិកម្ម​ច្រើន​ប៉ុន្មាន​ទេ នៅ​ក្នុង​លក្ខណៈ​មិន​សូវ​មាន​ប្រជាជន​ហែ​ហម​ច្រើន​ប៉ុន្មាន​ទេ មាន​តែ​ខាង​នគរបាល​ឬ​ខាង​សមត្ថកិច្ច លក្ខណៈ​ការ​យាម​ការ​ហែ​ហម»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​រៀបចំ​ដង្ហែ​សព​នេះ​ធ្វើ​ឡើង​ជា​លក្ខណៈ​ធម្មតា ដោយ​មាន​តែ​ភ្ញៀវ​ដែល​អញ្ជើញ​ចូលរួម​និង​មិន​មាន​ការ​កៀរគរ​មនុស្ស​ឲ្យ​ជួយ​អម​តាម​ផ្លូវ​ដង្ហែ​សព​នោះ​ទេ។

«ខ្ញុំ​និយាយ​ថា​រឿង​ធម្មតា ធ្វើ​ទៅ​តាម​ដំណើរ​ទៅ យើង​មាន​ភ្ញៀវ​ប៉ុន្មាន អញ្ជើញ​មក​ រៀប​ចំ​តាម​ហ្នឹង វា​គ្មាន​ការ​កៀង​គរ​ពី​ទីណា​ទី​ណី​ច្រើន​ទេ»។

លោក សុខ អាន​ ត្រូវ​បាន​ចាត់​ទុក​ថា ​ជា​សហការី​ម្នាក់​របស់​លោក ហ៊ុន សែន ក្នុង​ដំណើរ​ការ​ស្វះស្វែង​រក​សុខ​សន្តិភាព​សម្រាប់​ប្រទេស​រហូត​ដល់​មាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១។ នៅ​ចុង​ទសវត្សរ៍​១៩៩០ លោក​បាន​ចរចា​ជាមួយ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​បង្កើត​សាលាក្តី​ខ្មែរ​ក្រហម។ ចាប់​ពី​ឆ្នាំ​១៩៨១​ដល់​ឆ្នាំ​១៩៨៣ លោក​ជា​ប្រធាន​ខុទ្ទកាល័យ​នៅ​ក្រសួង​ការបរទេស​និង​ជា​លេខា​ផ្ទាល់​របស់​លោក ហ៊ុន សែន ដែល​កាល​នោះ​លោក ហ៊ុន​ សែន​ ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស។

ក្នុង​នាម​ជា​សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក​ សុខ អាន កាន់​តែ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធិ​ជាមួយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយ​បាន​ក្លាយ​ជា​ដន្លង​របស់​លោក​ ហ៊ុន​ សែន។ កូន​ប្រុស​ច្បង​របស់​លោក​បាន​រៀបការ​ជាមួយ​កូន​ស្រី​របស់​លោក ហ៊ុន សែន ឈ្មោះ ហ៊ុន ម៉ាលី។

ជាមួយនឹង​មុខ​តំណែង​ដ៏​ច្រើនរបស់​លោក លោក សុខ អាន ត្រូវ​បាន​រិះគន់​ជា​បន្តបន្ទាប់​ចំពោះប្រសិទ្ធភាព​ការងារ​របស់​ខ្លួន។

អ្នកស្រី ឈាន វាសនា អាយុ​៣៩​ឆ្នាំ ដែល​ជា​អ្នក​លក់​ដូរ​ចាប់ហួយ​នៅ​ក្បែរ​អគារ​ប៊ូលឌីង​មាន​ប្រសាសន៍​ថា ដោយ​សារ​លោក សុខ អាន មាន​តំណែង​ច្រើន ទើប​ប្រជាជន​មួយ​ចំនួន​បាន​រិះគន់​រូប​លោក។

«តាម​ពិត​អត់​ដឹង​ថា​កាន់​អី​ច្បាស់​ផង ការងារ​ច្រើន​ពេក។ ធម្មតា​ទេ​ដែល​យើង​ដឹកនាំ​ វា​មាន​ខុស​ វា​មាន​ត្រូវ។ គេ​ខ្លះ​ថាគាត់​ពុក​រលួយ ធម្មតា​ប្រជាជន​តែង​ថា​ គេ​ឃើញ​គាត់​មាន​ការងារ​ច្រើន។ មិន​ដឹង​គាត់​មាន​មុខ​របរ​រក​ស៊ី​អី​ខ្លះ កូន​គាត់​ធ្វើ​អី​ខ្លះ ប្រពន្ធ​ធ្វើ​អី។ អ្នក​ដឹកនាំ​ប្រទេស ឃើញ​(គាត់​ជា​អ្នក)មាន​អញ្ចឹង ប្រជាជន​ថា​ពុក​រលួយ»។

​អ្នកស្រី​បាន​បន្ថែម​ទៀត​ថា៖

«អាណិត​គាត់ សោកស្តាយ​គាត់ គាត់​ទើប​អាយុ​៦៦ឆ្នាំ ឆាប់​ស្លាប់​ពេក។ ថ្នាក់​ដឹកនាំ​ផ្សេងៗ អាយុ​ច្រើន​បាន​ស្លាប់។ បាត់​បង​ធនធាន​មនុស្ស​សំខាន់ ដោយ​សារ​លោក​ជា​ថ្នាក់​ដឹកនាំ​ប្រទេស»។

ពលរដ្ឋ​ម្នាក់​ទៀត លោក រស់ បឿន អាយុ​៧៣ឆ្នាំ ជា​សន្តិសុខ​យាម​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ថា លោក​បាន​ឮ​ឈ្មោះ​លោក សុខ អាន តែ​មិន​ដែល​បាន​ជួប​ផ្ទាល់​នោះ​ទេ។ លោក​បន្ត​ថា​លោក​បាន​ដឹង​ថា លោក សុខ អាន បាន​ចូលរួម​កសាង​សាលា​និង​ផ្លូវ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​ទូរទស្សន៍។

ក៏​ប៉ុន្តែ លោក​មិន​ដឹង​ថា​លោក សុខ អាន មាន​មុខ​តំណែង​និង​ការងារ​អ្វី​ខ្លះ​នោះ​ទេ។

«ដឹង​ថា​គាត់​ជា​តំណាងរាស្រ្ត ប៉ុន្តែ​មិន​ដឹង​ថា​គាត់​ធ្វើ​ការ​ខាង​អី ខ្ញុំ​វា​មិន​បាន​ច្បាស់​ដែរ​ហ្នឹង»។

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ទំហំ​ការងារ​របស់​លោក សុខ អាន ត្រូវ​បាន​ធ្វើ​វិមជ្ឈការ​ទៅ​តាម​ក្រសួង​ជំនាញ ចាប់​តាំងពី​ក្នុង​អាណត្តិ​ទី​៥នេះ។ លោក​ពន្យល់​ថា​ លោក សុខ អាន បាន​ទទួល​ការងារ​ច្រើន​នេះ ដោយសារ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម កម្ពុជា​បាន​បាត់បង់​បញ្ញវន្ត ហើយ​នៅ​សល់​បញ្ញវន្ត​តិចតួច​ណាស់​ដែល​មាន​បទពិសោធន៍​ហើយ​បាន​ធ្វើការ​ក្នុង​រដ្ឋាភិបាល។ ទោះ​ជា​យ៉ាងណា លោក​បាន​ការពារ​ថា​ លោក​ សុខ អាន មាន​បទ​ពិសោធន៍​ច្រើន​សម្រាប់​ទទួល​បន្ទុក​ការងារ​ទាំង​នេះ ហើយ​លោក​បាន​ធ្វើ​ការងារ​ទាំង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។

«ដូច្នេះ​ការ​លើក​ឡើង​ថា​ លោក​ដៃ​ច្រើន​ហ្នឹង អាហ្នឹង​អ្នក​និយាយ​គ្រាន់​បាន​និយាយ​របៀប​មើល​ស្រាល​ការងារ តែ​អ្នក​ធ្វើ​ការងារ​ជាមួយ​បាន​ដឹង»។

អ្នក​នាំ​ពាក្យ​រូប​នោះ​បន្ត​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ លោក សុខ អាន បាន​ទទួល​បន្ទុក​ការងារ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​មាន​ការ​ចរចា​ជាមួយ​ភ្ញៀវ​បរទេស​ទៅ​លើ​បញ្ហា​សាលាក្តី​ខ្មែរ​ក្រហម បញ្ហា​ចរចា​ជាមួយ​ភាគី​ថៃ​លើ​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា ​និង​បញ្ហា​អភិរក្ស​ប្រាសាទ​អង្គរវត្ត​និង​ប្រាសាទ​ព្រះវិហារ។

លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​បាន​តែងតាំង​ឲ្យ​លោក ប៊ិន ឈិន ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ដើម្បីឲ្យ​ទទួល​បន្ទុក​ការងារ​របស់​លោក សុខ អាន ជា​បណ្តោះ​អាសន្ន។

លោក សុខ អាន​ ត្រូវ​បាន​រិះគន់​ថា បាន​បង្កើត​ឲ្យ​មាន​គ្រួសារនិយម ស្រប​ពេល​កូន​ប្រុស​របស់​លោក​ចំនួន​៤​នាក់បាន​ទទួល​តំណែង​ជា​ប្រធាន​សហព័ន្ធ​ផលិត​ស្រូវ​អង្ករ​កម្ពុជា ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស ជា​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​តំណាងរាស្ត្រ​ខេត្ត​តាកែវ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក ផៃ ស៊ីផាន បាន​ការពារ​ការ​តែង​តាំង​នោះ ដោយ​ថា ពួកគេ​មាន​សមត្ថភាព​និង​ទទួល​បាន​ការ​អប់រំ​ខ្ពង់ខ្ពស់​នៅ​ក្រៅ​ប្រទេស។

ទោះ​ជា​យ៉ាង​ណា នាង ចាន់សំណាង បាន​កោត​សរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​លោក សុខ អាន ។

«គាត់​ត្រូវ​ធ្វើ​ ធ្វើ​អីចឹង​បង អត់​ចេះ​រា​ថយ មើល​គាត់ គាត់​ធ្វើ​ច្រើន គាត់​ធ្វើ​ខាង​អី​ច្រើន គាត់​ទៅ​តែ​កេរ្តិ៍​ឈ្មោះ​គាត់​នៅ គេ​ស្គាល់​គាត់​ច្រើន។ ចំណុច​អវិជ្ជមាន​ចេះ​តែ​មាន​ហើយ ប៉ុន្តែយើង​មិន​សូវ​ដឹង​ច្បាស់ ក៏​យើង​មិន​ដឹង​ថា​ម៉េច​ដែរ​បង»។

នាង​បង្ហាញ​ក្តីសង្ឃឹម​ថា នឹង​មាន​មន្រ្តី​ល្អ​ម្នាក់​ដែល​នឹង​ជំនួស​តំណែង​ផ្លូវការ​របស់​លោក​ សុខ អាន នៅ​ពេល​ខាង​មុខ​នេះ៕

XS
SM
MD
LG