រដ្ឋាភិបាលមីយ៉ាន់ម៉ាបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យប្រជាជនត្រជាក់ចិត្តក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ នៅពេលដែលចំនួនមនុស្សស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយជ្រូកឬគ្រុនផ្ដាសាយ H1N1 បានកើនដល់១៣នាក់ ចាប់តាំងពីមានករណីជំងឺនេះកើតឡើងលើកដំបូងកាលពីខែមុន។
ក្រុមមន្ត្រីបានចង្អុលបង្ហាញថា មេរោគដែលជាផ្នែកនៃជំងឺរាតត្បាតក្នុងសាកលលោកកាលពីឆ្នាំ២០០៩ ដែលកើតចេញពីសត្វជ្រូកឆ្លងរោគនោះ ឥឡូវនេះត្រូវបានគេចាត់ទុកថាជាជំងឺផ្ដាសាយតាមរដូវកាលធម្មតា ហើយការឆ្លងរោគនេះកើតមាននៅក្នុងប្រទេសនេះចុងក្រោយកាលពីឆ្នាំមុន ប៉ុន្តែប្រហែលគ្មានអ្នកស្លាប់ជំងឺនេះទេនៅពេលនោះ។
ប៉ុន្តែការខ្វះទំនុកចិត្តលើសមត្ថភាពរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការទប់ស្កាត់វិបត្តិសុខភាពនេះ និងការឆ្លើយតបយឺតយ៉ាវតាំងពីដំបូង បានបង្កឲ្យមានការផ្ដាច់ទំនាក់ទំនង ដែលធ្វើឲ្យការមិនជឿទុកចិត្តនេះរីករាលដាល ហើយជំរុញឲ្យមនុស្សជាច្រើនចាត់វិធានការទប់ស្កាត់ដោយខ្លួនឯង។
ក្រុមហ៊ុនជាច្រើនបានផ្ដល់របាំងការពារមុខទៅកាន់បុគ្គលិករបស់ខ្លួន ស្របពេលដែលសហគ្រិនមួយចំនួនកំពុងលក់របាំងការពារមុខនៅលើអ៊ីនធឺណិត។
សកម្មជនឈ្មោះ Thet Swe Win គឺជាអ្នកស្ម័គ្រចិត្តម្នាក់ក្នុងចំណោមអ្នកស្ម័គ្រចិត្តជាច្រើនទៀតដែលបានចូលរួមបង្កើនការយល់ដឹងកាលពីដើមខែនេះ នៅតាមដងផ្លូវទីក្រុងរ៉ង់ហ្គូន ដែលការបង្កើនការយល់ដឹងនេះរួមមានការជូនដំណឹងឲ្យសាធារណជនលាងដៃរបស់ពួកគេ និងពាក់របាំងការពារមុខពេលចេញទៅខាងក្រៅ។
លោក Thet Swe Win និយាយថា៖ «មូលហេតុដែលយើងធ្វើយុទ្ធនាការនេះគឺដោយសារតែរដ្ឋាភិបាលរបស់យើងមិនបានប្រកាសព័ត៌មានឲ្យបានច្បាស់លាស់ពីជំងឺនេះ ហើយប្រជាជនកំពុងភ័យខ្លាច»។
ប៉ុន្តែរដ្ឋាភិបាលបានច្រានចោលការចោទប្រកាន់ពីភាពអសកម្ម និងការមិនច្បាស់លាស់។
លោកវេជ្ជបណ្ឌិត Than Htun Aung អនុប្រធាននាយកដ្ឋានសុខភាពសាធារណៈនៃក្រសួងសុខាភិបាល និងកីឡារបស់ប្រទេសមីយ៉ាន់ម៉ា បាននិយាយថា រដ្ឋាភិបាលបានធ្វើការប្រកាសជាច្រើនលើកមកហើយ និងកំពុងបន្តចែករំលែកវិធីសាស្ត្រការពារ ខណៈពេលដែលកិច្ចសហការជាមួយអង្គការសុខភាពពិភពលោក (WHO) កំពុងត្រូវបានធ្វើឡើង។
លោកបាននិយាយថា៖ «យើងបានធ្វើការវាយតម្លៃហានិភ័យអំពីជំងឺនេះ ហើយបានឆ្លើយតបភ្លាមៗទៅអ្នកជំងឺ ទោះបីថា ពួកគេត្រូវបានធ្វើរោគវិនិច្ឆ័យឃើញសភាពធ្ងន់ធ្ងរឬអត់ក៏ដោយ។ យើងត្រូវចាំមើលសិនថា តើវានឹងរីករាលដាលកាន់តែខ្លាំងឬក៏បាត់ទៅវិញ»។
រដ្ឋាភិបាលបានផ្តល់អនុសាសន៍ថា គួរតែចៀសវាងពីកន្លែងមានមនុស្សអ៊ូអរខ្លាំង លាងសម្អាតដៃនិងសម្គាល់ដឹងរោគសញ្ញានៃជំងឺនេះដែលលេចចេញមក ដែលនេះជាការបង្ការបឋមជាជាងសង្កត់ធ្ងន់ទៅលើការប្រើរបាំងការពារមុខដែលត្រូវបានគេបញ្ជាក់ថា មិនអាចការពារមេរោគបានទាំងស្រុងនោះទេ។
លោកវេជ្ជបណ្ឌិត Than Htun Aung បាននិយាយថា មនុស្សជាច្រើនមិនបានយល់ដឹងថា តើជំងឺគ្រុនផ្តាសាយនេះរីករាលដាលយ៉ាងណានោះទេ ហើយពួកគេភ័យស្លន់ស្លោដោយសារ «ពួកគេមិនបានទទួលព័ត៌មានត្រឹមត្រូវអំពីជំងឺនេះ»។
ទោះយ៉ាងណា លោកមិនបានបញ្ជាក់ថា តើព័ត៌មានណាខុស ឬថាព័ត៌មាននោះត្រូវបានផ្សព្វផ្សាយទៅទីណានោះទេ ប៉ុន្តែលោកគ្រាន់តែនិយាយថា៖ «ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗមានទំនួលខុសត្រូវក្នុងការផ្ដល់ព័ត៌មានត្រឹមត្រូវទៅកាន់ប្រជាជន»។
ក្រសួងសុខាភិបាលនិងកីឡានិយាយថា ១០ថ្ងៃចុងក្រោយក្នុងខែកក្កដា មានករណីជំងឺផ្ដាសាយ H1N1 ចំនួន៦២ករណី ដែលក្នុងនោះមានមនុស្ស១២នាក់បានបាត់បង់ជីវិត។ អារម្មណ៍ក្នុងការប្រុងប្រយ័ត្នកើនឡើងកាន់តែខ្លាំង ធ្វើឲ្យទីក្រុង Mandalay លុបចោលពិធីបុណ្យសាសនាប្រចាំឆ្នាំដែលគេគ្រោងប្រារព្ធធ្វើឡើងនៅដើមខែសីហានេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ពីអ្នកជំងឺស្លាប់ទី១៣ និងកំណើននៃការឆ្លងរោគនេះបន្តិចបន្តួច។ បន្ថែមទៅលើភាពច្របូកច្របល់នេះ ជំងឺផ្ដាសាយបក្សីបានផ្ទុះឡើងនៅកសិដ្ឋានមួយនៅឯភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា កាលពីចុងខែកក្កដា។
ប៉ុន្តែគេអាចយល់បាន និងប្រហែលជាបានរំពឹងទុករួចហើយ អំពីការដាច់ទំនាក់ទំនងព័ត៌មាន និងភាពបន្ទាន់ជុំវិញជំងឺផ្ដាសាយ H1N1 នេះ។
ប្រព័ន្ធសុខាភិបាលរបស់ប្រទេសមីយ៉ាន់ម៉ាត្រូវបានគេបោះបង់មិនយកចិត្តទុកដាក់រាប់ទសវត្សរ៍មកហើយក្រោមការគ្រប់គ្រង់របស់យោធា ហើយបច្ចុប្បន្ននេះ សេវាខ្លះរាប់ចាប់តាំងពីអ្នកបើកបរឡានពេទ្យ និងកិច្ចបញ្ចុះសព គឺពឹងលើកម្លាំងរបស់អ្នកស្ម័គ្រចិត្ត ឬអង្គការក្រៅរដ្ឋាភិបាលដើម្បីប៉ះប៉ូវកង្វះធនធានមនុស្ស និងការឆ្លើយតបគ្រាអាសន្ន៕
ប្រែសម្រួលដោយ ទុំ ម្លិះ