ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​សុខាភិបាល​ប្រកាស​ឲ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជំងឺ​​ផ្តាសាយ​​ប្រភេទ​ថ្មី H7N9


រូបភាពនៃចំណែក​តូចៗ​នៃ​មេរោគ H7N9 ដោយ​សាកលវិទ្យាល័យ Tokyo។
រូបភាពនៃចំណែក​តូចៗ​នៃ​មេរោគ H7N9 ដោយ​សាកលវិទ្យាល័យ Tokyo។

ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន និង​ការពារ​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​ H7N9 ដែល​អាច​កើត​មាន​នៅ​កម្ពុជា ខណៈ​វីរុស​ថ្មី​នេះ​កំពុង​រីក​រាលដាល​នៅ​ប្រទេស​ចិន ប្រទេស​វៀតណាម និង​ព្រំដែន​ឡាវ​ភាគ​ខាង​ជើង។

លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់​ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បញ្ចប់​សិក្ខាសាលា​ស្តី​ពី​ជំងឺ​ផ្ដាសាយ​ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា វីរុស H7N9 ជា​ជំងឺ​ដែល​ពិបាក​ទប់​ស្កាត់ ​និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយសារ​ជំងឺ​នេះ​មិន​បណ្តាល​ឲ្យ​សត្វ​ដែល​ឆ្លង​វា​ឆាប់​ងាប់ ដូច្នេះ​ងាយ​បណ្តាល​ឲ្យ​ឆ្លង​ទៅ​មនុស្ស។ លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​ជំងឺ​ផ្តាសាយ​បក្សី​ប្រភេទ H7N9 នេះ​មិន​ទាន់​កើត​មាន​នៅ​កម្ពុជា ប៉ុន្តែ​លោក​ថា ប្រជា​ពលរដ្ឋ​ត្រូវ​ការពារ និង​រាយការណ៍​មក​នាយកដ្ឋាន​ជា​បន្ទាន់ តាមរយៈ​លេខ​ ១១៥ ប្រសិន​បើ​ឃើញ​ករណី​ជំងឺ​ណា​មួយ​គួរ​ឲ្យ​សង្ស័យ។

លោក លី សូវ៉ាន់ ​មាន​ប្រសាសន៍​ថា៖

«សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ហ្នឹង​ជួយ​រាយការណ៍ ឃើញ​អ្វី​ក៏​ដោយ ខុស​ធម្មតា​នៅ​ភូមិ​ ​កន្លែង​ធ្វើការ កន្លែង​អ្វី​ក៏​ដោយ​សូម​ជួយ​រាយការណ៍​ជា​បន្ទាន់។ ​ក្នុង​នោះ​មាន​ទាំង​ព្រួយ​បារម្ភ​អី​ផង ផុស​ងាប់​មាន់ទា​អី​ច្រើន។ មិន​បាច់​តែ​មាន់​ទេ ជ្រូក​ក៏​ដោយ គោ​ក៏​ដោយ អីក៏​ដោយ។ កន្លង​មក​នេះ​យើង​ឃើញ​នៅ​ខេត្ត​ស្ទឹងត្រែង ​គោ​ងាប់​ច្រើន ដោយសារ​ដល់​រក​ឃើញ​ទៅ​ឃើញ​ថា​ វា​អត់​ទឹក​អត់​អី​ច្រើន ប៉ុន្តែ​យើង​មិន​រង់​ចាំ​ដល់​ឈឺ​ទេ យើង​រង់ចាំ​តែ​អ្វី​ខុស​ធម្មតា យើង​អង្កេត ​បើសិនជា​ងាប់​ដោយ​សារ​អត់​ទឹក​ អា​ហ្នឹង​យើង​លែង​ព្រួយ»។

បើ​តាម​ព័ត៌មាន​ពី​គេហទំព័រ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​សហរដ្ឋ​អាមេរិក CDC ជំងឺ​ផ្តាសាយ​ H7N9 ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​ កាល​ពី​ខែ​មិនា​ឆ្នាំ​២០១៣។ រហូត​មក​ដល់​ពេល​នេះ​ អង្គការ​សុខភាព​ពិភពលោក​រាយការណ៍​ថា​ មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ចំនួន​១,៥៣៣​នាក់ ដែល​៤០%​នៃ​អ្នក​ឆ្លង​ជំងឺ​នេះ​បាន​ស្លាប់៕

XS
SM
MD
LG