ខណៈដែលសំណើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញបានធ្វើឲ្យមានបញ្ហាចម្រូងចម្រាសទាំងក្នុង និងក្រៅប្រទេស គេឃើញថា មានសញ្ញាណតិចតួចនៃការប្រឆាំង ឬក្តីបារម្ភពីគណៈប្រតិភូរបស់សមាជប្រជាជនចិន ដែលភាគច្រើននឹងយល់ព្រមដោយស្វ័យប្រវត្តិ នៅក្នុងកិច្ចប្រជុំនាពេលខាងមុខ។
ក្នុងកិច្ចប្រជុំពិនិត្យឡើងវិញលើសំណើវិសោធនកម្មច្បាប់កាលពីសប្តាហ៍កន្លងមក គណៈប្រតិភូមិនធ្វើការពិភាក្សាលើអ្វីនោះទេ ក្រៅពីការសរសើរលោកប្រធានាធិបតី ស៊ី និងបានផ្តល់យោបល់ឲ្យធ្វើវិសោធនកម្មលើច្បាប់នេះ។ នៅក្នុងកិច្ចប្រជុំ២ ដាច់ដោយឡែក ដែល VOA បានចូលរួម មិនមានគណៈប្រតិភូណាមួយលើកឡើងពីសំណើវិសោធនកម្មលើអាណត្តិកាន់តំណែងរបស់លោកប្រធានាធិបតីជាក់លាក់នោះទេ។
ទោះណាសំណើនេះបានធ្វើឲ្យមានក្តីបារម្ភថា នឹងធ្វើឲ្យលោកប្រធានាធិបតី ស៊ី មានអំណាច និងមានប្រជាប្រិយហួសហេតុក៏ដោយ ក៏សមាជិនៃគណៈប្រតិភូ Gansu បានអះអាងថា វិសោធនកម្មនេះអាចនឹងជួយពង្រឹងនីតិរដ្ឋ និងការជឿជាក់លើរដ្ឋធម្មនុញ្ញ។
ប្រតិភូម្នាក់បាននិយាយថា៖ «រដ្ឋធម្មនុញ្ញផ្តល់ឲ្យយើងនូវ សុវត្ថិភាព ភាពរីករាយ និងភាពពេញលេញ ដែលជួយបង្កើននូវការគោរពកាន់តែខ្លាំង និងមានការជឿជាក់កាន់តែរឹងមាំទៅលើរដ្ឋធម្មនុញ្ញ»។
ការធ្វើវិសោធនកម្មច្បាប់នៅពេលនេះគឺជាវិសោធនកម្មដ៏ធំបំផុត ក្នុងរយៈពេលជាង៣ទសវត្សរ៍នេះ ចាប់តាំងពីពេលដែលរដ្ឋធម្មនុញ្ញត្រូវបានបង្កើតមក។ វិសោធនកម្មនេះទំនងនឹងត្រូវអនុម័ត។ ប្រសិនបើវិសោធនកម្មនេះត្រូវបានគេអនុម័តមែននោះ វិសោធនកម្មនេះនឹងបញ្ចប់ដំណើរការផ្លាស់ប្តូរថ្នាក់ដឹកនាំម្នាក់ក្នុងមួយទសវត្សរ៍ ដែលបានក្លាយជាលក្ខណៈពិសេសនៃនយោបាយចិន និងជាធាតុផ្សំមួយក្នុងចំណោមធាតុផ្សំដែលគេអាចទស្សន៍ទាយបាន ក្នុងប្រព័ន្ធនយោបាយដ៏ស្មុគស្មាញរបស់ចិន។
វិសោធនកម្មនេះនឹងបញ្ចូលគំនិតនយោបាយ និងទស្សនៈវិស័យរបស់លោកប្រធានាធិបតី ស៊ី ជីនពីងទៅក្នុងរដ្ឋធម្មនុញ្ញ ដែលលោកគឺជាមេដឹកនាំទី១របស់ចិន ចាប់តាំងពីលោកអតីតប្រធានាធិបតី ម៉ៅ សេទុង ដែលជាស្ថាបនិកប្រទេសចិនចូលកាន់តំណែងមក។
វិសោធនកម្មនេះក៏នឹងបញ្ជាក់ឲ្យច្បាស់ពីអំណាចដ៏ខ្លាំងក្លារបស់គណបក្សកុម្មុយនិស្តចិនលើគ្រប់កិច្ចការទាំងអស់ និងតួនាទីរបស់គណបក្ស ដែលជាស្ថាប័ននយោបាយតែមួយគត់ដែលស័ក្តិសមដឹកនាំប្រទេសចិន។
ទោះណាគណៈប្រតិភូ និងគណបក្សកុម្មុយនិស្តចិន និងបណ្តាញសារព័ត៌មានរដ្ឋអះអាងថា ការធ្វើវិសោធនកម្មច្បាប់លើកនេះនឹងទទួលបានការគាំទ្រដ៏ច្រើនពីសាធារណជនក៏ដោយ ការអះអាងបែបនេះផ្ទុយស្រឡះទៅនឹងវិធានការដែលអាជ្ញាធរបានធ្វើឡើងនៅពេលជាមួយគ្នាដើម្បីបំបិទកិច្ចពិភាក្សានានា។
ការបិទមិនឲ្យឃើញព័ត៌មានតាមអ៊ីនធឺណែតនៅក្នុងប្រទេសចិនបានបង្កើនកិច្ចប្រឹងប្រែងដើម្បីបំបិទការជជែកដេញដោល ហើយក្រុមអ្នករិះគន់ត្រូវបានគេនាំខ្លួន ឬចាប់បញ្ជូនខ្លួនចេញពីក្រុងប៉េកាំង ដើម្បីមិនឲ្យពួកគេនិយាយពីបញ្ហាទាំងនោះ។
ក្រុមតស៊ូមតិផ្នែកសិទ្ធិមនុស្សនិយាយថា មួយថ្ងៃមុនទិវាសិទ្ធិនារីអន្តរជាតិ អាជ្ញាធរនៅក្នុងក្រុង Wuhan បានឃុំខ្លួនសកម្មជនស្ត្រីពីររូបគឺនាង Huang Jingyi និងនាង Geng Caiwen ដោយសារតែអ្នកទាំងពីរបានបង្កើត និងបង្ហោះវីដេអូនៅលើអ៊ីនធឺណិត រិះគន់លើកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញ។
នៅក្នុងវីដេអូនោះ នាង Huang បានសម្តែងធ្វើជាកំពុងបើករថយន្តថយក្រោយ ដោយបាននិយាយថា «សូមប្រយ័ត្ន! ពេលថយក្រោយ»។ ឃ្លាថា «ថយក្រោយ» ឬ «បញ្ច្រាស់» ត្រូវបានគេហាមឃាត់មិនឲ្យប្រើនៅក្នុងបណ្តាញសង្គម រួមជាមួយនឹងឃ្លាផ្សេងទៀតដូចជា «វិសោធនកម្មរដ្ឋធម្មនុញ្ញ» «ខ្ញុំមិនយល់ស្រប» និង «អធិរាជ» ជាដើម។
អ្នករិះគន់លើវិសោធនកម្មនេះអះអាងថា វិសោធនកម្មរដ្ឋធម្មនុញ្ញនេះគឺជាការដើរថយក្រោយ មិនទៅមុខទេ។
VOA បានទាក់ទងទៅពួកអ្នករិះគន់មួយចំនួនដែលត្រូវបានគេបង្ខំឲ្យចាកចេញពីក្រុងប៉េកាំង។
អ្នករិះគន់ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា លោកត្រូវបានគេបង្ខំឲ្យចាកចេញពីក្រុងប៉េកាំង និងមិនត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅក្រុងប៉េកាំងវិញទេ រហូតទាល់តែកិច្ចប្រជុំបានបញ្ចប់។
លោកបាននិយាយថា៖ «គេមិនអនុញ្ញាតឲ្យខ្ញុំធ្វើអត្ថាធិប្បាយលើកំណែទម្រង់រដ្ឋធម្មនុញ្ញនោះទេ។ តាមពិតទៅ ប្រទេសទាំងមូលមិនត្រូវបានគេអនុញ្ញាតឲ្យរិះគន់អំពីកំណែទម្រង់នេះនោះទេ។ មិនមែនខ្ញុំតែម្នាក់ឯងនោះទេ»។
លោក Hu Jia អ្នករិះគន់ម្នាក់ ដែលត្រូវបានគេបង្ខំឲ្យនៅចាកចេញពីក្រុងប៉េកាំងបាននិយាយថា ការរឹតបន្តឹងបានរីករាលដាលកាន់តែខ្លាំងឡើង។
លោក Hu និយាយថា លោកនឹងបន្តនិយាយពីបញ្ហានេះ ទោះណាអាជ្ញាធរបង្ខំលោក និងអ្នកដទៃទៀតមិនឲ្យនិយាយក៏ដោយ។ លោកបាននិយាយទៀតថា ឃ្លាដែលចែងពីភាពស្របច្បាប់ដល់ការកាន់អំណាចបែបឯកបក្ស និងការលុបចោលនូវការកំណត់អាណត្តិប្រធានាធិបតីគឺផ្ទុយពីរដ្ឋធម្មនុញ្ញ។
លោក Hu បាននិយាយថា៖ «ការកំណត់អាណត្តិកាន់អំណាច ដើរតួជាយន្តការតែមួយគត់ក្នុងការត្រួតពិនិត្យតុល្យភាពអំណាចរបស់មេដឹកនាំកំពូល ដែលអាចកាន់តំណែងច្រើនបំផុតត្រឹម១០ឆ្នាំ។ នៅពេលដែលការកំណត់បែបនេះត្រូវគេលុបចោល នោះនឹងគ្មានយន្តការនេះតទៅទៀតទេ។ មេដឹកនាំអាចកាន់អំណាចបានលើសពី១០ឆ្នាំ រហូតអស់មួយជីវិតផងក៏ថាបាន»។
នៅអំឡុងពេលធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកចុងក្រោយកាលពីឆ្នាំឆ្នាំ២០០៤ បានស្នើឲ្យមានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ បើធៀបទៅនឹងវិសោធនកម្មនាពេលបច្ចុប្បន្ន ដែលកាលនោះមានការអនុញ្ញាតឲ្យសាធារណជនពិភាក្សាដោយចំហ ហើយការពិភាក្សានានាបានចាប់ផ្តើមជាង១ឆ្នាំមុនពេលការបោះឆ្នោតបានចាប់ផ្តើម។ ព័ត៌មានលម្អិតនៃការផ្លាស់ប្តូរជាក់លាក់នៃមាត្រានីមួយៗត្រូវបានគេផ្សព្វផ្សាយឲ្យសាធារណជនបានដឹងជាងពីរខែមុនការបោះឆ្នោតអនុម័តលើវិសោធនកម្ម។
វិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះត្រូវបានសម្រេច នៅពីក្រោយកិច្ចប្រជុំបិទទ្វារមួយ នៅពេលដែលមន្ត្រីបក្សគណបក្សកុម្មុយនិស្តជាង២០០នាក់បានជួបប្រជុំគ្នានៅក្នុងក្រុងប៉េកាំង កាលពីចុងខែមករាកន្លងមក។ បន្ទាប់ពីកិច្ចប្រជុំនេះ មិនមានការលើកឡើងពីវិសោធនកម្មដែលស្នើឡើងដើម្បីបញ្ចប់ការកំណត់អាណត្តិប្រធានាធិបតីនោះទេ។ សំណើនេះត្រូវបានគេលើកឡើងកាលពីចុងខែកុម្ភៈ គឺនៅមួយសប្តាហ៍មុនកិច្ចប្រជុំបានចាប់ផ្តើម។
ក្រៅពីការបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញ គណៈប្រតិភូ និងមន្ត្រីផ្សេងៗទៀត ដែលត្រូវបានជ្រើសតាំង និងតែងតាំងក្នុងកិច្ចប្រជុំនយោបាយនាពេលថ្មីៗនេះ នឹងចូលរួមស្បថសច្ចាប្រណិធាន ហើយនេះគឺជាលើកទី១ហើយ ដែលការស្បថនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនយោបាយប្រចាំឆ្នាំ។
លោក Wei Changhao និពន្ធនាយកនិងជាស្ថាបនិកនៃគេហទំព័រ NPC Observer បាននិយាយថា ពិធីស្បថនេះ ត្រូវបានគេចាត់ទុកថាជាពិធីផ្លូវការ ដោយសារតែគណៈប្រតិភូមិនអាចត្រូវបានគេប្តឹងពីបទបរាជ័យលើតួនាទីរបស់ខ្លួននោះទេ។ លោកបានបន្ថែមទៀតថា ប៉ុន្តែអាចមានគោលបំណងច្រើនជាងនេះទៀត ដែលតម្រូវឲ្យមន្ត្រីទាំងនោះស្បថនៅស្របពេលជាមួយគ្នានឹងកិច្ចប្រជុំទាំងនោះ។
លោក Wei បានបន្តថា៖ «ខ្ញុំគិតថា មូលហេតុចម្បងនេះគឺ យ៉ាងហោចណាស់ដើម្បីបង្ហាញដល់សាធារណជនថា គណបក្សនេះបាគិតគូពីរដ្ឋធម្មនុញ្ញ។ លើសពីនេះ ការធ្វើបែបនេះនឹងបណ្តុះស្មារតីដល់មន្ត្រីដែលត្រូវបានជ្រើសតាំង ឬតែងតាំង ឲ្យចង់ចាំពីបេសកកម្មរបស់ពួកគេ»។
លោក Wei បាននិយាយថា បើយោងតាមបទបញ្ញត្តិសម្រាប់ពិធីនេះ អ្នកស្បថសច្ចាប្រណិធាននឹងដាក់ដៃឆ្វេងរបស់ពួកគេនៅលើរដ្ឋធម្មនុញ្ញ និងលើកកណ្តាប់ដៃស្តាំរបស់ពួកគេឡើង។ គេនឹងចាក់បទភ្លេងជាតិរបស់ចិនក្នុងពេលធ្វើពិធីនេះផងដែរ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ