រដ្ឋាភិបាលចិនបានបិទ ឬក៏ដកហូតអាជ្ញាបណ្ណនៃវេបសាយចំនួន ១ ម៉ឺន ៣ ពាន់ តាំងពីឆ្នាំ ២០១៥ មក ដោយសារតែវេបសាយទាំងនោះបានរំលោភច្បាប់អ៊ីនធឺណិតរបស់ប្រទេស។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធព័ត៌មាន Xinhua នៅថ្ងៃអាទិត្យនេះ។
ដំណឹងនេះបានកើតឡើង ស្របពេលដែលគណបក្សកុម្មុយនិស្តចិនបន្តពង្រឹងច្បាប់អ៊ីនធឺណិតដ៏តឹងតែងរួចទៅហើយរបស់ខ្លួនបន្ថែមទៀត។ អ្នករិះគន់នានាបាននិយាយថា វិធានការនេះមានការកើនឡើងតាំងពីប្រធានាធិបតីចិនលោក Xi Jinping បានឡើងកាន់អំណាចកាលពីឆ្នាំ ២០១២ មក។
គណនីអ៊ីនធឺណិតជិត ១០ លានគណនី ក៏ត្រូវបានបិទផងដែរ ដោយសារតែបាន «រំលោភទៅលើលក្ខខណ្ឌប្រើប្រាស់»។ នេះបើតាមការបញ្ជាក់របស់ទីភ្នាក់ងារព័ត៌មាន Xinhua ដដែលនេះ ដែលចង់សំដៅទៅលើគណនីរបស់អ្នកប្រើប្រាស់បណ្ដាញព័ត៌មានសង្គមតាមអ៊ីនធឺណិត។
របាយការណ៍ឆ្នាំ ២០១៥ មួយរបស់អង្គការ Freedom House របស់សហរដ្ឋអាមេរិក បានរកឃើញថា ទោះបីជាមានចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតច្រើនជាងគេបំផុតនៅលើពិភពលោកក៏ដោយ ក៏ប្រទេសចិនជាប្រទេសមួយដែលមានគោលនយោបាយប្រើប្រាស់អ៊ីនធឺណិតតឹងតែងបំផុតក្នុងចំណោមប្រទេសចំនួន ៦៥ ដែលអង្គការ Freedom House នេះបានធ្វើការសិក្សា ដោយក្នុងនោះ ប្រទេសចិនមានចំណាត់ថ្នាក់ទាបជាងប្រទេសអ៊ីរ៉ង់ និងស៊ីរីទៅទៀត។
សម្រាប់ឆ្នាំ ២០១៧ នេះផ្ទាល់ ប្រទេសចិនបានធ្វើវិសោធនកម្មច្បាប់ថ្មីមួយចំនួន ដោយតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាបរទេសនានាផ្ទុកទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ដាក់កំហិតចំពោះអត្ថបទទាក់ទាញថ្មីៗនៅលើអ៊ីនធឺណិត និងធ្វើឲ្យកាន់តែលំបាកសម្រាប់អ្នកណាដែលចង់ប្រើកម្មវិធីកុំព្យូទ័រនានាដើម្បីអាចប្រើប្រាស់វេបសាយណាដែលរដ្ឋាភិបាលចិនហាមឃាត់បាន៕