ស្របពេលដែលរដ្ឋសភាសហរដ្ឋអាមេរិកត្រៀមបោះឆ្នោតលើកំណែទម្រង់ដ៏សំខាន់មួយចំពោះច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិកនៅក្នុងសប្ដាហ៍នេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានការពារគម្រោងចង់បំបែកកុមារអន្តោប្រវេសន៍គ្មានក្រដាសស្នាមមួយចំនួនពីឪពុកម្ដាយរបស់ពួកគេ។
ទោះបីជានេះជាការអនុវត្តដ៏កម្រក៏ដោយ ក៏នៅពេលឥឡូវនេះ ភ្នាក់ងាររបស់រដ្ឋាភិបាលសហព័ន្ធបានបំបែកក្រុមគ្រួសារណាដែលស្វែងរកសិទ្ធិជ្រកកោន ឬក៏ព្យាយាមចូលក្នុងទឹកដីសហរដ្ឋអាមេរិកដោយខុសច្បាប់។
កុមារប្រហែល ២ ពាន់ត្រូវបានបំបែកចេញពីក្រុមគ្រួសាររបស់ពួកគេនៅក្នុងរយៈពេល ៦ សប្ដាហ៍គិតត្រឹមចុងខែឧសភាកន្លងមក។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីរដ្ឋបាលលោកTrumpកាលពីសប្ដាហ៍មុន។
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Zeid Ra'ad Al Hussein បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ការណ៍ដែលចង់រារាំងឪពុកម្ដាយដោយការធ្វើឲ្យកូនៗរបស់ពួកគេឈឺចាប់គឺជារឿងដែល «មិនសមហេតុផល» ទាល់តែសោះ។
លោក Zeid Ra'ad Al Hussein បាននិយាយថា៖ «លោកប្រធានាធិបតីTrumpមនុស្សមិនបាត់បង់សិទ្ធិជាមនុស្សរបស់ខ្លួនដោយសារតែការឆ្លងព្រំដែនដោយគ្មានទិដ្ឋាការនោះទេ។ ខ្ញុំមានការសោកស្ដាយចំពោះការប្រើប្រាស់គោលនយោបាយរបស់ប្រទេសជាច្រើនដើម្បីធ្វើឲ្យប្រទេសទាំងនោះក្លាយជាកន្លែងដែលពិបាករស់នៅ ដោយការបង្កើនការឈឺចាប់បន្ថែមទៀតដល់អ្នកដែលរងគ្រោះភាគច្រើនរួចទៅហើយ»៕