សហរដ្ឋអាមេរិកបានផ្អាកផ្តល់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍គ្រប់ប្រភេទដល់ពលរដ្ឋមកពីប្រទេសតួកគី។ នេះបើយោងតាមស្ថានទូតអាមេរិកក្នុងទីក្រុង អង់ការ៉ា។
សេចក្តីថ្លែងការណ៍មួយពីស្ថានទូតអាមេរិកកាលពីថ្ងៃអាទិត្យមានសេចក្តីថា «ព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងពេលថ្មីៗនេះ បានបង្ខំឲ្យរដ្ឋាភិបាលអាមេរិកវាយតម្លៃឡើងវិញទៅលើការប្តេជ្ញារបស់រដ្ឋាភិបាលតួកគីចំពោះសន្តិសុខនៃទីតាំងនិងបុគ្គលិករបស់បេសកកម្មអាមេរិកនៅក្នុងប្រទេសនេះ»។
សេចក្តីថ្លែងការណ៍នេះមិនបានបញ្ជាក់អំពីមូលហេតុដែលខ្លួនត្រូវវាយតម្លៃឡើងវិញទៅលើការប្តេជ្ញារបស់តួកគីនោះទេ ហើយក៏មិនបានបញ្ជាក់ថា ការផ្អាកផ្តល់ទិដ្ឋាការនេះនឹងត្រូវបន្តដល់ពេលណានោះដែរ។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា «ដើម្បីកាត់បន្ថយភ្ញៀវមកកាន់ស្ថានទូតនិងស្ថានកុងស៊ុលរបស់យើង ខណៈដែលការវាយតម្លៃឡើងវិញនេះប្រព្រឹត្តទៅ ចាប់ពីពេលនេះតទៅ យើងផ្អាកការផ្តល់រាល់សេវាទិដ្ឋាការមិនមែនអន្តោប្រវេសន៍នៅគ្រប់បេសកកម្មអាមេរិកទាំងអស់នៅក្នុងប្រទេសតួកគី»។
កាលពីសប្តាហ៍មុន តួកគីបានចាប់ខ្លួនលោក Metin Topuz ជាបុគ្គលិកស្ថានកុងស៊ុលអាមេរិកម្នាក់និងជាជនជាតិតួកគី។ លោកត្រូវដោយចោទប្រកាន់ថា លោកមានទំនាក់ទំនងជាប្រចាំជាមួយនឹងមេដឹកនាំបណ្តាញមួយដែលតួកគីចោទប្រកាន់ថាជាបណ្តាញភេរវកម្ម និងជាអ្នកដឹកនាំការធ្វើរដ្ឋប្រហារបរាជ័យកាលពីឆ្នាំមុនដែលចង់ទម្លាក់លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan៕