ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គមស៊ីវិល៖ ក្រោម​សម្ពាធ EBA ​រដ្ឋាភិបាល​គ្រោង​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល


រូបឯកសារ៖ ប្រជា​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​អង្គការ គ្រាដែល​សមាជិក​សភា​គណបក្ស​ប្រជាជន អនុម័ត​ច្បាប់​អង្គការ​នោះ។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​អង្គការ គ្រាដែល​សមាជិក​សភា​គណបក្ស​ប្រជាជន អនុម័ត​ច្បាប់​អង្គការ​នោះ។ (នៅ វណ្ណារិន/VOA)

ស្របពេល​ដែល​សហភាព​អឺរ៉ុប​ត្រៀម​ចេញ​របាយការណ៍​​វាយតម្លៃ​លើក​ទីពីរ​អំពី​​ស្ថានភាព​កម្ពុជា​ ក្រោម​ក្របខណ្ឌ​អនុគ្រោះ​ពន្ធ​ EBA​ ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​​អំពី​កិច្ច​ពិគ្រោះ​យោបល់​មួយ​ជាមួយ​សង្គម​ស៊ីវិល​ ទាក់ទង​នឹង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​ក្រៅរដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស។

រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី​៤ ខែ​វិច្ឆិកា​ ជា​ពេល​ជួប​ពិគ្រោះ​យោបល់​ជាមួយ​តំណាង​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដើម្បី​ពិភាក្សា​លើ​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​ហៅ​កាត់​ថា​ LANGO។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ក្រសួង​មហាផ្ទៃ​ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈនៅ​ដើម​សប្តាហ៍​នេះ។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ យល់​ថា​ ការ​បន្ទន់​ជំហរ​របស់​រដ្ឋាភិបាល​ ដែល​បើក​ផ្លូវ​ឲ្យ​មាន​កិច្ច​ពិគ្រោះ​យោបល់​អំពី​សំណើ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ ជា​ផ្នែក​មួយ​នៃ​ការ​បំពេញ​ទៅ​តាម​ការ​ទាម​ទារ​របស់​សហភាព​អឺរ៉ុប​ ដែល​បាន​ផ្តើម​នីតិវិធី​សើរើ​ដក​កម្ពុជា​ចេញ​ពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ «អ្វីៗ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ»​ ឬ​ហៅថា​ EBA ដោយ​សារ​ការ​ធ្លាក់​ចុះ​ខ្សោយ​យ៉ាង​គំហុក​នៃ​ដំណើរការ​ប្រជាធិតេយ្យ​នៅ​កម្ពុជា។

លោក ឃុន ថារ៉ូ​ មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central) មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ​ កំពុង​ចាប់​ផ្តើម​ធ្វើ​ទៅ​តាម​សំណើ​របស់​សហភាព​អឺរ៉ុប​ ដែល​ដាក់​លក្ខខណ្ឌ​ឲ្យ​កម្ពុជា​ផ្តល់​សេរីភាព​ដល់​អង្គការ​សង្គម​ស៊ីវិល​ បំពេញ​ការងារ​ដោយ​មិន​រង​សម្ពាធ​ពី​អាជ្ញាធរ។

លោក​បន្ថែម​ថា​ នេះ​ជា​ចេតនា​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​នៅ​ត្រូវការ​ប្រព័ន្ធ​ឋានៈអនុគ្រោះ​ពន្ធ​សហភាព​អឺរ៉ុប ដែល​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចូល​ផលិតផល​ក្នុង​ស្រុក​របស់​ខ្លួន​មួយ​ចំនួន ទៅ​ក្នុង​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ដោយ​មិន​ចាំ​បាច់​បង់​ពន្ធ។

«ខ្ញុំ​គិត​ថា​ អាហ្នឹង​ជា​ផ្នែកមួយ​ដែល​រាជរដ្ឋាភិបាល​ ហាក់​បង្ហាញ​នូវ​ចេតនា​ នៅក្នុង​ការ​ថែរក្សា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហ្នឹង»។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូបនេះ​ កត់​សម្គាត់​ទៀត​ថា​ ការ​ប្រែប្រួល​របស់​រដ្ឋាភិបាល​ ដែល​ផ្តល់​ឱកាស​ឲ្យ​មាន​វិសោធនកម្ម​លើ​ច្បាប់​ដ៏​ចម្រូងចម្រាស​នេះ​ កើតមាន​ឡើង​ ក្រោយទស្សនកិច្ច​របស់​លោកស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅ​ប្រទេស​អាល្លឺម៉ង់​ ដែល​ជា​ប្រទេស​មាន​ឥទ្ធិពល​មួយ​ក្នុង​សហគមន៍​អឺរ៉ុប។

កាល​ពី​ឆ្នាំ​២០១៥ រដ្ឋសភា​ជាតិ​បាន​អនុម័ត​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​អនុម័ត​នេះ​ក៏​ដោយ។ បួន​ឆ្នាំ​ក្រោយ​ការ​អនុម័ត​ច្បាប់​នេះ​ ក្រុម​សង្គម​ស៊ីវិល​បានប្រឈម​នឹងផល​វិបាកក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន​មួយ​ចំនួន​ ដូច​ជា​នីតិវិធី​នៃ​ការ​ចុះបញ្ជី​ ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ​ និង​អាសយដ្ឋាន​ ការ​បើក​គណេនយ្យ​ធនាគារ​ ការ​បំពេញ​កាតព្វកិច្ច​ពន្ធដារ​ និង​ការ​ដាក់​ជូន​របាយការណ៍​ទៅ​ក្រសួង​មហាផ្ទៃ​ជាដើម។

យោង​តាម​ការ​សិក្សា​សង្ខេប​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​លើ​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ ​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​នេះ​ ត្រូវ​បាន​សរសេរ​ឡើង​ដោយ​មិន​ស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ និង​ក្រប​ខណ្ឌ​គតិ​យុត្តិ​ជាតិ​ និង​អន្តរជាតិ​ផ្សេង​ទៀត​នោះ​ទេ។

ចំណុច​រសើប​មួយ​ដែល​ត្រូវ​គេ​យក​មក​ធ្វើ​ការ​សិក្សា​នោះ​ គឺ​មាត្រា​២៤​ ដែល​ចែង​ថា​ សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត្យ​ចំពោះ​គណបក្ស​នយោបាយ​ទាំង​អស់​នៅ​កម្ពុជា។ ក្រសួង​មហា​ផ្ទៃ​អាច​ព្រមាន​សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​អំពី​ការ​លម្អៀង​ ហើយ​បើ​ការ​លម្អៀង​នេះ​នៅ​តែ​មាន​ ក្រសួង​អាច​លុប​ឈ្មោះ​សមាគម​ ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាលនោះ​ចេញ​ពី​បញ្ជី។ ការ​សិក្សា​សង្ខេប​នោះ​ ​បាន​ទាមទារ​ឲ្យ​លុបចោល​មាតា្រ​នេះ​ទាំង​ស្រុង។

លោក​ ស៊ឹង​ សែន​ករុណា​ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) ប្រាប់ VOA ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ កិច្ច​ពិគ្រោះ​យោបល់​ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្រសួង​មហា​ផ្ទៃ​សប្តាហ៍​ក្រោយ​នេះ​ អាច​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ដែល​នៅ​ចង់​បន្ត​រក្សា​ទុក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA។

«អាហ្នឹង​ក៏​ជា​ផ្នែក​មួយ​អាច​ បន្ធូរ​ឬ​ក៏​ដោះស្រាយ​នូវ​លក្ខខណ្ឌ​ដែល EBA ខាង​សហភាព​អឺរ៉ុប​ គេ​បាន​កំណត់​ហ្នឹង​មួយ​ផ្នែក​ដែរ»។

នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​ ការ​បកស្រាយ​ណា​មួយ​ ដែល​ភ្ជាប់​ប្រព័ន្ធ​អនុគ្រោះ EBA ​ទៅនឹង​ការ​ពិគ្រោះ​យោបល់​អំពី​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ ជា​«ការ​បញ្ចេញ​មតិ»។

លោក​បន្ថែមថា​ ក្រសួង​នឹង​ប្រើ​វេទិកា​ពិគ្រោះ​យោបល់​នោះ​ ប្រមូល​ធាតុ​ចូល​សម្រាប់​ការ​ពិចារណា​លើ​ការ​បើក​ឲ្យ​មាន​វិសោធនកម្ម​ច្បាប់​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ។

កញ្ញា​លី ស្រីស្រស់ ប្រធាន​អ្នកវិភាគ​វ័យ​ក្មេង​នៅ​កម្ពុជា​ យល់ថា​ ប្រសិន​បើ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដើម្បី​បើក​លំហរ​សេរីភាព​បន្ថែម​ដល់​អង្គការ​សង្គម​ស៊ីវិលពិត​មែន​នោះ​ វា​បង្ហាញ​ថា​ រដ្ឋាភិបាល​កំពុង​ផ្គាប់ចិត្ត​សហភាព​អឺរ៉ុប​ ក្រោម​ក្រប​ខណ្ឌ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ EBA។​

ក្រុមការងារ​របស់​សហភាព​អឺរ៉ុប​មួយ​នឹង​ចេញ​របាយការណ៍​នៃ​ការ​រក​ឃើញ​របស់​ខ្លួន​អំពី​បច្ចុប្បន្ន​ភាព​របស់​កម្ពុជា​ក្រោម​ក្របខ័ណ្ឌ​ EBA ​នៅ​ថ្ងៃទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ខាង​មុខ ហើយ​របាយ​ការណ៍​នេះ​នឹង​ត្រូវ​បញ្ជូន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​តប។ រដ្ឋាភិបាល​កម្ពុជា​នឹង​មាន​ពេល​បីខែ​ សម្រាប់​ធ្វើ​ការ​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​នេះ៕

XS
SM
MD
LG