នៅក្នុងបញ្ហាពាក់ព័ន្ធនឹងដំណើរការសវនាការកាលពីថ្ងៃពុធ និងថ្ងៃសុក្រសប្តាហ៍មុនអំពីថាតើលោក Trump ពិតជាបានបញ្ជាឲ្យផ្អាកជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីឲ្យអ៊ុយក្រែនស៊ើបអង្កេតនៅក្នុងពាណិជ្ជកម្មដែលជាប់ពាក់ព័ន្ធនឹងកូនប្រុសលោក Joe Biden ខាងគណបក្សប្រជាធិបតេយ្យដែលជាគូប្រជែងនយោបាយរបស់លោកTrump ដែរឬយ៉ាងណា។ លោក Trump បានហៅការស៊ើបអង្កេតចោទប្រកាន់លោក ថាជាការធ្វើទុក្ខបុកម្នេញ។ លោកប្រធានាធិបតី Donald Trump បានថ្លែងថា៖ «មិនដែលមានរឿងអាម៉ាសដូចនេះកើតឡើងទេនៅក្នុងប្រវត្តិសាស្រ្តប្រទេសរបស់យើង»។
លោក Ted មកពីទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន យល់ស្របនឹងការលើកឡើងរបស់ លោក Trump ដោយលោកបានថ្លែងថា៖ «ខ្ញុំគិតថា វាជារឿងគួរឲ្យអស់សំណើច ហើយខ្ញុំគិតថាវាធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិ។ វាធ្វើឲ្យមនុស្សមិនទុកចិត្តបណ្តាញផ្សព្វផ្សាយ និងមិនទុកចិត្តលើអ្នកនយោបាយ»។
អ្នករិះគន់លោក Trump ម្នាក់គិតថាសវនាការនេះមានសារៈសំខាន់។ លោក Kent Braithwaite មកពីរដ្ឋ California មកមើលសវនាការនៅរដ្ឋធានីវ៉ាស៊ីនតោន។ លោកបាននិយាយថា៖ «យើងត្រូវតែបង្ហាញការគាំទ្ររបស់យើងចំពោះតម្លៃប្រជាធិបតេយ្យ និងតម្លៃរបស់អាមេរិក»។
ក្រុមនិស្សិតនៅឯសាកលវិទ្យាល័យ Southern California បានមើលសវនាការនេះតាមទូរទស្សន៍ដូចមនុស្សរាប់លាននាក់ទៀតនៅទូទាំងប្រទេស។
នាង Catherine Orihuela ដែលជានិស្សិតម្នាក់បាននិយាយថា៖ «ខ្ញុំទើបគ្រប់អាយុអាចបោះឆ្នោតបាននៅឆ្នាំនេះ។ ខ្ញុំកំពុងព្យាយាមស្វែងយល់បន្ថែមអំពីដំណើរការបោះឆ្នោត ជាពិសេសគឺអំពីដំណើរស៊ើបអង្កេតចោទប្រកាន់ប្រធានាធិបតីនេះថាតើនឹងប៉ះពាល់អ្វីខ្លះដល់ការបោះឆ្នោតនៅឆ្នាំក្រោយនេះ»។
សម្រាប់មនុស្សមួយចំនួនយល់ថាវាគឺជាឈុតឆាកនយោបាយ។ John Ricker ជានិស្សិតទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រនាពេលថ្មីៗនេះនិយាយថា៖ «ខ្ញុំចូលចិត្តមើលសវនាការ។ វាល្អមើលណាស់» ។
សម្រាប់អ្នកផ្សេងទៀតយល់ថា វាជាឱកាសដើម្បីបំបែកការពិតចេញពីមនោសញ្ចេតនា។ និសិ្សតឈ្មោះ Alexia Nutting និយាយថា៖ «ខ្ញុំពិតជាកំពុងផ្តោតខ្លាំងលើភស្តុតាងដែលត្រូវបានបង្ហាញ និងសាក្សីនានា នៅក្នុងសវនាការ។ ខ្ញុំមិនផ្តោតលើការបញ្ចេញទស្សនៈផ្ទាល់ខ្លួនទេ»។
ពលរដ្ឋអាមេរិកាំង៥០ភាគគាំទ្រដំណើរការស៊ើបអង្កេតនេះ ហើយជាង៤០ភាគរយទៀតប្រឆាំងនឹងដំណើរការនេះ។ នេះគឺជាដំណើរការស៊ើបអង្កេតចោទប្រកាន់ទម្លាក់ប្រធានាធិបតីចេញពីតំណែងលើកទីបីហើយ ដែលប្តីប្រពន្ធមួយគូបានដឹងឮនៅក្នុងជីវិតរបស់ពួកគេ។ អ្នកស្រី Regina ដែលជាភរិយាថ្លែងថា៖ «យើងបានឆ្លងកាត់រឿងនេះតាំងពីជំនាន់រឿងក្តី Watergate មកម៉្លេះ»។
ចំណែកឯលោក Jay Rice ដែលជាស្វាមីបានថ្លែងថា៖ «យើងមិនបានមកមើលសវនាការស៊ើបអង្កេតលើអតីតប្រធានាធិបតីលោក Nixon និងលោក Clinton ទេ។ តែលើកនេះយើងគិតថាយើងគួរតែមកមើល»។
ការដកប្រធានាធិបតីចេញពីតំណែងតម្រូវឲ្យរដ្ឋសភាអនុម័តលើបទចោទប្រកាន់ទម្លាក់ប្រធានាធិបតី និងការផ្តន្ទាទោសនៅក្នុងព្រឹទ្ធសភា ដែលទំនងជានឹងមិនទទួលបានការផ្តន្ទាទោសនេះទេ ដោយសារតែនៅព្រឹទ្ធសភាមានសមាជិកភាគច្រើនមកពីខាងគណបក្សសាធារណរដ្ឋ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា