នៅថ្ងៃចន្ទនេះ បេក្ខជនឈរឈ្មោះបោះឆ្នោតសភាអាមេរិកាំង និងអ្នកតស៊ូមតិល្បីឈ្មោះនានាបានប្រើប្រាស់ថ្ងៃចុងក្រោយពេញមួយថ្ងៃរបស់ពួកគេនេះដើម្បីឃោសនាបោះឆ្នោត ដោយព្យាយាមទាក់ទាញអ្នកបោះឆ្នោត ស្របពេលដែលគណបក្សនយោបាយធំៗទាំងពីរនៅក្នុងសហរដ្ឋអាមេរិកកំពុងប្រជែងគ្នាដើម្បីគ្រប់គ្រងព្រឹទ្ធសភា និងរដ្ឋសភានៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិប្រធានាធិបតីអាមេរិកដែលនឹងចូលមកដល់នៅថ្ងៃអង្គារស្អែកនេះ។
ប្រធានាធិបតីអាមេរិកលោក Donald Trump ចង់ឲ្យអ្នកសមាជិកគណបក្សសាធារណរដ្ឋរបស់លោកនៅតែមានសំឡេងភាគច្រើននៅក្នុងសភាទាំងពីរថ្នាក់។ ចំណែកឯគណបក្សប្រជាធិបតេយ្យវិញកំពុងចង់បំបែកភាពផ្ដាច់មុខរបស់គណបក្សសាធារណរដ្ឋនេះ។
អ្នកវិភាគនយោបាយ និងលទ្ធផលនៃការស្ទង់មិតកន្លងមកបង្ហាញថា គណបក្សប្រជាធិបតេយ្យមានឱកាសល្អជាងនៅក្នុងការឈ្នះបានអាសនៈភាគច្រើនត្រឡប់មកវិញនៅក្នុងរដ្ឋសភាជាងនៅក្នុងព្រឹទ្ធសភា។
នៅថ្ងៃអង្គារស្អែកនេះ អ្នកបោះឆ្នោតនឹងជ្រើសរើសបេក្ខជនសម្រាប់បំពេញអាសនៈទាំង ៤៣៥ នៃរដ្ឋសភា និងអាសនៈចំនួន ៣៥ ក្នុងចំណោមអាសនៈទាំង ១០០ នៃព្រឹទ្ធសភា។
បន្ថែមទៅនឹងការប្រជែងអាសនៈសភាទាំងពីរថ្នាក់ រដ្ឋចំនួន ៣៦ ក្នុងចំណោមរដ្ឋទាំង ៥០ នៅក្នុងសហរដ្ឋអាមេរិកនឹងបោះឆ្នោតជ្រើសរើសអភិបាលរដ្ឋរបស់ខ្លួនផងដែរនៅថ្ងៃអង្គារស្អែកនេះ។ សព្វថ្ងៃនេះមានអភិបាលរដ្ឋខាងគណបក្សសាធារណរដ្ឋចំនួន ៣៣ នាក់ ខាងគណបក្សប្រជាធិបតេយ្យចំនួន ១៦ នាក់ និងអភិបាលរដ្ឋឯករាជ្យម្នាក់។
ជាងនេះទៀត អ្នកបោះឆ្នោតក៏នឹងត្រូវបោះឆ្នោតសម្រេចលើគម្រោងផ្ដួចផ្ដើមមួយចំនួនរបស់រដ្ឋនីមួយៗផងដែរ ដូចជាថាតើគួរត្រូវអនុញ្ញាតឲ្យការប្រើប្រាស់កញ្ឆាជារឿងស្របច្បាប់ ឬក៏ការពង្រីកបន្ថែមនូវការធានារ៉ាប់រងសុខភាពសម្រាប់អ្នកក្រីក្រជាដើម៕
នៅថ្ងៃច័ន្ទនេះ លោក Trump នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ Ohio រដ្ឋ Indiana និងរដ្ឋ Missouri៕