អ្នកស្រី កាក់ ចន្ធី អាយុ៣៨ឆ្នាំមានស្រុកកំណើតនៅខេត្តព្រៃវែងជាតារាចម្រៀង ដ៏ល្បីនៃក្រុមតន្ត្រីរ៉ក់ ខ្មែរ-អូស្ត្រាលី The Cambodian Space Project បានទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយកាលពីរំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៨ ក្នុងរាជធានីភ្នំពេញ។
មរណភាពរបស់អ្នកស្រីបានបន្សល់នូវភាពអាឡោះអាល័យនិងសោកស្តាយ យ៉ាងខ្លាំងពីក្រុមអ្នកសិល្បៈនិងរួមទាំងស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេស កម្ពុជាផងដែរ។ ទន្ទឹមនឹងការស្រណោះអាល័យនេះ មរណភាពអ្នកស្រីក៏បានបន្សល់ទុក ផងដែរនូវកម្រងបទចម្រៀងជាច្រើនដែលទទួលបានការគាំទ្រលើ ឆាកអន្តរជាតិ។ បទចម្រៀងទាំងនោះរួមមានបទចម្រៀង Rock'n'Roll របស់ខ្មែរ កាលពីទសវត្សរ៍ឆ្នាំ១៩៦០ និងចម្រៀងបង្កើតថ្មីផ្ទាល់ខ្លួន ដូចជាបទ «ឆ្នាំអូន១៦» បទ «ផ្អែមណាស់ស្នេហា» បទ «Whisky Cambodia» បទ«ភ្លៀងធ្លាក់មកហើយ» ឬ «Here Comes The Rain» និង បទ «មាន VISA អត់មានបាយ» ឬ «Have Visa, No Have Rice» ជាដើម។
អ្នកស្រី កាក់ ចន្ធី ធ្លាប់បានទទួលការគាំទ្រក្នុងពេលសម្តែងនៅប្រទេសបារាំង សហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀត នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនក្នុងសាលមហោស្រពសិល្បៈវប្បធម៌ The Kennedy Center កាលពី ខែកញ្ញា ឆ្នាំ២០១៧ ការសម្តែងរបស់អ្នកស្រីនិងក្រុមតន្ត្រីរ៉ក់ ខ្មែរ-អូស្ត្រាលី The Cambodian Space Project ទទួលបានការពេញចិត្ត និងការគាំទ្រពីអ្នកទស្សនារាប់រយនាក់ដែលចូលរួមទស្សនាពេញសាលមហោស្រពនោះ៕