លិខិតរបស់ Alex មកពីទីក្រុង Scarsdale រដ្ឋ New York ផ្ញើទៅកាន់លោកប្រធានាធិបតី បារ៉ាក់ អូបាម់ា ហើយផ្តល់ការស្នាក់នៅដល់ក្មេងប្រុស Daqneesh ដែលធ្វើឲ្យពិភពលោករំជួលចិត្តនៅពេលដែលរូបថតរបស់ក្មេងប្រុសដែលប្រឡាក់ឈាមជោគជាំ និងពោរពេញទៅដោយធូលីត្រូវបានចែកចាយយ៉ាងច្រើន។
Alex បានសរសេរថា៖ «ពួកយើងនឹងរង់ចាំអ្នកទាំងអស់គ្នាដោយមានទង់ជាតិ ផ្កា និងប៉េងប៉ោង។ ពួកយើងនឹងផ្តល់គ្រួសារមួយដល់គាត់ហើយ និងចាត់ទុកគាត់ជាប្អូនប្រុសរបស់យើង»។ Alex ក៏បានឲ្យដឹងទៀតថា រូបគេនឹងបង្រៀនអង់គ្លេសនិងគណិតវិទ្យាដល់ Daqneesh។ ហើយ Alex ក៏នឹងចែកកង់របស់ខ្លួនឲ្យ Daqneesh ជិះផងដែរ។
សំបុត្ររបស់ Alex បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលលោកអូបាម៉ាអានសំបុត្រនេះឡើងនៅឯអង្គការសហប្រជាជាតិ។
សេតវិមានបានបង្ហោះវីដេអូដែល Alex អានសំបុត្រនេះ ហើយសេតវិមានក៏បានបង្ហោះសំបុត្រនេះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនផងដែរ ដែលមានការទស្សនាជាង៧លានដង។
ស្ត្រីម្នាក់មកពីរដ្ឋ Texas បានសរសេរបញ្ចេញមតិយោបល់ថា៖ «កុមារអាយុ៦ឆ្នាំមានមនុស្សធម៌ ក្តីស្រឡាញ់ និងការយោគយល់ជាងមនុស្សពេញវ័យភាគច្រើន។ ពិតជាកិត្តិយសមួយសម្រាប់ឪពុកម្តាយពិតមែន»។ នៅក្នុងសុន្ទរកថានៅឯអង្គការសហប្រជាជាតិ លោកអូបាម៉ាជំរុញឲ្យប្រទេសអ្នកមានជួយដល់ជនភៀសខ្លួនស៊ីរីឲ្យបានច្រើនជាងនេះ។ ឆ្នាំនេះអាមេរិកទទួលយកជនភៀសខ្លួនស៊ីរីមួយម៉ឺននាក់ ហើយមានគម្រោងទទួលយកជនភៀសខ្លួន១១០.០០០នាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០១៧៕