អ្នកតាមដានមួយចំនួនបានរិះគន់ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅកម្ពុជា ដូចការបង្ហាញរូបភាពយុវជនពិសាស្រាបៀរត្រូវរង្វាន់នៅលើកញ្ចក់ទូរទស្សន៍ជាដើម។ អ្នកតាមដានជំរុញឱ្យរដ្ឋាភិបាលមានវិធានការកំហិតការផ្សព្វផ្សាយគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយ និងពន្លឿនច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង ដែលជាប់គាំងជិត ១០ ឆ្នាំ មកហើយ។
ការរិះគន់នេះកើតឡើងក្រោយមានការបង្ហោះរូបភាពរបស់យុវជនពីរនាក់ និងយុវតីពីរនាក់ពិសាស្រាបៀរកម្ពុជានៅលើសង្វៀនប្រដាល់ ដែលត្រូវបានផ្សព្វផ្សាយដោយទូរទស្សន៍ BTV។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ ប្រាប់វីអូអេថា ការផ្សព្វផ្សាយគ្រឿងស្រវឹងគួរតែត្រូវបានហាមឃាត់ដូចបារីដែរ ពីព្រោះវាបង្កផលប៉ះពាល់ដល់សង្គម ហើយការពិសាគ្រឿងស្រវឹងកាន់តែច្រើនវានឹងបង្កើតឱ្យមានការចំណាយនៅក្នុងសង្គមកាន់តែច្រើន ដូចជាគ្រោះថ្នាក់ដែលបង្កដោយគ្រឿងស្រវឹងជាដើម។ លោកបន្ថែមថា ការបង្ហាញក្មេងៗពិសាគ្រឿងស្រវឹងនៅលើកញ្ចក់ទូរទស្សន៍ហាក់មិនសមរម្យឡើយ ហើយជាការលើកទឹកចិត្តឱ្យពិសាគ្រឿងស្រវឹងកាន់តែច្រើន។ លោកបារម្ភថា ការពិសាគ្រឿងស្រវឹងនេះនឹងក្លាយជាវិបត្តិសង្គមទៅថ្ងៃខាងមុខ ប្រសិនបើមិនមានវិធានការរឹតបន្តឹង។
លោកថ្លែងថា៖ «រដ្ឋាភិបាលគួរពិចារណាមានវិធានការដើម្បីទប់ស្កាត់នូវការផ្សព្វផ្សាយការប្រើប្រាស់គ្រឿងស្រវឹងនេះ ហើយអាចនឹងដាក់បន្ទុកពន្ធទៅលើគ្រឿងស្រវឹងហ្នឹងឱ្យកាន់តែច្រើន ដើម្បីឱ្យតម្លៃគ្រឿងស្រវឹងហ្នឹងកើនឡើង គុណនឹងពីរគុណនឹងបី ដើម្បីកាត់បន្ថយការប្រើប្រាស់»។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ប្រាប់វីអូអេថា ការផ្សព្វផ្សាយគ្រឿងស្រវឹងដែលមានរូបយុវជនពិសាគ្រឿងស្រវឹងមិនគួរកើតមានឡើយ។ លោកជំរុញឱ្យក្រសួងព័ត៌មានពិនិត្យមើលលើការផ្សព្វផ្សាយ ដើម្បីធានាថា គ្រឿងស្រវឹងមិនត្រូវបានលើកទឹកចិត្តក្នុងចំណោមអ្នកប្រើប្រាស់។
លោកប្រាប់វីអូអេថា៖ «ការផឹកឬមិនផឹកជារឿងការសម្រេចចិត្តខ្លួនគាត់ទៅបាទ។ ទុកអ៊ីចឹងទៅបាទ។ ក៏ប៉ុន្តែកុំទៅផ្សព្វផ្សាយ កុំទៅលើកទឹកចិត្ត កុំទៅទាក់ទាញ ឱ្យមានការប្រើប្រាស់។
លោកបន្ថែមថា៖ «នេះជារឿងអាម៉ាស និងជារឿងដែលគួរឱ្យអៀនខ្មាសបំផុតបាទ។ ហើយក៏ជារឿងមួយអាជ្ញាធរថាតើខ្លួនហ្នឹងតម្រង់ទិសពលរដ្ឋ តម្រង់ទិសយុវជនកម្ពុជាទៅរកអី? ទៅរកការប្រមឹក ទៅរកអបាយមុខ ឬក៏ទៅរកការរៀនសូត្រ»។
លោក យង់ គិមអេង បន្ថែមថា រដ្ឋាភិបាលគួរតែពន្លឿនច្បាប់គ្រឿងស្រវឹង ដើម្បីអាចប្រើប្រាស់ជាវិធានការមួយក្នុងការទប់ស្កាត់។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំថា គួរតែហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង គួរតែមានច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង។ បើយើងមិនមានច្បាប់ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹងនេះ សង្គមយើងនឹងកាន់តែអនោចអធមសម្រាប់យុវជន សម្រាប់ពលរដ្ឋកម្ពុជា»។
កាលពីកន្លងទៅ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ឬហៅថា PDP-Center បានធ្វើយុទ្ធនាការស្នើទៅរដ្ឋាភិបាលដំឡើងពន្ធស្រាបៀរ និងស្រាក្នុងប្រទេសកម្ពុជា។
បើតាមលោក យង់ គិមអេង បច្ចុប្បន្ននេះ រដ្ឋាភិបាលបានយកពន្ធលើស្រាបៀរចំនួន ៣០% និងស្រា ចំនួន ៣៥%។ អង្គការរបស់លោកស្នើរដ្ឋាភិបាលបង្កើនពន្ធ ១០% បន្ថែមទៀត។
សេចក្តីព្រាងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ដែលត្រូវបានព្រាងតាំងពីឆ្នាំ ២០១៥នោះ មិនអនុញ្ញាតឱ្យយុវជនអាយុក្រោម ២១ ឆ្នាំ ប្រើប្រាស់គ្រឿងស្រវឹងនោះទេ ហើយច្បាប់នេះនឹងដាក់បន្ទុកពន្ធខ្ពស់ទៅលើគ្រឿងស្រវឹង និងរឹតបន្តឹងលើការបើកលក់គ្រឿងស្រវឹងពេលយប់ជាដើម។
មាត្រា ១៣ នៃសេចក្តីព្រាងច្បាប់នេះចែងអំពីការហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីម៉ោង ១២ យប់ដល់ម៉ោង ៦ ព្រឹក លើកលែងតែទីតាំងមួយចំនួនដែលកំណត់ដោយអនុក្រឹត្យ។ អ្នកដែលប្រព្រឹត្តខុសពីមាត្រានេះអាចជាប់ពន្ធនាគារពី ១ ខែទៅ ៦ ខែ និងពិន័យជាប្រាក់ពី ១០ ម៉ឺនរៀលទៅ ១លានរៀល។ ចំណែកមាត្រា ៣៣ នៃសេចក្តីព្រាងច្បាប់នេះចែងថា ហាមអំពើលក់ ឬចែកចាយផលិតផលគ្រឿងស្រវឹងគ្រប់ប្រភេទ ដល់ជនដែលមានអាយុក្រោម ២១ ឆ្នាំ ស្រ្តីមានគ័ភ៌ កាលបើគ័ត៌នោះត្រូវបានគេឃើញជាក់ស្តែង ឬកាលបើខ្លួនបានដឹង ឬជនស្ថិតនៅក្រោមស្ថានភាពស្រវឹងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ ការបំពានមាត្រានេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃទៅ ១ ខែ និងពិន័យជាប្រាក់ពី ១០ ម៉ឺនរៀល ទៅ ១លានរៀល។
កាលពីឆ្នាំ ២០១៥ អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់ឱ្យដឹងថា ក្រសួងនឹងបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីគ្រឿងស្រវឹងទៅរដ្ឋាភិបាល ដើម្បីអនុម័តឱ្យបានឆាប់។ ប៉ុន្តែគេមិនទាន់ដឹងនៅឡើយទេថា ហេតុអ្វីមិនទាន់មានការអនុម័តច្បាប់នេះរហូតមកដល់ពេលនេះ។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងអ្នកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបាននៅឡើយទេ។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បង្វែរសំណួរទៅខាងក្រសួងសុខាភិបាលវិញ។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ប្រាប់វីអូអេតាមរយៈបណ្ដាញទំនាក់ទំនងតេឡេក្រាមថា ក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ក្រសួងព័ត៌មានបានចេញជាសារាចរ និងសេចក្តីណែនាំនានាដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងលើខ្លឹមសារនៃស្ប៉តពាណិជ្ជកម្ម ពេលនៃការផ្សាយ មិនឱ្យភ្ជាប់ជាមួយកម្មវិធីព័ត៌មាន តន្ត្រី កីឡា និងកម្មវិធីមួយចំនួនទៀតដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ លោកបន្ថែមថា ក្រសួងតែងបានចេញសេចក្តីជូនដំណឹងអំពីការហាមប្រាមមិនឱ្យមានការចាក់ផ្សាយស្ប៉តពាណិជ្ជកម្មក្នុងឱកាសនៃពិធីបុណ្យនានាដូចជា បុណ្យវិសាខបូជា បុណ្យមាឃបូជា ពិធីបុណ្យប្រពៃណីជាតិធំៗ និងក្នុងអំឡុងរដូវកាលនៃការបោះឆ្នោតនានានៅកម្ពុជា។
អ្នកនាំពាក្យរូបនោះថ្លែងថា៖ «ក្រសួងព័ត៌មានបានសង្កេតឃើញថា កន្លងទៅ ម្ចាស់គ្រឹះស្ថានប្រព័ន្ធផ្សព្វផ្សាយបានចូលរួមអនុវត្តនូវសារាចរ និងសេចក្តីណែនាំរបស់ក្រសួង បានមួយចំនួនហើយ ប៉ុន្តែក្រសួងសូមអំពាវនាវដល់ម្ចាស់គ្រឹះស្ថាន ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅទូទាំងប្រទេស ឱ្យអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពនូវរាល់សារាចរនិងសេចក្តីណែនាំពាក់ព័ន្ធទាំងអស់»។
ការស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយក្រសួងសុខាភិបាល និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀត បានបង្ហាញថា បុរស ៧ នាក់ ក្នុងចំណោម ១០ នាក់ ដែលស្មើប្រមាណ ៧០% សេពគ្រឿងស្រវឹង។ នេះបើយោងតាមរបាយការណ៍ស្តីពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ២០២១-២០២២ ដែលចេញផ្សាយកាលពីថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៣។
ការស្ទង់មតិបង្ហាញថាក្នុងមួយខែ បុរស ១០% ពិសាគ្រឿងស្រវឹងជារៀងរាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃ។ ចំណែក បុរស ៦០% សេពគ្រឿងស្រវឹងពី ១ ថ្ងៃទៅ ៥ ថ្ងៃ។ បុរស ១៨% ពិសាគ្រឿងស្រវឹង ៦ ថ្ងៃទៅ ១០ ថ្ងៃ និង បុរស ១២% ពិសាគ្រឿងស្រវឹងពី ១១ ថ្ងៃទៅ ២៤ ថ្ងៃ៕
វេទិកាបញ្ចេញមតិ