កំណត់និពន្ធ៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានអនុម័តសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាណា ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្ស។
លោក អាឡាំង ឡូវឹនសល អ្នកតំណាងរាស្រ្តប្រចាំរដ្ឋ កាលីហ្វញ៉ា នៃគណបក្សប្រជាធិបតេយ្យនិងជាអ្នកគាំទ្រច្បាប់នេះ និងបានបញ្ជាក់ថា ការអត់ធ្មត់របស់សហរដ្ឋអាមេរិកបានមកដល់ទីបំផុតហើយ និងត្រូវតែប្រើវិធានការក្តៅលើលោក ហ៊ុន សែន និងរបបរបស់លោក។
លោក ឡូវឹនសល បានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេង នៃ VOA។
VOA៖ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានបង្កើតប្រវត្តិសាស្រ្តថ្មីមួយទៀតដោយការអនុម័តសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាដែលលោកបានគាំទ្រ។ ដូច្នេះតើសារអ្វីខ្លះនៅពេលនេះដែលសភាសហរដ្ឋអាមេរិកចង់បញ្ជូនទៅឱ្យកម្ពុជា?
លោក ឡូវឹនសល៖ អ្នកតំណាងរាស្រ្ត ឆាបុត្រ និងខ្ញុំក្នុងឋានៈជាសហប្រធាននៃក្រុមតំណាងឱ្យសហគមន៍ខ្មែរចង់បញ្ជាក់ជំហររួមគ្នា ហើយអ្វីដែលខ្ញុំនិយាយនៅពេលនេះក៏ដូចជាតំណាងឱ្យសហប្រធានរបស់ខ្ញុំដែរ គឺច្បាប់នេះនឹងបង្កកទ្រព្យសម្បត្តិនៅក្នុងសហរដ្ឋអាមេរិកនិងការផ្ទេរហិរញ្ញវត្ថុនៅក្នុងសហរដ្ឋអាមេរិក និងមិនឱ្យមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា យោធា និងកងកម្លាំងសន្តិសុខចូលក្នុងសហរដ្ឋអាមេរិក នៅពេលណាដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានសម្រេចថាបុគ្គលណាម្នាក់ធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នេះគឺជារឿងសំខាន់។ អ្វីដែលយើងនិយាយនៅពេលនេះគឺថា ប្រទេសកម្ពុជាឥឡូវនេះបង្វែរទិសនៃសេរីភាពសារព័ត៌មាន។ ពួកគេបំបាត់ក្រុមប្រឆាំងនយោបាយ។ ពួកគេរៀបចំការបោះឆ្នោតក្លែងក្លាយ។ ឥឡូវនេះសភាជាតិនិយាយប្រាប់ទៅលោកប្រធានាធិបតីថា «លោកប្រធានាធិបតី លោកត្រូវតាមចាប់ពួកនោះឱ្យទទួលខុសត្រូវហើយយើងបញ្ជូនសារទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា យើងចាប់ឱ្យលោកទទួលខុសត្រូវ។ លោកជាអ្នកទទួលខុសត្រូវ។ លោកមិនអាចប្រើប្រាស់ទ្រព្យដែលលោកមាននៅសហរដ្ឋអាមេរិក។ រហូតដល់លោកកែប្រែ»។ យើងបង្ហាញមុខលោកហើយ។ លោកប្រធានាធិបតីត្រូវតែបង្ហាញមុខអ្នកទាំងនោះរហូតទាល់តែមានការកែប្រែយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាដែលក្នុងនោះគឺអ្វីដែលបានសន្យាចំពោះពលរដ្ឋកម្ពុជាកាលពីឆ្នាំ១៩៩១ថារៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែលត្រូវបានលុបបំបាត់ចោលអស់ហើយ។
VOA៖ តើលោកមានសុទ្ទិដ្ឋិនិយមទេថាសេចក្តីស្នើច្បាប់នេះនឹងត្រូវបានអនុម័តនៅក្នុងព្រឹទ្ធសភាហើយនឹងមិនប្រឈមមុខនឹងជោគវាសនាដូចសេចក្តីស្នើច្បាប់លើកមុនដែលត្រូវបានអនុម័តរួចហើយ?
លោក ឡូវឹនសល៖ អ្វីដែលកើតឡើងនៅពេលនោះ គឺនៅចុងបញ្ចប់នីតិកាលរបស់សភាតំណាងរាស្រ្តហើយទើបយើងអនុម័តសេចក្តីស្នើច្បាប់នោះហើយបញ្ជូនទៅព្រឹទ្ធសភា។ ការណ៍នោះកើតឡើងនៅមុនការបោះឆ្នោតឆ្នាំ២០១៨។ ព្រឹទ្ធសភាមិនបានយកច្បាប់នោះមកពិភាក្សាទេដោយសារតែពួកគេមិនមានពេល។ ឥឡូវនេះយើងនឹងនិយាយជាមួយនឹងសមាជិកព្រឹទ្ធសភានោះឱ្យគេយកច្បាប់នេះមកពិភាក្សា។ សមាជិកព្រឹទ្ធសភា Graham មានសេចក្តីស្នើច្បាប់ដែលប្រហាក់ប្រហែលហ្នឹងដែរគឺ CARI Act។ សេចក្តីស្នើច្បាប់ទាំងពីរពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩១ និងការសន្យាក្រោយឆ្នាំ២០១៣ថាការបោះឆ្នោតឆ្នាំ២០១៨នឹងធ្វើឡើងដោយសេរីនិងត្រឹមត្រូវប៉ុន្តែមិនបានធ្វើដូចការសន្យាទេ។ ដូច្នេះយើងមានការលើកទឹកចិត្តថាខាងព្រឹទ្ធសភានឹងយកច្បាប់នេះមកពិចារណាបន្ត។
VOA៖ ប្រសិនបើទទួលបានការអនុម័តហើយលោកប្រធានាធិបតីប្រកាសឱ្យប្រើប្រាស់ តើសេចក្តីស្នើច្បាប់ទាំងនេះអាចយកមកប្រើប្រាស់ឆាប់ប៉ុណ្ណាដែរដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅក្នុងពេលដែលថ្នាក់ដឹកនាំប្រទេសបានបដិសេធចោលសញ្ញាណទាំងនេះ?
លោក ឡូវឹនសល៖ ជាដំបូងគឺយើងត្រូវឱ្យសេចក្តីស្នើច្បាប់ទាំងនេះទទួលបានការអនុម័តសិន ទាំងសេចក្តីស្នើច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជា ដែលមាននៅសភាតំណាងរាស្ត្រនិងព្រឹទ្ធសភា។ ឥឡូវនេះច្បាប់ផ្ទាល់របស់យើងគឺច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា។
ខ្ញុំគិតថាឥឡូវនេះមានសេចក្តីស្នើច្បាប់ដែលទាមទារឱ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវច្រើនជាងមុន។ ខ្ញុំគិតថាសភាសហរដ្ឋអាមេរិកចាប់ផ្តើមចាប់អារម្មណ៍ហើយនិងសូម្បីតែលោកប្រធានាធិបតីក៏ចាប់អារម្មណ៍ដែរ។ ដូច្នេះយើងត្រូវចាត់វិធានការជាក់លាក់ តាមរយៈច្បាប់ប្រជាធិបតេយ្យកម្ពុជា ច្បាប់ពាណិជ្ជកម្ម ច្បាប់ទទួលខុសត្រូវ គឺយើងត្រូវតែឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ទទួលខុសត្រូវ។ ពួកគេទទួលបានពាណិជ្ជកម្ម។ ពួកគេចរាចរណ៍ទ្រព្យរបស់ពួកគេប៉ុន្តែពួកគេបដិសេធចោលនូវមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ ពួកគេបានលុបចោលអស់ហើយបានបំបាត់បក្សប្រឆាំង។ ដូច្នេះយើងសង្ឃឹមថាសភាអាណត្តិនេះនឹងពិនិត្យអនុម័តច្បាប់ទាំងអស់នេះបាន។ គោលបំណងគឺដើម្បីឱ្យរដ្ឋាភិបាលទទួលខុសត្រូវលើអ្វីដែលពួកគេបានសន្យា។ យើងមិនបានទាមទារអ្វីដែលថ្មីដែលគួរឱ្យតក់ស្លុតទេ។ យើងគ្រាន់តែរំលឹកថាលោកទទួលបានឋានៈអនុគ្រោះពន្ធពីយើង ហើយឋានៈអនុគ្រោះពន្ធនេះគឺសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបកំពុងតែពិនិត្យមើល។ មន្ត្រីរបស់លោកអាចចេញចូលសហរដ្ឋអាមេរិកបានប៉ុន្តែលោកនៅតែបដិសេធចោលមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។
VOA៖ តើគួរតែមានបន្ទាត់ក្រហមដាច់ខាតលើលោក ហ៊ុន សែន និងបក្សពួកក្នុងរបបរបស់គាត់ទេ ពីព្រោះឥឡូវនេះហាក់ដូចជានៅទន់ភ្លន់ចំពោះលោក ហ៊ុន សែន នៅឡើយ?
លោក ឡូវឹនសល៖ យើងមិនទាន់បានធ្វើអ្វី ទាំងអស់។ យើងមិនទាន់បានក្រោកឈរប្រឆាំងនឹងគាត់នៅឡើយទេ។ លោកនិយាយត្រូវហើយគឺត្រូវតែមានបន្ទាត់ក្រហមមួយនៃការទទួលខុសត្រូវ។ យើងបាននិយាយពីបញ្ហានេះ ថាយើងមិនសប្បាយចិត្តនឹងគាត់ដែលបំបាត់លទ្ធិប្រជាធិបតេយ្យ។ ការចាប់លោក កឹម សុខា ដាក់ឃុំនៅក្នុងលំនៅដ្ឋាន បណ្តាលឱ្យលោក សម រង្ស៊ី នៅនិរទេសខ្លួន គឺយើងបាននិយាយហើយ ដូច្នេះពេលនេះគឺជាពេលវេលាដែលត្រូវប្រើវិធានការក្តៅ ដែលតាមរយៈការដាក់ទណ្ឌកម្មលើបុគ្គលនានាដែលយើងគួរតែធ្វើ មិនផ្តល់ឋានៈអនុគ្រោះពន្ធពាណិជ្ជកម្ម។ ឥឡូវនេះគឺជាពេលវេលាសម្រាប់យើងចាត់វិធានការហើយ។
VOA៖ បើនិយាយពីលោក សម រង្ស៊ី គឺគាត់បានបង្ហាញផែនការចង់វិលត្រឡប់ទៅប្រទេសកម្ពុជាវិញបើទោះបីជាគ្មានការលើកលែងទោសក៏ដោយ។ តើសហរដ្ឋអាមេរិកគួរតែឬអាចផ្តល់ការការពារកម្រិតណាខ្លះដល់គាត់?
លោក ឡូវឹនសល៖ យើងនឹងជួបតំណាងមកពីគណបក្សសង្គ្រោះជាតិដើម្បីស្វែងយល់ឱ្យច្បាស់ថាតើមានរឿងអ្វីនឹងកើតមានឡើង។ លោក សម រង្ស៊ី គឺជាពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសបារាំងដូច្នេះគាត់មានសិទ្ធិវិលត្រឡប់ទៅប្រទេសវិញ។ យើងពិតជាចង់ឃើញលោកមានសុវត្ថិភាព។ យើងចង់បង្ហាញជូនពលរដ្ឋកម្ពុជាថាបើទោះបីជាលោក សម រង្ស៊ី វិលត្រឡប់ទៅវិញក៏នឹងត្រូវមានក្តីសង្ឃឹមថានឹងការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ។ ខ្ញុំនៅមិនទាន់បានអង្គុយពិភាក្សាជាមួយនឹងគាត់នៅឡើយទេ។ ក្រោយពីជួបពិភាក្សាជាមួយគាត់ក៏ដូចជាជាមួយនឹងលោកស្ទីវ ឆាបុត្រដោយស្តាប់ពីយុទ្ធសាស្រ្តរបស់គាត់ហើយទើបយើងអាចបញ្ជាក់បានថាតើអ្វីទៅជាវិធីល្អសម្រាប់គាត់វិលត្រឡប់ទៅវិញនិងអ្វីទៅដែលសហរដ្ឋអាមេរិកអាចធ្វើនៅពេលនោះបាន។ ខ្ញុំពិតជារំភើបដែលអ្នកលើកស្ទួយលទ្ធិប្រជាធិបតេយ្យចង់វិលត្រឡប់ទៅប្រទេសវិញ។
VOA៖ ប៉ុន្តែការលះបង់ខ្ពស់ណាស់សម្រាប់គាត់ពីព្រោះគាត់ប្រឈមមុខនឹងដីការចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា។ គាត់អាចនឹងត្រូវជាប់គុក?
លោក ឡូវឹនសល៖ ការលះបង់គឺខ្ពស់ណាស់សម្រាប់មនុស្សគ្រប់គ្នាពីព្រោះលោកហ៊ុន សែនបានបំផ្លាញលទ្ធិប្រជាធិបតេយ្យចោលអស់ហើយ។ ទោះបីជាអ្នកធ្វើយ៉ាងណាក៏ដោយនៅពេលណាដែលអ្នកមានអ្នកដឹកនាំមួយដែលបំបាត់ចោលការបោះឆ្នោតដោយសេរី ហើយបន្តុបខ្លួនឯង ដាក់គណបក្សរបស់ខ្លួនឯងគ្រប់គ្រងប្រទេសទាំងស្រុង ឱ្យតុលាការគំាទ្រដោយគ្មានប្រព័ន្ធយុត្តិធម៌ឯករាជ្យ គឺវាជាការសំខាន់ណាស់ដែលអ្នកធ្វើការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យត្រូវប្រាប់ដល់ពលរដ្ឋកម្ពុជាដឹងថាពួកគេតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ។ មានការលំបាកជាងមុន មានគ្រោះថ្នាក់ជាងមុន ប៉ុន្តែជាការសំខាន់ណាស់ត្រូវបង្ហាញពលរដ្ឋឱ្យដឹងថាតើពួកគេជាអ្នកណាពិតប្រាកដ នោះគឺអ្នកស្នេហាជាតិ អ្នកតស៊ូដើម្បីប្រជាធិបតេយ្យ។ ទាំងលោកសម រង្ស៊ី និងលោកកឹម សុខាគឺជាសំឡេងនៃសិទ្ធិសេរីភាព គឺពួកគេទាំងពីរនាក់នេះ។
VOA៖ សូមអរគុណ លោក អាឡាំង ឡូវឹនសល ដែលបានចំណាយពេលផ្តល់បទសម្ភាសដល់វីអូអេ។
លោក ឡូវឹនសល៖ សូមអរគុណ។ សូមជម្រាបលា៕