រដ្ឋ Alabama គឺជារដ្ឋដ៏សំខាន់មួយក្នុងចំណោមរដ្ឋផ្សេងៗនៅអាមេរិកសម្រាប់ក្រុមអ្នកអភិរក្សនិយម។ ការបោះឆ្នោតនៅក្នុងរដ្ឋដែលមានទំនោរទៅរកគណបក្សសាធារណរដ្ឋនេះបង្ហាញពីការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញរវាងបេក្ខជនព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ លោក Roy Moore និងបេក្ខជនព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យលោក Doug Jones។
មានស្ត្រីជាច្រើនបានចោទប្រកាន់លោក Moore ថាបានបៀតបៀនផ្លូវភេទទៅលើពួកគេ កាលពីពេលពួកគេនៅជាយុវវ័យ។ លោក Moore បានបដិសេធការចោទប្រកាន់ទាំងអស់នោះ និងមិនបានឆ្លើយតបទៅសមាជិកគណបក្សសាធារណរដ្ឋដែលលេចធ្លោក្នុងរដ្ឋធានីវ៉ាស៊ីនតោនដែលបានអំពាវនាវឲ្យលោកលាចេញពីការប្រកួតនោះឡើយ។
លោក ROY MOORE បេក្ខជនសមាជិកព្រឹទ្ធសភាខាងគណបក្សធាសារណរដ្ឋមានប្រសាសន៍ថា៖ «ខ្ញុំគិតថាពួកគេខ្លាចថាខ្ញុំនឹងយករឿងរ៉ាវសំខាន់ៗនៅក្នុងរដ្ឋ Alabama ទៅពិភាក្សានៅរដ្ឋធានីវ៉ាស៊ីនតោន។ ខ្ញុំចង់ប្រាប់អ្នកថា ខ្ញុំនឹងរង់ចាំដល់ថ្ងៃនោះមកដល់»។
មុនដំបូងលោកប្រធានាធិបតី Trump ហាក់ដើរចេញពីលោក Moore ប៉ុន្តែឥឡូវនេះលោកបែរជាគាំទ្រលោក Moore វិញដោយសង្ឃឹមថាលោក Moore នឹងរក្សាអាសនៈព្រឹទ្ធសភាឲ្យគណបក្សសាធារណរដ្ឋបាន។ លោក Trump ថ្លែងថា៖ «ការទទួលបានអាសនៈមួយនេះនៅក្នុងព្រឹទ្ធសភា គឺមានសារៈសំខាន់ណាស់សម្រាប់គណបក្សសាធារណរដ្ឋ និងសម្រាប់សហរដ្ឋអាមេរិកទេ»។
លោក Moore ដែលជាអ្នកប្រកាន់ខ្ជាប់សាសនាគ្រិស្តមួយរូប បានធ្វើឲ្យសមាជិកសាធារណរដ្ឋជាច្រើនមិនសប្បាយចិត្ត តាំងពីមុនការចោទប្រកាន់ពាក់ព័ន្ធនឹងការបៀតបៀនផ្លូវភេទនេះកើតឡើងមកម្ល៉េះ។ សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋមួយរូប ដែលបានសរសេរថា «Country over Party» ឬមានន័យថា «គិតពីប្រយោជន៍ប្រទេសមុនគិតពីគណបក្ស» បានផ្សព្វផ្សាយពីការឧបត្ថម្ភរបស់លោកដល់យុទ្ធនាការរបស់លោក Jones ខាងគណបក្សប្រជាធិបតេយ្យនាពេលថ្មីៗនេះ។ មេដឹកនាំខាងសំឡេងភាគច្រើននៃព្រឹទ្ធសភា លោក Mitch McConnell បានប្រកាសថាលោកMoore មិនសក្តិសមកាន់តំណែងជាសមាជិកព្រឹទ្ធសភាទេ ប៉ុន្តែលោកបានថ្លែងថា ពលរដ្ឋក្នុងរដ្ឋ Alabama គឺជាអ្នកសម្រេចចិត្តនៅក្នុងការប្រកួតប្រជែងនេះ។ លោក MITCH MCCONNELL មេដឹកនាំសំឡេងភាគច្រើនខាងគណបក្សសាធារណរដ្ឋថ្លែងថា៖ «ខ្ញុំធ្លាប់គិតថា លោក Moore នឹងបោះបង់បេក្ខភាពរបស់លោក តែឥឡូវនេះវាបង្ហាញយ៉ាងច្បាស់ថា លោកនឹងមិនបោះបង់នោះទេ។ ប្រសិនបើលោកជាប់ឆ្នោតមែន លោកនឹងប្រឈមនឹងករណីចោទប្រកាន់ពីគណៈកម្មាធិការក្រមសីលធម៌របស់ព្រឹទ្ធសភាភ្លាមៗតែម្តង»។
ស្របពេលជាមួយគ្នានេះ ក្រុមខាងគណបក្សប្រជាធិបតេយ្យ មើលឃើញថាមានឱកាសតិចតួច ដើម្បីយកឈ្នះអាសនៈព្រឹទ្ធសភានៅតំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលគណបក្សសាធារណរដ្ឋនាពេលបច្ចុប្បន្ននេះ ទទួលបានអាសនៈទាំងអស់ចាប់តាំងពីរដ្ឋ Texas រហូតដល់រដ្ឋ Carolina ទាំងពីរ។ លោក Doug Jones បេក្ខជនសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យថ្លែងថា៖ «យើងមានឱកាសដ៏កម្រមួយនៅក្នុងរដ្ឋ Alabama។ យើងឃើញពលរដ្ឋមានចំណាប់អារម្មណ៍ខ្លាំងនៅក្នុងការឆ្នោតនេះ។ ពលរដ្ឋត្រៀមខ្លួនរួចជាស្រេចហើយសម្រាប់ការផ្លាស់ប្តូរនេះ»។
ជោគជ័យរបស់លោក Jones នឹងកាត់បន្ថយអាសនៈព្រឹទ្ធសភាពីគណបក្សសាធារណរដ្ឋចំនួនមួយ ដែលការណ៍នេះនឹងអាចក្លាយទៅជាឧបសគ្គដល់ការធ្វើកំណែទម្រង់ពន្ធដារ និងកំណែទម្រង់ផ្សេងៗទៀតរបស់លោក Trump មុននឹងបញ្ជូនទៅសភាសម្រេច។ ទាំងអស់នេះហើយជាអ្វីដែលយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Moore ចង់លើកឡើង នៅក្នុងរដ្ឋ Alabama ដែលជារដ្ឋលោក Trump ទទួលបានជ័យជម្នះកាលពីឆ្នាំមុន និងជារដ្ឋមួយដែលលោកប្រធានាធិបតីនៅតែទទួលបានប្រជាប្រិយភាព។ លោក Dean Young ជាអ្នកយុទ្ធសាស្ត្រក្នុងយុទ្ធនាការរបស់លោក More ថ្លែងថា៖ «នេះគឺជាការសាកល្បងចំពោះលោក Trump នៅក្នុងរដ្ឋ Alabama។ បើសិនជាពលរដ្ឋ Alabama បោះឆ្នោតឲ្យលោក Doung Jones ខាងគណបក្សប្រជាធិបតេយ្យ នោះមានន័យថាពួកគេបោះឆ្នោតប្រឆាំងនឹងប្រធានាធិបតីដែលពួកគេបានបោះឆ្នោតគាំទ្រឲ្យកាន់តំណែងជាប្រធានាធិបតី»។ លោកស្រី TERRI SEWEL សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យថ្លែងថា៖ «ពួកខាងគណបក្សសាធារណរដ្ឋផ្តោតលើផលប្រយោជន៍គណបក្សរបស់ខ្លួនជាងគោលការណ៍ និងជាងប្រជាពលរដ្ឋ។ ខ្ញុំសង្ឃឹមថាពលរដ្ឋ Alabama ពិតជាមើលឃើញតាមរយៈទង្វើទាំងនេះ ហើយនឹងបោះឆ្នោតជ្រើសរើសបេក្ខជនដ៏ត្រឹមត្រូវ ជាជាងផ្តោតតែលើគណបក្ស»។
លោក Jones និងលោក Moore កំពុងប្រកួតប្រជែងគ្នាដណ្តើមយកអាសនៈព្រឹទ្ធសភា ដែលធ្លាប់បានកាន់កាប់ដោយលោក Jeff Sessions មុននឹងលោកត្រូវបានលោក Trump តែងតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា