ការវាយប្រហារតាមអាកាសដោយកងយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារបានសម្លាប់មនុស្ស១០០នាក់ មានរួមកុមារផងដែរដែលបានចូលរួមក្នុងពិធីបុណ្យមួយចាត់ចែងដោយក្រុមប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកយោធា។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដោយយោងតាមការនិយាយរបស់អ្នកឃើញហេតុការណ៍ដោយផ្ទាល់ម្នាក់ដែលជាសមាជិកនៃក្រុមលម្អៀងទៅខាងប្រជាធិបតេយ្យក្នុងមូលដ្ឋាននិងបណ្តាញព័ត៌មានឯករាជ្យ។
របបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាបានអះអាងថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសយ៉ាងប្រល័យនោះទៅលើភូមិមួយដែលកងកម្លាំងប្រឆាំងកំពុងរៀបចំពិធីមួយ។
អ្នកនាំពាក្យរបបយោធា លោក Zaw Min Tun បាននិយាយនៅថ្ងៃពុធនេះថា ការវាយប្រហារនៅតំបន់ Sagaing ភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ ត្រូវបានធ្វើឡើងក្នុងអំឡុងពិធីមួយដោយកងកម្លាំងការពារប្រជាជន ដែលជាក្រុមប្រដាប់អាវុធរបស់រដ្ឋាភិបាលរួបរួមជាតិ ដែលជារដ្ឋាភិបាលស្រមោលដែលបង្កើតឡើងដោយសមាជិកនៃរដ្ឋាភិបាលស៊ីវិលដែលត្រូវបានពួកយោធាបណ្តេញចេញពីអំណាច។
កងយោធាបានបង្កើនការវាយប្រហារតាមអាកាសដើម្បីទប់ទល់នឹងការតស៊ូប្រដាប់អាវុធប្រឆាំងនឹងការគ្រប់គ្រងរបស់ពួកគេ ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២១នៅពេលពួកគេបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi។ គេស្ទង់ប្រមាណថាជនស៊ីវិលជាង៣ពាន់នាក់ត្រូវបានសម្លាប់តាំងពីពេលនោះមកដោយកងកម្លាំងសន្តិសុខ។
អ្នកឃើញហេតុការណ៍ដោយផ្ទាល់ម្នាក់បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថាយន្តហោះប្រតិកម្មប្រយុទ្ធមួយគ្រឿងបានទម្លាក់គ្រាប់បែកលើហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នានៅម៉ោង៨ព្រឹកដើម្បីចូលរួមក្នុងពិធីសម្ពោធការិយាល័យក្នុងមូលដ្ឋានមួយនៃចលនាប្រឆាំងរបស់ប្រទេសនៅខាងក្រៅភូមិ Pazigyi ក្នុងទីប្រជុំជន Kanbalu នៃតំបន់ Sagaing។ តំបន់នោះឋិតនៅប្រមាណ១១០គ.ម.ពីក្រុង Mandalay ដែលជាក្រុងធំទីពីររបស់ប្រទេសមីយ៉ាន់ម៉ា។
អ្នកឃើញហេតុការណ៍ដោយផ្ទាល់នោះបានថ្លែងថានៅពេលកន្លះម៉ោងបន្ទាប់មកមានឧទ្ធម្ភាគចក្រមួយគ្រឿងហោះមកហើយបានបាញ់រះលើកន្លែងនោះ។ អ្នកឃើញហេតុការណ៍ដោយផ្ទាល់រូបនេះបានសុំកុំឱ្យបញ្ចេញឈ្មោះលោកពីព្រោះលោកបារម្ភអំពីការដាក់ទណ្ឌកម្មដោយពួកអាជ្ញាធរ។
ពួកអ្នកឃើញហេតុការណ៍ដោយផ្ទាល់បានថ្លែងថាមានមនុស្សប្រមាណ១៥០នាក់បានប្រមូលផ្តុំគ្នាដើម្បីចូលរួមក្នុងពិធីសម្ពោធការិយាល័យនោះ ហើយថាមានស្ត្រីនិងកុមារពី២០ទៅ៣០នាក់នៅក្នុងចំណោមក្រុមជនបាត់បង់ជីវិត។ ពួកអ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយបន្ថែមថាក្រុមអ្នកត្រូវបានសម្លាប់ក៏មានរួមមេដឹកនាំនៃក្រុមជនប្រដាប់អាវុធត្រូវបង្កើតក្នុងមូលដ្ឋាននិងអង្គការប្រឆាំងឯទៀតៗផងដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការវាយប្រហារនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយអ្នកនាំពាក្យរបស់លោក ហើយបានអំពាវនាវម្តងទៀត «ឱ្យយោធាបញ្ចប់យុទ្ធនាការនៃអំពើហិង្សាលើប្រជាជនមីយ៉ាន់ម៉ានៅទូទាំងប្រទេស»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Vedant Patel បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ការវាយប្រហារកាលពីថ្ងៃអង្គារ និងការវាយប្រហារតាមអាកាសកាលពីថ្ងៃទី ១០ ខែមេសា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់នៅរដ្ឋ Chin ភាគខាងលិច «បញ្ជាក់បន្ថែមពីការមិនយកចិត្តទុកដាក់របស់របបនេះចំពោះជីវិតមនុស្ស និងការទទួលខុសត្រូវរបស់ខ្លួនចំពោះវិបត្តិនយោបាយ និងមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសភូមា»៕