ពីភូមិបានណាំខេម៖ នៅពេលដែលរលកយក្សស៊ូណាមីនៃមហាសមុទ្រឥណ្ឌា បានបក់បោកនៅឆ្នេរសមុទ្រថៃកាលពី១០ឆ្នាំមុន ពិភពលោកបានឃើញរូបភាពនៃរលកដ៏ធំៗបានបក់បោកនៅកន្លែងលំហែកាយនៅឆ្នេរសមុទ្រដែលមានទស្សនីយភាពដ៏ល្អបំផុត។ក៏ប៉ុន្តែ នៅក្នុងតំបន់ជនបទ មហន្តរាយនេះ ក៏បានសម្លាប់កម្មករចំណាកស្រុកដែលគ្មានក្រដាសស្នាមមកពីប្រទេសភូមាជាច្រើននាក់ដែរ។
អស់រយៈពេលមួយទសវត្សរ៍ហើយចាប់តាំងពីរលកយក្សស៊ូណាមីបានបំផ្លាញភូមិ Ban Nam Khem ដែលជាភូមិនេសាទថៃ។ក៏ប៉ុន្តែ និមិត្តរូបនៃថ្ងៃកំណាចនេះ នៅតែមាន។
ថ្វីបើរដ្ឋាភិបាល ស្ទុះស្ទារផ្តល់ជំនួយដល់តំបន់ទេសចរណ៍នេះក៏ដោយ ការជួយសង្គ្រោះ មានការយឺតយ៉ាវសម្រាប់ភូមិនានាដែលទទួលរងគ្រោះយ៉ាងខ្លាំងបំផុតដោយរលកយក្សស៊ូណាមី នេះ រួមមានកម្មករនេសាទជាតិភូមាជាច្រើនដែលមិនបានចុះឈ្មោះ។
ដោយការភ័យខ្លាចការចាប់ខ្លួននិងការនិរទេស អ្នកនៅរស់រានមានជីវិតជាច្រើន បង្ខំខ្លួនចាកចេញពីការងារហើយបោះបង់ចោលទ្រព្យសម្បតិ្តរបស់ខ្លួន មិនអាចស្វះស្វែងរកជំនួយហើយនឹងមិនអាចស្វែងរកសមាជិកក្រុមគ្រួសារដែលបានបាត់ខ្លួន។
សម្រាប់លោក Wanchai Jitchareon មេដឹកនាំសហគមន៍ ដែលឃើញផ្ទាល់នឹងភ្នែកពីការធ្វើបាបកម្មករ បានជំរុញលោកឲ្យជួយពួកគេដើម្បីទាមទារដីធ្លីរបស់ខ្លួនមកវិញហើយនឹងស្ថាបនាសហគមន៍ឡើងវិញ។
«មនុស្ស បានបង្ខំខ្លួនឲ្យចាកចេញបន្ទាប់ពីរលកយក្សស៊ូណាមីបានបំផ្លាញផ្ទះនិងទ្រព្យសម្បត្តិរបស់ពួកគេ ដូច្នេះ មនុស្ស មមាញឹកខិតខំដើម្បីរស់។ពេលនោះក្រុមហ៊ុនដីធ្លីថៃ បានឆ្លៀតឱកាសចូលមកហើយបានធ្វើរបងនិងដាក់ផ្លាកថា ហាមចូលនៅជុំវិញដីដែលមានជម្លោះនោះ»។
ថ្វីបើមានការនិរទេសកម្មករចំណាកស្រុកជាង២ពាន់៥រយនាក់ក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ពីរលកយក្ស Tsunami ក៏ដោយ ឥឡូវនេះ មានកម្មករចំណាកស្រុកកាន់តែច្រើនឡើងនៅក្នុងខេត្តជាងមុនមហន្តរាយទៀត ហើយឥឡូវនេះ ពួកគេភាគច្រើន បានចុះឈ្មោះត្រឹមត្រូវហើយ។
តាមប្រពៃណី កម្មករចំណាកស្រុក ធ្វើការងារណាដែលជាទូទៅជនជាតិថៃ គេចវេសមិនចង់ធ្វើ។ក៏ប៉ុន្តែនៅក្នុងភូមិ Ban Nam Khem មានមូលហេតុផ្សេងទៀតសម្រាប់ការងារនេះ។
«នៅពេលដែលផ្ទះ បានត្រូវស្ថាបនា ពលរដ្ឋថៃ មានការភ័យខ្លាចរស់នៅជិតទឹក។ពួកគេ បានរើចេញ ហើយពួកគេ បានអនុញ្ញាតិឲ្យយើងជួលផ្ទះរបស់ពួកគេ។បន្ទាប់ពីរលកយក្សស៊ូណាមី យើង បានរស់នៅស្រួលបន្តិចក្នុងសង្កាត់ទាំងនោះ»។
ថ្វីបើមានការធ្វើតេស្ត DNA និងការប្រមូលទិន្នន័យដ៏ធំទូលាយពីមនុស្សស្លាប់ក៏ដោយ នៅមានសាកសពមនុស្សចំនួន៤៩៥នាក់ដែលនៅតែគ្មានអ្នកណាមកទាមទារយកនៅកន្លែងបញ្ចុះសពក្នុងមូលដ្ឋាន។
លោក Prapat Kongmeung បានបាត់បង់សមាជិកក្រុមគ្រួសារ៦នាក់ រួមមានកូនប្រុសអាយុ៧ឆ្នាំម្នាក់របស់លោក ដែលនៅតែបាត់ខ្លួន។
បុរសនេសាទម្នាក់ក្នុងមូលដ្ឋាន និយាយថា រដ្ឋាភិបាល ហាក់ដូចជាយកចិត្តទុកដាក់កាន់តែខ្លាំងឡើងអំពីឧស្សាហ៍កម្មទេសចរណ៍ជាងការសម្គាល់សាកសពរបស់ពួកអ្នកស្រុក។
«ខ្ញុំ មានអារម្មណ៍ថា គេ បានក្បត់ខ្ញុំ ពីព្រោះតែពួកគេ មិនបានជួយយើងច្រើនទេ។យើងទាំងអស់ ជាមនុស្ស។ហេតុអ្វីបានជាពួកគេ ចាត់ទុកយើងខុសពីគេ? ពួកគេ មិនបានគាំទ្រយើងទេហើយពួកគេ បានយកសាកសពទាំងអស់ទៅកាន់ទីក្រុង Phuket ដើម្បីឲ្យពួកគេបរទេស អាចសម្គាល់សាកសពនោះបានយ៉ាងស្រួល»។
នៅពេលដែល ពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ មានដំណើរការឡើងវិញក្នុងតំបន់ឆ្នេរសមុទ្រ មនុស្សជាច្រើន សង្ឃឹមថា មេរៀនជាច្រើនពីអតីតកាល នឹងមិនត្រូវបានគេបំភ្លេចនៅក្នុងពេលដ៏លំបាកនៅថ្ងៃអនាគត៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន