ប្រទេសជប៉ុនកំពុងតែវាជួបប្រទះគ្រោះមហន្តរាយធម្មជាតិយ៉ាងធំធេងបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ហើយប្រទេសនេះកំពុងធ្វើការវាយតម្លៃការខូចខាត។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងថា ការរញ្ជួយដី និងរលកយក្ស Tsunami ដ៏ខ្លាំងក្លានេះបានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចជប៉ុន និងប៉ះពាល់ដល់ជំនួយជប៉ុនសម្រាប់គម្រោងអភិវឌ្ឍន៍នៅបរទេស ដែលរួមមានប្រទេសកម្ពុជា។
នៅពេលដែលប្រទេសជប៉ុនកំពុងបន្តវាយតម្លៃការខូចខាតដោយមហន្តរាយរញ្ជួយដី និងរលកយក្យ Tsunami យ៉ាងអាក្រក់បំផុត នៅថ្ងៃច័ន្ទនេះ ក្រុមមន្ត្រីរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាល បានគិតពិចារណានូវភាពមិនច្បាស់លាស់នៃជំនួយ ដែលប្រទេសជប៉ុនជាអ្នកផ្តល់ជំនួយដ៏ធំសម្រាប់ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចថា វិនាសកម្មដោយការរញ្ជួយដី និងរលកយក្ស Tsunami នៅក្នុងប្រទេសជប៉ុនគឺធ្ងន់ធ្ងរណាស់ ហើយបានបណ្តាលឱ្យមានការបាត់បង់ធំធេងណាស់ ទាំងជីវិតមនុស្ស និងទ្រព្យសម្បត្តិ។
«ការខូចខាតនេះមានទ្រង់ទ្រាយធំ ហើយវាជះឥទ្ធិពលទៅដល់សេដ្ឋកិច្ចជប៉ុន ហើយក៏អាចជះឥទ្ធិពលទៅលើការអនុវត្តកាតព្វកិច្ចអន្តរជាតិរបស់ជប៉ុននៅក្រៅប្រទេសផងដែរ រាប់ទាំងយើង»។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងថា នៅថ្ងៃអង្គារស្អែក លោក Masafumi Kuroki ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងចុះហត្ថលេខាផ្តល់ជំនួយ៩៤លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាសម្រាប់ប្រព័ន្ធការពារទឹកជំនន់ និងចែកចាយទឹកនិងសកម្មភាពបោសសម្អាតមីន។
លោក Masafumi Kuroki ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា ប្រទេសជប៉ុននៅតែបន្តផ្តល់ជំនួយដល់ប្រទេសកម្ពុជា បើទោះបីជាប្រទេសជប៉ុនបានជួបប្រទះគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់ក៏ដោយ។
ប្រជាពលរដ្ឋជប៉ុនចំនួន១.៥៩៨នាក់ត្រូវបានសម្លាប់ និង១.៧២០នាក់ផ្សេងទៀតបានបាត់ខ្លួនដោយការរញ្ជួយដី និងរលកយក្ស Tsunami ដ៏មហន្តរាយនេះ។
លោកយ៉ង់ សាំងកុមារ ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CEDAC) បានថ្លែងថា អង្គការរបស់លោកទទួលបានមូលនិធិប្រមាណ៨០០០០០ដុល្លារអាមេរិកពីសម្បុរសជនជប៉ុនរយៈពេលពីរឆ្នាំ (២០១១-២០១២) សម្រាប់គម្រោងជំរុញជំនាញកសិកម្ម និងការយល់ដឹងពីតម្លៃនៃការសិក្សារបស់កូននៅក្នុងខេត្តកំពង់ស្ពឺ ហើយកំពុងរៀបចំសំណើគម្រោងដែលមានទឹកប្រាក់ចំនួន៤០.០០០ដុល្លារអាមេរិកសម្រាប់បណ្តុះបណ្តាលកសិករទូទៅនៅក្នុងខេត្តកំពង់ឆ្នាំង។
«យើងយល់ឃើញថា បញ្ហារញ្ជួញផែនដីនិងរលកយក្ស Tsunami ដែលប្រទេសជប៉ុនកំពុងជួបប្រទះនេះ យើងមានការព្រួយបារម្ភថា វាអាចប៉ះពាល់ដែលអាចបញ្ឈប់ ឬក៏ផ្អាកជំនួយ»។
លោកជាម ច័ន្ទសោភ័ណ ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានថ្លែងថា លោកបានពិភាក្សាជាមួយមន្ត្រីរបស់លោកអំពីលទ្ធភាពទទួលបានថវិកាបន្តទៀតពីប្រទេសជប៉ុន ដោយសារប្រទេសជប៉ុនបានជួបប្រទះនឹងគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរ ដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរ និងដោយសារឆ្នាំសារពើពន្ធរបស់ប្រទេសជប៉ុនមិនទាន់បានអនុវត្តនៅឡើយទេ។
«វាអាចមានផលប៉ះពាល់ដល់ប្រទេសកម្ពុជា។ យើងមិនអាចទស្សទាយបានមុនទេ ប៉ុន្តែនេះជាការព្រួយបារម្ភរបស់ខ្ញុំដែលវាអាចប៉ះពាល់បច្ច័យអាក្រក់មកលើគម្រោងរបស់យើង»។
លោកហ៊ឹម សុផល ប្រធានមន្ទីរអប់រំខេត្តព្រៃវែង បានថ្លែងថា លោកបានលើកសំណើគម្រាងកសាងសាលារៀនបីដែលមានទឹកប្រាក់ជាង១៥០.០០០ដុល្លារអាមេរិក ហើយប្រទេសជប៉ុន បានសន្យាផ្តល់ថវិកា និងបានមកសិក្សារួចហើយ។
«ខ្ញុំគ្រាន់តែមើលឃើញព្រឹត្តិការណ៍រលកយក្ស Tsunami នេះ ខ្ញុំមានការព្រួយបារម្ភ ព្រោះម្ចាស់ជំនួយរបស់យើងកំពុងតែជួបមហន្តរាយនៅក្នុងប្រទេសគាត់។ អញ្ចឹងមានការព្រួយបារម្ភខ្លះ ដែលថា វាអាចមិនបានសម្រេចតាមបំណងរបស់យើង»។
យោងតាមតួលេខរបស់រដ្ឋាភិបាលបានឱ្យដឹងថា ក្នុងរយៈពេលរវាងពីឆ្នាំ១៩៩២ដល់ឆ្នាំ២០០៩ ប្រទេសជប៉ុនគឺជាប្រទេសផ្តល់ជំនួយដ៏ធំជាងគេតែមួយគត់របស់ប្រទេសកម្ពុជា ដោយបានផ្តល់ជំនួយជាង១៨ភាគរយនៃជំនួយអភិវឌ្ឍន៍នៅបរទេស ឬប្រមាណ១.៨៣០លានដុល្លារអាមេរិក៕