ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រលក​ស៊ូណាមិ​​បំផ្លាញ​ភាគ​ឦសាន្ត​ប្រទេស​ជប៉ុន


ផ្ទះ​រាប់​រយ​ខ្នង​ត្រូវ​បាន​បំផ្លាញ​ ក្រោយពី​ការកើតមាន​រលក​​យក្ស​​ និង​ការរញ្ជួយ​ផែនដី​នៅ​ប្រទេស​ជប៉ុន​​ កាលពី​ថ្ងៃ​ទី១១​ ខែ​មិនា​ ឆ្នាំ២០១១។​
ផ្ទះ​រាប់​រយ​ខ្នង​ត្រូវ​បាន​បំផ្លាញ​ ក្រោយពី​ការកើតមាន​រលក​​យក្ស​​ និង​ការរញ្ជួយ​ផែនដី​នៅ​ប្រទេស​ជប៉ុន​​ កាលពី​ថ្ងៃ​ទី១១​ ខែ​មិនា​ ឆ្នាំ២០១១។​

ការ​រញ្ជួយ​ដី​ដ៏​ធំ​មួយ​កម្លាំង​៨,៩​បាន​អង្រន់​ឆ្នេរ​សមុទ្រភាគ​ឦសាន​ប្រទេស​ជប៉ុន​ ដោយ​បង្កើត​ឲ្យ​មាន​រលក​យក្ស ​ស៊ូណាមិ (Tsunami) ​កម្ពស់​១០​ម ​ដែលបោក​អូស​យក​កប៉ាល់ ​ផ្ទះ ​ឡាន​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ ប្រទេស​ជប៉ុន។​មាន​មនុស្ស​យ៉ាង​តិច​២០០​នាក់​ស្លាប់​ តែក្រុម​មន្រ្តី​ប្រមាណ​ថា​ ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង។

រូបថត​តាម​វីដេអូ​ពីតំបន់​ឆ្នេរ​សមុទ្រ​ ដែល​រង​ប៉ះពាល់​ពីកម្លាំង​រលក​ Tsunami​ បង្ហាញ​ឲ្យ​ឃើញ​ការ​អន្តរាយ​ដ៏​ធំធេង​ដែល​រលកភក់​បោក​បញ្ជូន​បំណែក​បាក់​បែកច្រើន​តោន​ចូល​ទៅ​ក្នុង​ទី​វាល​ស្រែ​ចម្ការ​នៅ​Sendai ​ទី​ប្រជុំជន​របស់​សង្កាត់​មីយ៉ា​គ្ហី ។រថយន្ត​ច្រើន​រយ និង​ផ្ទះ​ច្រើន​ខ្នង​ក្នុង​តំបន់​នោះ​ត្រូវអន្តរាយ​ហូរ​រសាត់​តាម​រលក​ទឹក​ទៅ​ឆ្ងាយ​ ហើយ​ក្រោយ​មក​ប៉ូលិសបាន​រក​ឃើញ​សព​មនុស្ស​២០០​នាក់ដែល​ត្រូវ​រលកអូស​ទៅ​បោកបក់​នៅ​ឆ្នេរ​សមុទ្រ។​ រលក​ទឹក​បាន​នៅ​បន្ត​ធ្វើ​ឲ្យ​សហគមជា​ច្រើន​នៅ​តាម​បណ្តោយ​ឆ្នេរ​ខាង​កើត​ប្រទេស​ជប៉ុន ​ជន់លិច ​ហើយ​កន្លែង​ភាគ​ច្រើន​នៅ​ប្រទេស​នេះ ​ស្ថិត​នៅ​ក្រោម​ការប្រុង​ប្រយ័ត្ន​ពី​ការ​ប៉ះពាល់​បណ្តាល​មក​ពី​រលក​យក្ស ​Tsunami។

រលក ​Tsunami ​ត្រូវ​គេ​រំពឹង​ថា​ នឹង​បោក​ទៅ​ដល់​ប្រទេស​ទាំង​ឡាយ​នៅ​ខាង​មហា​សាគរ​ប៉ាស៊ីហ្វីក​ រហូត​ទៅ​ដល់​តំបន់​អាមេរិក​ខាង​ត្បូង។​ កាល​ពី​ថ្ងៃ​សុក្រ​នៅ​ប្រមាណ​៧​ម៉ោង ​ក្រោយ​ពី​ដី​រញ្ជួយ​មក​នោះ ​លោក​Yukio Edano ​អគ្គ​លេខាធិការ​ខុទ្ទកាល័យ​ជប៉ុន​ ថ្លែង​ថា​ មនុស្ស​នៅផ្ទះ​ទាំង​ឡាយ​ដែល​នៅ​ជិត​រោង​ចក្រ​ភ្លើង​អគ្គិសនី​ប្រើ​ថាមពលនុយ​ក្លេអែរ​ត្រូវ​គេ​បញ្ជា​ឲ្យ​ចេញ​ពី​ទី​នោះ។

លោក ​Edano ថ្លែង​ថា ​ការ​ជម្លៀស​មនុស្ស​ចេញ​ពី​តំបន់​ជិត​រោងចក្រ​ភ្លើង ​Fukushima Daichi ​នោះ​ជា​វិធានការ​ប្រុង​ប្រយ័ត្ន ​ហើយ​លោក​និយាយ​ថា ​វិទ្យុ​សកម្ម​អត់​លេច​ចេញ​ពី​រោង​ចក្រ​នោះទេ។​ លោក​ក៏​បាន​និយាយ​ថា​ អ្នក​ស្រុក​រស់​នៅ​ចម្ងាយ​១០​គ.ម.​ពី​រោងចក្រ​ភ្លើង​អគ្គិសនី​នោះ​ត្រូវ​គេ​បញ្ជា​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ទេ។​ ការ​រញ្ជួយ​ដី​នោះ​ក៏បាន​ធ្វើ​ឲ្យ​ភ្លើង​ឆេះ​នៅ​រោងចក្រ​ពីរ​ធំៗ​ ដែល​ធ្វើ​ផលិត​ផល​ពី​សារធាតុ​គីមី​ បាន​មក​ពី​ការ​ចម្រាញ់​ប្រេង។ ​ទូរទស្សន៍​ជប៉ុន​បាន​បង្ហាញ​ រូបភាព​អំពី​ភូមិករណ៍ ​ដែល​មាន​អណ្តាត​ភ្លើង​ពាស​ពេញ។

ប្រែសម្រួល​ នៅ សារីម

XS
SM
MD
LG