អ្នកស្រាវជ្រាវវេជ្ជសាស្រ្ត សកម្មជនប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងមន្រ្តីសុខាភិបាលមកពីទូទាំងទ្វីបអាហ្វ្រិកបានមកជួបប្រជុំគ្នា នៅឯសន្និសីទមួយដែលត្រូវបានគេហៅកាត់ថា ICASA ដើម្បីស្វែងរកវិធីធ្វើឲ្យបានជោគជ័យក្នុងការបំបាត់ជំងឺអេដស៍ចេញពីទ្វីបអាហ្វ្រិក។
អង្គការសហប្រជាជាតិបាននិយាយថា មានការបោះជំហានទៅមុខយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគហ៊ីវ ឬជំងឺអេដស៍ ហើយអង្គការពិភពលោកមួយនេះបាននិយាយថា ការបញ្ចប់ការឆ្លងរាលដាលជំងឺនេះឲ្យបាននៅត្រឹមឆ្នាំ២០៣០គឺជាការរំពឹងទុកដោយប្រាកដនិយមមួយ។
លោក David Parirenyatwa រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសស៊ីមបាវ៉េនិយាយថា ការផ្ដល់ការព្យាបាលភ្លាមៗដល់អ្នកដែលឆ្លងមេរោគហ៊ីវ គឺជាជំហានសំខាន់មួយក្នុងការសម្រេចឲ្យបាននូវគោលដៅនោះ។
«ដូច្នេះ វាដល់ពេលហើយដែលត្រូវធ្វើដំណើរឆ្ពោះទៅមុខ និងអនុវត្តនូវសេចក្តីសម្រេចដែលត្រូវបានសរសេរជាលាយលក្ខណ៍អក្សរនៅទីនេះ។ ការធ្វើតេស្តដើម្បីពិនិត្យមើលការផ្ទុកមេរោគហ៊ីវនិងការព្យាបាលជំងឺនេះត្រូវបានដឹងជាសាធារណៈយ៉ាងទូលំទូលាយ។ ដូច្នេះនៅពេលដែលអ្នកត្រូវបានធ្វើតេស្តហើយបានដឹងលទ្ធផលវិជ្ជមានថាអ្នកមានផ្ទុកមេរោគហ៊ីវ អ្នកត្រូវតែទៅព្យាបាលភ្លាម។ តើយើងអាចមានលទ្ធភាពទទួលបានការព្យាបាលនេះដែរឬទេនៅក្នុងទ្វីបអាហ្វ្រិក? ចំណុចនេះហើយ ដែលសហគមន៍អន្តរជាតិបានចូលមកជួយ។ វាជាចំណុចដែលយើងត្រូវប្រមូលផ្តុំធនធានផ្សេងៗដើម្បីដោះស្រាយបញ្ហានេះ»។
កាលពីដើមសប្តាហ៍មុន អង្គការគ្រូពេទ្យគ្មានព្រំដែន បានចេញរបាយការណ៍មួយដែលបានឲ្យដឹងថា ទ្វីបអាហ្រ្វិកកំពុងជួបប្រទះនូវកង្វះខាតថ្នាំពន្យារអាយុ ឬ ARV's។
កង្វះខាតនេះអាចនឹងកាន់តែធ្ងន់ធ្ងរថែមទៀត ដោយសារគោលការណ៍ណែនាំថ្មីរបស់អង្គការសុខភាពពិភពលោក។ គោលការណ៍ណែនាំថ្មីនេះបានដកចេញនូវការរឹតត្បិតទាំងអស់លើសិទ្ធិទទួលបានវិធីព្យាបាលដោយប្រើប្រាស់ថ្នាំពន្យារអាយុក្នុងចំណោមអ្នកផ្ទុកមេរោគហ៊ីវ។ នេះមានន័យថា ប្រសិនបើមានអ្នកដែលធ្វើតេស្តឈាមឃើញលទ្ធផលវិជ្ជមាន ពួកគេគួរតែទទួលបានការព្យាបាល។
លោកស្រីឯកអគ្គរដ្ឋទូតគោចរ Deborah Birx អ្នកសម្របសម្រួលផ្នែកជំងឺអេដស៍សាកលរបស់សហរដ្ឋអាមេរិក គឺជាមនុស្សម្នាក់ក្នុងចំណោមប្រតិភូដែលបានចូលរួមសន្និសីទ ICASA។
លោកស្រីនិយាយថា ផែនការបន្ទាន់របស់ប្រធានាធិបតីអាមេរិកសម្រាប់ជំនួយសង្គ្រោះផ្នែកជំងឺអេដស៍ (PEPFAR) បានបញ្ចេញប្រាក់ជំនួយបន្ថែមទៀតសម្រាប់ប្រទេសមួយចំនួននៅក្នុងទ្វីបអាហ្រ្វិក ដើម្បីជួយពួកគេក្នុងការសម្របទៅនឹងគោលការណ៍ណែនាំថ្មីនោះ។ លោកស្រីបន្ថែមថា ប្រទេសមួយចំនួនបានចាត់ចែងអនុវត្តគោលការណ៍ថ្មីនោះដោយខ្លួនឯង ដោយពុំមានប្រាក់ជំនួយច្រើននោះទេ។
«យើងទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ប្រសិនបើអ្នកក្រឡេកមើលស្ថានភាពកាលពីទសវត្សរ៍កន្លងទៅចំពោះអ្វីដែលប្រទេសអាហ្រ្វិកខាងត្បូងបានវិនិយោគទៅលើជំងឺរាតត្បាតមួយនេះ និងទៅលើអ្វីដែលប្រទេសណាមីប៊ី (Namibia) បានធ្វើដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ឬមើលលើអ្វីដែលប្រទេសបុតស្វាណា (Botswana) តែងតែបានធ្វើ។ ដូច្នេះ មានប្រទេសជាច្រើននៅលើទ្វីបនេះ ដែលមានធនធានហើយបានប្រើប្រាស់ធនធានទាំងនោះដើម្បីទប់ស្កាត់ការរាតត្បាតជំងឺនេះនៅក្នុងប្រទេសរបស់ពួកគេ។ យើងជឿជាក់ថា ប្រទេសជាច្រើនទៀតគួរតែធ្វើការវិនិយោគបែបនេះ»។
ប្រទេសជាច្រើននៅទ្វីបអាហ្រិ្វក គឺជាប្រទេសហត្ថលេខីនៅក្នុងសេចក្តីថ្លែងការណ៍ Abuja ឆ្នាំ២០០១ ដែលបានកំណត់ថា ១៥ភាគរយនៃថវិការបស់ប្រទេសនីមួយៗគួរតែត្រូវបានត្រៀមទុកសម្រាប់ការចំណាយផ្នែកសុខភាព។
ក៏ប៉ុន្តែ មានប្រទេសជាច្រើនដែលបរាជ័យក្នុងការអនុវត្តការប្តេជ្ញានោះ រួមមានប្រទេសស៊ីមបាវ៉េផង ដែលភាគច្រើននៃថវិកាជាតិរបស់ខ្លួន ត្រូវបានចំណាយលើវិស័យការពារជាតិ ប្រាក់ឈ្នួលមន្រ្តីរដ្ឋការ និងការចំណាយសម្រាប់ការធ្វើដំណើររបស់មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់៕
ប្រែសម្រួលដោយ នូវ ពៅលក្ខិណា