អ្នកស្រី Sarah Chiar ដែលមានអាយុ៤២ឆ្នាំ កំពុងចាកចេញពីទីកន្លែងកំណើតរបស់អ្នកស្រីជាលើកដំបូង បន្ទាប់ពីទីក្រុង Buzi ត្រូវបានបោកបក់ដោយខ្យល់ព្យុះស៊ីក្លូន Idai។
អ្នកស្រី Sarah បាននិយាយថា អ្នកស្រីមិនអាចស្វែងរកជំនួយបានឡើយកាលពីមុន ដោយសារតែនៅពេលដែលមានទឹកជំនន់ អ្នកស្រី មានជំងឺគ្រុនចាញ់ ហើយមិនអាចចាកចេញពីផ្ទះបាន។
អ្នកស្រី គឺជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដទៃទៀត ដែលមានសំណាងដោយបានទទួលជំនួយ។ ទីក្រុង Buzi ត្រូវបានកាត់ផ្តាច់ពីទីក្រុងឯទៀតក្នុងប្រទេសម៉ូសំប៊ិក បន្ទាប់ពីផ្លូវជាច្រើនត្រូវបានទឹកជំនន់បំផ្លិចបំផ្លាញ។
ទីភ្នាក់ងារជំនួយ បានចំណាយពេលជិតមួយសប្តាហ៍ ទើបអាចចាប់ផ្តើមដឹកជញ្ជូនម្ហូបអាហារទៅកាន់ក្រុង Buziបាន។ ជំនួយភាគច្រើនត្រូវបាននាំយកតាមឧទ្ធម្ភាគចក្រ ក៏ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនួយត្រូវបានដឹកជញ្ជូនទៅទីនោះ តាមផ្លូវគោក។
អ្នកជំនួញម្នាក់ឈ្មោះ Ayub Fakirbai មានហាងអាជីវកម្មចំនួនបីមុន ទឹកជំនន់បានកើតឡើង។ ឥឡូវនេះ លោកបាត់បង់គ្រប់យ៉ាង។
លោកបាននិយាយថា លោកមានអារម្មណ៍ថា រងរបួសនិងអាម៉ាស់។ លោកមិនមានអ្វីសេសសល់នោះឡើយ ហើយសូម្បីតែការរកស្បៀងអាហារក៏ជាបញ្ហាសម្រាប់លោកដែរ។
នាង Sabe Magamboa និយាយថា ព្យុះនេះបានធ្វើឲ្យនាងស្ថិតក្នុងភាពស្រេកឃ្លាន។
នាងបាននិយាយថា នាងមានតែម្នាក់ឯង មិនអាចពឹងពាក់អ្នកណាបានឡើយ។ នាងនិយាយថា នាងមានសាច់ញាតិមានជំងឺម្នាក់នៅផ្ទះ ហើយនាងគ្មានកម្លាំងធ្វើការទេ។ នាងនិយាយថា អ្វីដែលនាងអាចធ្វើបាន គឺដើររកចំណីអាហារ ហើយបើសិនជានាង រកអង្ករបានមួយកំប៉ុង នាងនឹងទៅផ្ទះហើយដាំវា ហើយបរិភោគបាយនោះជាមួយសាច់ញាតិនោះ។
ប្រជាពលរដ្ឋម៉ូសំប៊ិកជាច្រើនរយនាក់ ដែលបានស្លាប់ដោយសារខ្យល់ព្យុះស៊ីក្លូននេះ គឺមកពីស្រុក Buzi។
អ្នករស់រានមានជីវិតជាច្រើន ត្រូវបានជួយសង្គ្រោះពីដើមឈើ និងដំបូលផ្ទះ។
នាង Rosa Mandjama និយាយថានាងបានឡើងទៅដំបូលអគារមួយ បន្ទាប់ពីគ្រប់ទីកន្លែងទាំងអស់ដែលនាងគិតថាមានសុវត្ថិភាពត្រូវបានហុំព័ទ្ធដោយទឹក។
នាងនិយាយថា ពួកគេបានចេញពីផ្ទះហើយតម្រង់ទៅកាន់សាលារៀន ដែលនៅជិតមួយ ប៉ុន្តែនៅពេលដែលទឹកជំនន់បានហូរចូលក្នុងសាលារៀននេះ ពួកគេបានទៅស្ថានីយ៍ប៉ូលិស ដែលស្ថិតនៅលើទីខ្ពស់ ហើយទឹកក៏បានហូរចូលមកទៀត ដូច្នេះពួកគេ ក៏បានប្តូរទៅអគារដែលមានកម្ពស់មួយជាន់ហើយស្ថិតនៅលើដំបូលនៃអគារនោះ។
ខណៈដែលទីក្រុងនេះ កំពុងត្រូវបានស្តារឡើងវិញពីការរងគ្រោះដោយខ្យល់ព្យុះស៊ីក្លូន Idai នេះ ប្រជាពលរដ្ឋ ១៥០.០០០ នាក់ ត្រូវបានគេរំពឹងថា នឹងត្រូវពឹងផ្អែកលើជំនួយមនុស្សធម៌ ដើម្បីអាចបន្តជីវិតបាន សម្រាប់ប៉ុន្មានខែខាងមុខ៕
ប្រែសម្រួលដោយ ទុំ ម្លិះ