ក្រសួងសុខាភិបាលប្រទេសម៉ូសំប៊ិកអះអាងថា មានករណីឆ្លងជំងឺអាសន្ននេះ ១៤០០ ករណី និងមានអ្នកសា្លប់ពីរនាក់ ដែលភាគច្រើនកើតនៅទីក្រុង Beira ប្រទេសម៉ូសំប៊ិក ដែលជាទីក្រុងរងការបំផ្លាញធ្ងន់ធ្ងរបំផុតដោយសារខ្យល់ព្យុះស៊ីក្លូន Idai។
យុទ្ធនាការផ្តល់ថ្នាំវ៉ាក់ស៊ាំងនេះត្រូវបានរៀបចំឡើងដោយអង្គការសុខភាពពិភពលោក WHO និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិហៅកាត់ថា UNICEF។ នៅអំឡុងពេលយុទ្ធនាការដែលមានរយៈពេល ៥ ថ្ងៃ ទីភ្នាក់ងារទាំងពីរ និងអង្គការជាដៃគូមានគម្រោងផ្តល់ថ្នាំវ៉ាក់ស៊ាំងឲ្យមនុស្សជិត ៩ សែននាក់នៅទីក្រុង Beira និងនៅតាមតំបន់បីទៀតនៅជុំវិញទីក្រុង។
ថ្នាំគ្រាប់វ៉ាក់ស៊ាំងការពារជំងឺអាសន្នរោគជាធម្មតាត្រូវលេបឲ្យបានពីរដូសក្នុងរវាង ៧ ថ្ងៃ។ ប៉ុន្តែអ្នកនាំពាក្យអង្គការសុខភាពពិភពលោក លោក Christian Lindemeier និយាយថា ថ្នាំវ៉ាក់ស៊ាំងមានចំនួនគ្រប់គ្រាន់សម្រាប់តែមួយដូសក្នុងម្នាក់តែប៉ុណ្ណោះ។
លោក Lindemeier បាននិយាយថា៖ «យើងសង្ឃឹមថា ការផ្តល់ថ្នាំវ៉ាក់ស៊ាំងដូសទីមួយនេះនឹងជួយកាត់បន្ថយការឆ្លងរាលដាលបានមួយរយៈ ហើយបន្ទាប់មកយើងនឹងចែកដូសទីពីរដើម្បីការពារ។ ឥឡូវនេះការការពារបន្ទាន់អាចមានប្រសិទ្ធភាពបានយ៉ាងហោចណាស់ ៦ ខែ។ ហេតុដូច្នេះហើយបានជាយើងចង់ផ្តល់វ៉ាក់ស៊ាំងដូសទីពីរក្នុងរយៈពេល ៦ ខែ ដើម្បីអាចការពារបានយូរអង្វែង។ យើងត្រូវតែចាំតំបន់នៅប្រទេសម៉ូសំប៊ិកដែលមានការឆ្លងរាលដាលជំងឺអាសន្នរោគនេះ»។
ទីភ្នាក់ងារផ្តល់ជំនួយបានគូសបញ្ជាក់ថា យុទ្ធនាការចែកចាយថ្នាំវ៉ាក់ស៊ាំងថ្នាក់ជាតិនេះគឺជាវិធានការណ៍តែមួយគត់ក្នុងចំណោមវិធានការណ៍មួយចំនួនដែលត្រូវបានអនុវត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺអាសន្នរោគនេះ។ អ្នកនាំពាក្យអង្គការ UNICEF លោក Christophe Boulierac បាននិយាយថា ស្របពេលជាមួយគ្នានេះដែរ អ្វីដែលជាបញ្ហាសំខាន់ដូចគ្នានឹងថ្នាំវ៉ាក់ស៊ាំង គឺការផ្តល់ទឹកស្អាតដល់ប្រជាពលរដ្ឋនៅទូទាំងតំបន់គ្រោះថ្នាក់។
លោក Boulierac បានថ្លែងថា៖ «យើងបានសហការជាមួយរដ្ឋាភិបាលនិងអង្គការដៃគូរបស់យើងគឺអង្គការ DFID យើងបានជួយស្ថារប្រព័ន្ធទឹកនៅក្នុងទីក្រុង Beira សម្រាប់មនុស្ស ៥ សែននាក់ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ ហើយយើងគិតថា យើងនឹងអាចជួយជីវិតមនុស្សរាប់ពាន់នាក់ដែលរស់នៅក្នុងទីក្រុងនេះ ពីព្រោះថាទឹកស្អាតនឹងជួយការពារការឆ្លងរាលដាលជំងឺនេះ»។
ជំងឺអាសន្នរោគបង្កឲ្យមានជំងឺរាគរូស ដែលអាចសម្លាប់មនុស្សក្នុងពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះប្រសិនមិនបានព្យាបាលទាន់ពេល។ ជំងឺអាសន្នរោគបង្កឡើងដោយសារការបរិភោគម្ហូបអាហារនិងទឹកគ្មានអនាម័យ។ កូនក្មេងនិងមនុស្សចាស់គឺជាអ្នកដែលងាយរងគ្រោះបំផុត។
កុមារតូចគឺជាអ្នកដែលងាយរងគ្រោះខ្លាំងបំផុត។ មន្រ្តីសុខាភិបាលបានព្រមានថា កុមារដែលកើតជំងឺអាសន្នរោគនៅពេលព្រឹកអាចស្លាប់បាត់បង់ជីវិតនៅពេលល្ងាចក្នុងថ្ងៃតែមួយ ប្រសិនបើមិនព្យាបាលភ្លាមៗ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា