នៅអំឡុងពេលនេះ ហាងនិងតូបលក់សៀវភៅមួយចំនួនក្បែរវិទ្យាល័យបាក់ទូក គួរតែមានភាពមមាញឹកក្នុងការលក់ដូរ តែនៅឆ្នាំនេះ ខុសពីឆ្នាំមុនៗ។
ជាធម្មតា ខែសីហាគឺជាខែមួយដែលការប្រឡងមធ្យមសិក្សាទុតិយភូមិ ប្រព្រឹត្តធ្វើឡើង ហើយវាក៏ជាពេលមួយដែលហាងនិងតូបលក់សៀវភៅ អាចធ្វើអាជីវកម្មបានយ៉ាងល្អ ដោយសារសិស្សមួយចំនួនធំ បាននាំគ្នាមកថតចម្លងសំណៅឯកសារប្រឡង។ ក៏ប៉ុន្តែ ចាប់តាំងពីឆ្នាំមុនមក រាជរដ្ឋាភិបាលបានចាត់វិធានការ បង្រ្កាបលើការលួចចម្លងនៅពេលប្រឡង ដែលរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បាននិយាយថា នឹងបន្តធ្វើការរឹតបន្តឹងនៅឆ្នាំនេះទៀត។
ម្ចាស់ហាងលក់សៀវភៅបាក់ទូក ដែលមានឈ្មោះហៅក្រៅថាប្រុសបានបា្រប់VOAថា មុខជំនួញនោះបានធ្លាក់ចុះយ៉ាងខ្លាំង។ លោកបន្តថា ឆ្នាំមុន សិស្សមួយចំនួនធំនៅតែនាំគ្នាមកថតចម្លងឯកសារប្រឡងដោយសារពួកគេយល់ថាពួកគេនៅតែអាចលួចចម្លងបាន បើទោះបីជាមានការព្រមាន និងសេចក្តីប្រកាសថា ការប្រឡងនឹងប្រព្រឹត្តទៅដោយគ្មានការលួចចម្លងក៏ដោយ។
នៅពេលវិស្សមកាល សិស្សមួយចំនួនដែលមកពីខេត្ត បាននាំគ្នាមកទីក្រុងភ្នំពេញដើម្បីរៀនគួរបន្ថែមត្រៀមប្រឡង ក៏ប៉ុន្តែសិស្សមួយចំនួន ក៏បានយកឱកាសនោះដើម្បីមកទិញសំណៅឯកសារ ឬ ព្រីយ៉ុង ដើម្បីទុកមើលនិងចែករំលែកដល់មិត្តភក្តិរបស់គេផងដែរ។
ម្ចាស់ហាងលក់សៀវភៅបាក់ទូក ដែលមានឈ្មោះហៅក្រៅថាប្រុស ថ្លែងថា៖
«កាលពីឆ្នាំមុន មួយសប្តាហ៍មុនពេលប្រឡង គេក៏នៅឃើញមានសិស្សមួយចំនួនដែលមកពីខេត្តនៅមិនទាន់ត្រលប់ទៅស្រុកកំណើតវិញនៅឡើយ។ ពួកគេសង្ឃឹមថាក្រដាសឯកសារនិងវិញ្ញាសាទាំងនោះអាចដូចគ្នាទៅនឹងវិញ្ញាសាពេលប្រឡង ហើយ ពួកគេនឹងអាចលួចមើលបាន»។
ការបង្ក្រាបការលួចចម្លងឆ្នាំមុន ហាក់មានប្រសិទ្ធិភាព ហើយ សំណៅឯកសារដែលមានលក់ គ្រាន់តែជាក្រដាសក្លែងក្លាយតែប៉ុណ្ណោះ។ មានតែប្រហែលជា២៥ភាគរយនៃបេក្ខជនប្រឡងដែលបានប្រឡងជាប់ ខណៈពេលដែលឆ្នាំមុនៗ សិស្សដែលប្រឡងជាប់មានប្រហែលជា៨០ភាគរយ។
សុខ ឡូត ម្ចាស់ហាងថតចម្លង ឈ្មោះ លាង ហេង ព្រីន ស្កេន និងថតចម្លងបាននិយាយថា៖
«ខុសពីឆ្នាំមុនៗ ឆ្នាំនេះសិស្សតិចនាក់ណាស់ដែលមកថតចម្លងឯកសារទុកមើល ហើយ មកដល់ពេលនេះ សិស្សមួយចំនួនបានត្រលប់ទៅខេត្តវិញទៅហើយ(ដោយគ្មានសំណៅឯកសារទៅជាមួយ) ហើយមួយចំនួនទៀតនឹងទៅនៅថ្ងៃអង្គារ៍នេះហើយ ព្រោះថា ការប្រឡងនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ»។
បេក្ខជនចំនួន៨៨,០០០នាក់ នឹងធ្វើការប្រឡងនៅថ្ងៃចន្ទនិងថ្ងៃអង្គារ៍នេះ នៅ ១៤៩មណ្ឌលប្រឡងដែលក្នុងនោះ ១០,០០០នាក់នៃពួកគេជាសិស្សដែលប្រឡងធ្លាក់ពីឆ្នាំមុន។ ដោយសារតែមានការកែទម្រង់រឹតបន្តឹងលើការប្រឡង សិស្សទាំងនោះ បាននាំគ្នាខិតខំរៀនជាងមុន។
មិត ម៉េង ជាសិស្សនៃវិទ្យាល័យស្រីសន្ធរ និងកំពុងឈរទិញសៀវភៅ បាននិយាយថា៖
«ខ្ញុំនឹងប្តេជ្ញាចិត្តមិនលួចចម្លង ហើយ ខ្ញុំគិតថា ការលួចចម្លងនៅពេលប្រឡងនឹងមិនអាចធ្វើទៅរួចនោះដែរ។ ខ្ញុំមកទីនេះដើម្បីតែទិញសៀវភៅខ្លះដើម្បីទុកអានបន្ថែមមុនពេលប្រឡងតែប៉ុណ្ណោះ មិនមែនទុកលួចមើលនោះទេ»។
ស្រដៀងគ្នានោះដែរ សុង ចាន់ដារិទ្ធិ បានដែលកំពុងឈរទិញសៀវភៅសម្រាប់ទុកអានបន្ថែមមុនពេលប្រឡងដែរនោះបាននិយាយថា
«ខ្ញុំនឹងមិនលួចចម្លងទេ ពីព្រោះខ្ញុំគិតថាខ្ញុំមានចំណេះដឹងគ្រប់គ្រាន់ក្នុងការធ្វើវិញ្ញាសារនៅពេលប្រឡង»។
ដារិទ្ធិបានបន្ថែមថា បើទោះបីជា គេមានឱកាសក្នុងការចម្លងក៏ដោយ ក៏គេមិនលួចចម្លងដែរ ពីព្រោះគេចង់សាកល្បងចំណេះរបស់ខ្លួនឯង៕