ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក​ស្វាគមន៍​ចៅក្រម​អន្តោប្រវេសន៍​ថ្មី​ចំនួន​៤៤​នាក់


ចៅក្រម​អន្តោប្រវេសន៍​ថ្មីៗ​ស្តាប់​លោក​រដ្ឋមន្ត្រី​យុត្តិធម៌ Jeff Sessions​ ថ្លែង​ពី​គោលនយោបាយ​រដ្ឋបាល​លោក ត្រាំ នៅ​ក្នុង​ក្រុង Falls Church រដ្ឋ Virginia កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
ចៅក្រម​អន្តោប្រវេសន៍​ថ្មីៗ​ស្តាប់​លោក​រដ្ឋមន្ត្រី​យុត្តិធម៌ Jeff Sessions​ ថ្លែង​ពី​គោលនយោបាយ​រដ្ឋបាល​លោក ត្រាំ នៅ​ក្នុង​ក្រុង Falls Church រដ្ឋ Virginia កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក លោក Jeff Sessions បាន​ស្វាគមន៍​ចៅក្រម​អន្តោប្រវេសន៍​ថ្មី​ចំនួន​៤៤​នាក់ ដែល​ជា​ចំនួន​ចៅក្រម​អន្តោប្រវេសន៍​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។ នេះ​បើ​យោង​តាម​ក្រសួង​យុត្តិធម៌​អាមេរិក។ ​

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ដែល​រដ្ឋបាល​លោក ត្រាំ ជួប​ការ​លំបាក​ក្នុង​ការ​បង្រួបបង្រួម​ក្រុម​គ្រួសារ​ដែល​បាន​បែក​បាក់​គ្នា​នៅ​ព្រំដែន​ឲ្យ​ជួប​គ្នា​វិញ។ «គោលនយោបាយ​គ្មាន​ការ​លើកលែង»​ឬ​ជា​ភាសា​អង់គ្លេស​ហៅ​ថា «zero tolerance policy» របស់​រដ្ឋបាល​នេះ បាន​ធ្វើ​ឲ្យ​សំណុំ​ឯកសារ​អន្តោប្រវេសន៍​ជាច្រើន​ត្រូវ​នៅ​រង់ចាំ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

ការ​សម្រេច​ឃុំ​ខ្លួន​កុមារ​ឲ្យ​នៅ​ដាច់ដោយឡែក​ពី​ឪពុកម្តាយ​របស់​ពួកគេ ខណៈ​ដែល​ឪពុកម្តាយ​ទាំង​នោះ​ត្រូវ​រង់ចាំ​ឡើង​សវនាការ បាន​ធ្វើ​ឲ្យ​កុមារ​ប្រមាណ​៤០០​នាក់​នៅ​តែ​រស់នៅ​បែកបាក់​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ។

យោង​តាម Transactional Records Access Clearinghouse ដែល​ជា​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រមូល​ទិន្នន័យ​មួយ​នៃ​សាកលវិទ្យាល័យ Syracuse ក្នុង​រដ្ឋ ញូវយ៉ក សហរដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា មាន​ករណី​អន្តោប្រវេសន៍​ជាង​៧សែនដែល​នៅ​កំពុង​ដំណើរការ។

ក្នុង​អំឡុង​ពេល​នៃ​ពិធី​ស្វាគមន៍កាល​ពី​ថ្ងៃ​ ចន្ទ ក្នុង​រដ្ឋ Virginia នោះ លោក Sessions បាន​ថ្លែង​ថា «រាប់​បញ្ចូល​អ្នក​ទាំងអស់គ្នា​ជាមួយ​នឹង​ក្រុម​ចៅក្រម​ដែល​មាន​ស្រាប់ ឥឡូវ​នេះ យើង​មាន​ចៅក្រម​អន្តោប្រវេសន៍​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ»៕

XS
SM
MD
LG