រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr បាននិយាយថា សារនៅលើ Twitter របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធជាមួយនឹងក្រសួងយុត្តិធម៌ បុគ្គលិករបស់ក្រសួង និងករណីនានារបស់ក្រសួង ធ្វើមិនឲ្យលោកអាចបំពេញការងារបាន។
ការថ្លែងដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានចេញពីមាត់របស់សម្ព័ន្ធមិត្តស្និទ្ធស្នាលបំផុតរបស់លោកប្រធានាធិបតីដែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺនៅប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងយុត្តិធម៌បានបដិសេធការណែនាំរបស់ក្រុមរដ្ឋអាជ្ញារបស់ក្រសួង និងបានស្នើឲ្យកាត់ទោសដាក់ពន្ធនាគារតិចជាងមុនដល់លោក Roger Stone ដែលជាមិត្តភ័ក្តិយូរឆ្នាំរបស់លោក ត្រាំ ក្រោមបទចោទថាបាននិយាយកុហកសភា រំខានដល់សាក្សី និងរារាំងដំណើរការស៊ើបអង្កេតអំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។
លោក ត្រាំ កន្លងមកបានរិះគន់ថាសំណើកាត់ទោសលោក Stone ឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ៩ឆ្នាំគឺជារឿងមិនសមរម្យ និងអយុត្តិធម៌។ ប៉ុន្មានម៉ោងក្រោយមក មានការសម្រេចស្នើទៅតុលាការឲ្យបន្ថយទោសលោក Stone។ នេះគឺជាករណីកម្របំផុតដែលក្រសួងយុត្តិធម៌បដិសេធមិនព្រមទទួលយកសំណើពីក្រុមរដ្ឋអាជ្ញារបស់ខ្លួននៅក្នុងរឿងក្តីព្រហ្មទណ្ឌដូចនេះ។ រដ្ឋអាជ្ញា៤នាក់នៅក្នុងរឿងក្តីរបស់លោក Stone បានដកខ្លួនចេញពីសំណុំរឿង ដោយរួមទាំងរដ្ឋអាជ្ញាម្នាក់បានលាលែងចេញពីតំណែង។ នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC News កាលពីថ្ងៃព្រហស្បតិ៍ លោក Barr បាននិយាយថា លោក ត្រាំ មិនដែលស្នើសុំឲ្យលោកធ្វើអ្វីទេនៅក្នុងរឿងក្តីព្រហ្មទណ្ឌ។
លោក Barr បានថ្លែងដូចនេះថា៖ «ការបង្ហោះសារជាសាធារណៈអំពីក្រសួង អំពីបុគ្គលិករបស់យើងនៅក្នុងក្រសួង អំពីករណីនានាដែលមិនទាន់បានដោះស្រាយនៅក្នុងក្រសួង និងអំពីចៅក្រមរបស់យើង ធ្វើមិនឲ្យខ្ញុំអាចបំពេញការងាររបស់ខ្ញុំបាន ដើម្បីធានាដល់ការបំពេញការងាររបស់តុលាការនិងរដ្ឋអាជ្ញានៅក្នុងក្រសួងប្រកបដោយសុចរិតភាព»៕