ព្រឹទ្ធសភាអាមេរិកនឹងបោះឆ្នោតនៅថ្ងៃព្រហស្សតិ៍នេះលើសេចក្តីសម្រេចមួយអំពាវនាវឲ្យលោកប្រធានាធិបតីត្រាំ «ឈប់ប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិកសម្រាប់ធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ លើកលែងតែសកម្មភាពទាំងនោះត្រូវបានអនុម័តដោយសភាជាមុនសិន»។
លោកប្រធានាធិបតីត្រាំច្រានចោលវិធានការនេះ ដោយជជែកថា ការដាក់កំណត់លើអំណាចធ្វើសង្គ្រាមរបស់លោកជារឿងមានគ្រោះថ្នាក់ ហើយលោកបានតឿនឲ្យព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋប្រឆាំងជំទាស់នឹងសេចក្តីសម្រេចនោះ។
លោកត្រាំបានសរសេរលើបណ្តាញសង្គម Twitter ថា «ជារឿងសំខាន់ណាស់សម្រាប់សន្តិសុខរបស់ប្រទេសយើង ដែលព្រឹទ្ធសភាសរអា មិនត្រូវបោះឆ្នោតគាំទ្រសេចក្តីសម្រេចលើអំណាចធ្វើសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ទេ។ យើងកំពុងចាត់វិធានការយ៉ាងល្អជាមួយប្រទេសអ៊ីរ៉ង់ ហើយយើងមិនត្រូវបង្ហាញភាពទន់ខ្សោយនៅពេលនេះទេ»។
លោក Tim Kaine ដែលជាសមាជិកព្រឹទ្ធសភា គាំទ្រសេចក្តីសម្រេចនេះ បានថ្លែងប្រាប់ព្រឹទ្ធសភាថា «សេចក្តីសម្រេចនៅមុខយើងនៅថ្ងៃនេះ ជាសេចក្តីសម្រេចអំពី ការទាមទារយកតួនាទីយ៉ាងត្រឹមត្រូវរបស់ព្រឹទ្ធសភា ក្នុងការសម្រេចអំពីសង្គ្រាម។ សេចក្តីសម្រេចនេះសមញ្ញណាស់។ យើងមិនគួរធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ទេ លើកលែងតែមានការបោះឆ្នោតអនុមត្តិពីសភាជាមុនសិន»។