រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr បានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងសវនាការព្រឹទ្ធសភា កាលពីថ្ងៃពុធ ចាប់តាំងពីការចេញផ្សាយរបាយកាណ៍ស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសលោក Robert Mueller ស្តីពីការជ្រៀតជ្រែករបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ហើយលោកបានប្រឈមនឹងការរិះគន់ពីខាងគណបក្សប្រជាធិបតេយ្យពាក់ព័ន្ធនឹងចំណាត់ការរបស់លោកចំពោះរបាយការណ៍ស៊ើបអង្កេតនេះ។
សេចក្តីរាយការណ៍របស់លោក Michael Bowman នៃ VOA បានឲ្យដឹងថា លោក Barr បានការពាររបាយការណ៍សង្ខេបរបស់លោកទៅលើការសនិដ្ឋានរបស់លោក Mueller បន្ទាប់ពីមានការចេញផ្សាយលិខិតមួយ ដែលបង្ហាញពីការជំទាស់របស់លោករដ្ឋអាជ្ញាពិសេសចំពោះការសន្និដ្ឋានរបស់លោក Barr។
លោករដ្ឋមន្ត្រីយុត្តិធម៌ William Barr ដែលជាបុគ្គលដំបូងគេម្នាក់ បានបង្កើតចំណាប់អារម្មណ៍ពីសាធារណជនទៅលើរបាយការណ៍ស៊ើបអង្កេតរបស់លោក Robert Mueller បានចូលខ្លួនឆ្លើយបំភ្លឺនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភា។ សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យបានចោទប្រកាន់លោករដ្ឋមន្ត្រី Barr ថាបានបង្វែរខ្លឹមសាររបាយការណ៍ស៊ើបអង្កេត ដើម្បីជួយលោកប្រធានាធិបតី Donald Trump។
លោកស្រី Mazie Hirono សមាជិកគណៈកម្មាធិការនីតិកម្មរបស់ព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យបានថ្លែងថា៖
«លោកបានប្រើប្រាស់ការិយាល័យយុត្តិធម៌របស់លោក ដើម្បីផ្សព្វផ្សាយឲ្យសាធារណជនយល់ថា លោកប្រធានាធិបតីរួចផុតពីការចោទប្រកាន់នានា។ លោកបានដាក់អំណាចក្នុងនាមជារដ្ឋមន្ត្រីយុត្តិធម៌ និងក្រសួងយុត្តិធម៌គាំទ្រកិច្ចប្រឹងប្រែងទំនាក់ទំនងសាធារណៈដើម្បីជួយការពារលោកប្រធានាធិបតី Trump»។
លោក Trump បានអះអាងដោយខ្លួនលោកផ្ទាល់ថា លោកគ្មានជាប់ពាក់ព័ន្ធអ្វីនៅក្នុងការចូលជ្រៀតជ្រែករបស់រុស្ស៊ីឡើយ បន្ទាប់ពីលោក Barr ចេញផ្សាយសេចក្តីសង្ខេបនៃរបាយការណ៍ស៊ើបអង្កេតរបស់លោក Mueller ។
បន្ទាប់មកមានការចេញផ្សាយរបាយការណ៍ដែលរៀបរាប់លម្អិតអំពីសកម្មភាពផ្លូវច្បាប់គួរឲ្យសង្ស័យជាច្រើនរបស់លោក Trump និងក្រុមការងាររបស់លោក។
នៅក្នុងសប្តាហ៍នេះ មានសេចក្តីរាយការណ៍អំពីលិខិតមួយច្បាប់ដែលលោក Mueller បានសរសេរជូនលោក Barr ដោយបានចោទប្រកាន់ថា សេចក្តីសង្ខេបរបស់លោករដ្ឋមន្ត្រីយុត្តិធម៌មិនបានបញ្ជូលអត្ថន័យពេញលេញនៃរបាយការណ៍ស៊ើបអង្កេតនេះទេ និងបានបង្កឲ្យមានការភាន់ច្រឡំពីសាធារណជនអំពីលទ្ធផលនៃការស៊ើបអង្កេតអំពីការជ្រៀតជ្រែករបស់រុស្ស៊ី។
លោក Chris Coons សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ និងជាសមាជិកគណៈកម្មាធិការនីតិកម្មនៃព្រឹទ្ធសភា បាននិយាយថា៖ «រយៈពេល ២៥ ថ្ងៃមុនពេលរបាយការណ៍របស់លោក Mueller ត្រូវបានផ្សព្វផ្សាយជាសាធារណៈ លោកបានប្រកាសថា លោកប្រធានាធិបតី Donald Trump គ្មានប្រព្រឹត្តបទឧក្រិដ្ឋអ្វីនោះទេ។ ខ្ញុំគិតថា វាមិនមែនជារឿងដែលគួរឲ្យឆ្ងល់ទេ ដែលលោក Mueller គិតថា សេចក្ដីសង្ខេប ៤ ទំព័ររបស់លោកធ្វើឲ្យសាធារណជនមានការយល់ច្រឡំនោះ»។
លោក Barr បានទទូចថា លោកបានផ្ដោតលើចំណុចសំខាន់របស់របាយការណ៍របស់លោក Mueller ដែលភាគច្រើនផ្ដល់ប្រយោជន៍ដល់លោក Trump ដែលចំណុចសំខាន់នោះគឺថា គ្មានភស្តុតាងណាមួយបញ្ជាក់ថាលោក Trump និងក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកមានការឃុបឃិតជាមួយនឹងរដ្ឋាភិបាលរុស្ស៊ីនោះទេ ហើយក៏គ្មានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថា លោក Trump រារាំងដំណើរការស៊ើបអង្កេតរបស់លោក Mueller នោះដែរ។
លោក Barr និយាយដូច្នេះថា៖ «ខ្ញុំបានធ្វើការសម្រេចថា យើងត្រូវតែផ្សព្វផ្សាយព័ត៌មានមួយចំនួនអំពីចំណុចសំខាន់នៃរបាយការណ៍របស់លោក Mueller។ ប្រជាពលរដ្ឋទូទៅកំពុងមានអារម្មណ៍រំជើបរំជួលចង់ដឹងអំពីរបាយការណ៍នេះ។ យើងឃើញមានចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងការចង់ដឹងអំពីលទ្ធផលសំខាន់នៃការស៊ើបអង្កេតរបស់លោក Mueller នេះ ជាពិសេសទាក់ទិននឹងចម្ងល់អំពីថាតើមានការឃុបឃិតរវាងលោក Trump និងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកជាមួយនឹងរដ្ឋាភិបាលរុស្ស៊ីដែរឬទេ»។
លោក Barr បានបន្ថែមថា នៅទីបំផុតលោកបានលុបចោលក្ដីបារម្ភរបស់លោក Mueller ដោយផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍របស់លោក Mueller ដែលក្នុងនោះមានផ្នែកជាច្រើនដែលមិនគាំទ្រលោក Trump ផងដែរ។ ស្របពេលនោះដែរ គណបក្សសាធារណរដ្ឋបានអះអាងថា លោក Barr មានកាតព្វកិច្ចនៅក្នុងការបំបាត់ការសង្ស័យផ្នែកផ្លូវច្បាប់ដែលពាក់ព័ន្ធនឹងលោក Trump ប៉ុន្មានឆ្នាំកន្លងមកនេះ។
លោក Mike Lee ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ និងជាសមាជិកខាងគណៈកម្មាធិការនីតិកម្មនៃព្រឹទ្ធសភា បាននិយាយថា៖ «សត្រូវនយោបាយរបស់លោក Trump បានកេងចំណេញពីលើរឿងស៊ើបអង្កេតរបស់លោក Mueller ម្ដងហើយម្ដងទៀត ដើម្បីផ្សព្វផ្សាយន័យបញ្ឆិតបញ្ឆៀងគ្មានមូលដ្ឋានត្រឹមត្រូវ ក្នុងគោលបំណងបំផ្លាញដល់ភាពស្របច្បាប់នៃការបោះឆ្នោតឆ្នាំ ២០១៦»។
ក្រុមសមាជិកគណបក្សប្រជាធិបតេយ្យបានកត់សម្គាល់ឃើញថា នៅក្នុងការផ្ដល់សក្ខីកម្មកាលពីលើកមុន លោក Barr បានអះអាងថា ក្រុមរបស់លោក Mueller មិនបានជំទាស់ទៅនឹងសេចក្ដីសង្ខេបរបស់លោកអំពីរបាយការណ៍របស់លោក Mueller នោះទេ។ លោក Barr បានបញ្ជាក់ថា លោក Mueller បានប្រាប់លោកដោយផ្ទាល់ថា លោក Mueller មានការព្រួយបារម្ភអំពីសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអំពីសេចក្ដីសង្ខេបរបស់លោក Barr ជាជាងមានការព្រួយបារម្ភអំពីសេចក្ដីសង្ខេបនេះផ្ទាល់៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា