រដ្ឋាភិបាលប្រកាសបិទច្រករបៀងទាំងអស់នៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ពលករចំណាកស្រុក និងការនាំចូលទំនិញគេចពន្ធ បន្ទាប់ពីពលករជាច្រើនត្រូវបានបញ្ជូនមកកម្ពុជាវិញ ក្រោយពេលថៃបង្កើតច្បាប់ដាក់ទោសពលករខុសច្បាប់។ នេះបើតាមការបញ្ជាក់ពីមន្រ្តីទំនាក់ទំនងព្រំដែនប្រចាំខេត្តបន្ទាយមានជ័យ។
លោក ជិន ពិសិដ្ឋ អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំខេត្តបន្ទាយមានជ័យ ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា សមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃចន្ទ បានបិទច្រករបៀងខុសច្បាប់ជាង៤០នៅតាមព្រំដែនកម្ពុជា-ថៃ។ លោកបន្ថែមថា ការបិទច្រករបៀងនេះគឺធ្វើឡើងបន្ទាប់ពីលោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យបិទច្រករបៀងទាំងអស់នៅតាមបណ្តាខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសថៃ ដើម្បីទប់ស្កាត់ពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ និងទប់ស្កាត់ទំនិញគេចពន្ធផ្សេងៗ។
លោកជិន ពិសិដ្ឋមានប្រសាសន៍ថា៖
«ពលករយើងដែលជឿមេខ្យល់ គឺគាត់នឹងធ្វើការនៅប្រទេសថៃដោយខុសច្បាប់ បណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍នានា គ្រោះថ្នាក់នានា និងការចាប់ចងពីប្រទេសថៃ។ គ្រោះថ្នាក់ទី២ បង់ខាតទាំងថវិកា ដូចជាទំនិញគេចពន្ធឆ្លងដែន។ គេចពន្ធហ្នឹងគឺវាអត់មានចូលជាថវិការដ្ឋទេ។ អីចឹងយើងឃើញថា បើសិនជាយើងបិទការងារទាំងអស់ហ្នឹងទៅគឺយើងនឹងអាចចំណេញវិញ»។
លោកជិន ពិសិដ្ឋបន្ថែមថា រហូតមកដល់ពេលនេះ ពលករខ្មែរនៅតែត្រូវបានភាគីថៃបញ្ជូនមកវិញ ជាបន្តបន្ទាប់ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួនជាក់លាក់នៅឡើយ ដោយអះអាងថា លោកនិងក្រុមការងារកំពុងបូកសរុប។ លោកក៏បានបន្ថែមថា លោកមិនដឹងថា ពលករទាំងនោះអាចត្រឡប់ទៅធ្វើការនៅប្រទេសថៃវិញ នៅពេលណានោះទេ គឺអាស្រ័យលើរដ្ឋាភិបាលថៃ។
ការប្រកាសបិទច្រករបៀងនៅតាមព្រំដែនជាប់ជាមួយប្រទេសថៃនេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលថៃបានចេញច្បាប់រឹតបន្តឹងការងារលើពលករបរទេសទាំងអស់ដែលកំពុងធ្វើការនៅប្រទេសថៃ រួមទាំងពលករដែលធ្វើចំណាកស្រុកពីកម្ពុជាផងដែរ។
រដ្ឋាភិបាលថៃទើបតែប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ការងារថ្មីមួយ ដែលទើបចូលជាធរមានកាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅ។ ច្បាប់នេះអាចដាក់ទោសជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ចំពោះពលករណាដែលគ្មានប័ណ្ណអនុញ្ញាតឲ្យធ្វើការ និងផាកពិន័យរហូតដល់៨សែនបាត (ប្រហែល២៣.៥០០ដុល្លារអាមេរិក) ចំពោះរោងចក្រ ឬសហគ្រាសណាដែលទទួលយកពលករខុសច្បាប់ឲ្យធ្វើការ។
បន្ទាប់ពីច្បាប់នេះចូលជាធរមាន ពលករចំណាកស្រុកធ្វើការក្នុងប្រទេសថៃរាប់ម៉ឺននាក់បានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ដូចជាប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដោយសារតែភ័យខ្លាចថា អាចមានបញ្ហាកើតឡើងចំពោះពួកគេ។ ការចាកចេញទៅកាន់ប្រទេសកំណើតរបស់ពលករចំណាកស្រុកទាំងនោះធ្វើឲ្យពួកគេផ្ទាល់ និងថៅកែរបស់ពួកគេប្រឈមនឹងបញ្ហាលំបាក។
លោកស៊ុំ ចាន់គា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុក ប្រចំាខេត្តបន្ទាយមានជ័យ ប្រាប់ VOA ថា ការបិទច្រករបៀងនៅតាមព្រំប្រទល់កម្ពុជា-ថៃនឹងនាំឲ្យមានទាំងភាពវិជ្ជមាន និងអវិជ្ជមានសម្រាប់ប្រជាពលរដ្ឋខ្មែរ។ លោកបន្ថែមថា ការបិទនេះនឹងអាចទប់ស្កាត់រាល់ទំនិញគេចពន្ធផ្សេងៗ ដែលធ្វើឲ្យបាត់បង់ថវិកាជាតិ ប៉ុន្តែលោកថា ការបិទនេះក៏ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះផងដែរ ជាពិសេសពលរដ្ឋដែលចេញទៅធ្វើការនៅប្រទេសថៃពេលព្រឹក និងចូលមកវិញនៅពេលល្ងាច។
មន្ត្រីការពារសិទ្ធិមនុស្សរូបនេះបានរិះគន់ចំណាត់ការរបស់រដ្ឋាភិបាលក្នុងការបិទច្រករបៀងដើម្បីទប់ស្កាត់ពលករធ្វើចំណាកស្រុក។ លោកពន្យល់ថា វាជាចំណាត់ការដែលគ្មាននិរន្តរភាព ហើយលោកថា រដ្ឋាភិបាលគួរមានចំណាត់ការរឹងមាំជាងនេះដើម្បីធានាដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថា ចំណាត់ការរឹងមាំដែលរដ្ឋាភិបាលគួរធ្វើ មានដូចជាបង្កើតទីផ្សារការងារនៅកម្ពុជា និងរកទីផ្សារផលិតផលសម្រាប់ប្រជាពលរដ្ឋ មិនមែនជំរុញឲ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅធ្វើការនៅបរទេសនោះទេ។
លោកលោកស៊ុំ ចាន់គាបញ្ជាក់ថា៖
«យើងរកទីផ្សារកម្លាំងពលកម្មនៅក្នុងកន្លែងយើង ព្រោះយើងមានកម្លាំង ហើយរកទីផ្សារនៅប្រទេសយើង ហើយឲ្យប្រជាពលរដ្ឋហ្នឹងធ្វើការនៅកន្លែងយើង។ គាត់នឹងមានលុយ មានប្រាក់ខែ ជួបជុំជាមួយបងប្អូន កូនចៅគាត់ មានសុភមង្គល ហើយជៀសផុតពីភ័យអន្តរាយផ្សេងៗដែលកើតឡើងចំពោះគាត់។ ជៀសផុតពីការត្រូវគេវាយ គេដំ គេចាប់ គេបាញ់សម្លាប់ គេចាប់ដាក់គុក។ គឺចៀសផុតទាំងអស់»។
បើតាមលោកស៊ុំ ចាន់គា ពលករដែលត្រូវបានបញ្ជូនមកកម្ពុជាវិញ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែមិថុនារហូតដល់ថ្ងៃទី៣ ខែកក្កដានេះ មានចំនួនរហូតដល់៤,១៦៦នាក់។ លោកបន្ថែមថា ចំនួននេះនៅកើនឡើងជាបន្តបន្ទាប់ ខណៈដែលពលករទាំងនោះកំពុងប្រឈមនឹងបញ្ហាជីវភាព ព្រមទាំងការជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ ដែលពួកគេបានខ្ចីដើម្បីធ្វើដំណើរទៅប្រទេសថៃក្នុងពេលកន្លងមក។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទេ នារសៀលថ្ងៃអង្គារ។
កាលពីខែមិថុនាឆ្នាំ២០១៤ ពលករខ្មែរជាង១៧ម៉ឺននាក់ត្រូវបានបង្ខំចិត្តចាកចេញពីប្រទេសថៃ ក្រោយពីរបបយោធាថៃបង្ក្រាបលើពលករខុសច្បាប់ក្នុងប្រទេសខ្លួន។ របាយការណ៍មួយរបស់អង្គការការពារសិទ្ធិពលករបង្ហាញថា យ៉ាងហោចណាស់មានពលករខ្មែរ១លាននាក់ធ្វើការនៅក្នុងប្រទេសថៃ ទាំងស្រប និងខុសច្បាប់។
ទោះជាយ៉ាងណា អត្ថបទមួយរបស់កាសែតបាងកកប៉ុស្តិ៍ ដែលចេញនារសៀលថ្ងៃអង្គារនេះផ្សាយថា រដ្ឋាភិបាលថៃបានសម្រេចលើកពេលការអនុវត្តច្បាប់ការងារថ្មីរបស់ខ្លួនរហូតដល់រយៈពេល៦ខែទៀត ដើម្បីទុកពេលឲ្យពលករទាំងនោះបំពេញបែបបទឲ្យបានស្របច្បាប់៕