ការធ្លាយប្រេងនេះបានបំពុលដល់តំបន់ជាច្រើននៃប្រទេសស៊ូដង់ខាងត្បូង។ ប៉ុន្តែ រដ្ឋមន្ត្រីទទួលបន្ទុកប្រេងឥន្ធនៈនៃប្រទេសស៊ូដង់ខាងត្បូងបាននិយាយកាលពីថ្ងៃទី០៧ ខែតុលាថា ការធ្លាយប្រេងចេញពីទុយោប្រេងកាលពីចុងខែកញ្ញាត្រូវបានដោះស្រាយរួចហើយ ប៉ុន្តែលោកបានព្រមានថា ទុយោប្រេងឥន្ធនៈកាន់តែច្រើនអាចនឹងបែកធ្លាយ ខណៈដែលក្រុមហ៊ុន Juba មានផែនការបង្កើនការផលិតប្រេងរបស់ខ្លួន។
ដោយថ្លែងជាសាធារណៈជាលើកដំបូងចាប់តាំងពីពេលដែលមានការបែកធ្លាយទុយោប្រេងកាលពីថ្ងៃទី២៥ ខែកញ្ញា លោក Awow Daniel Chuang រដ្ឋមន្ត្រីទទួលបន្ទុកប្រេងនៃប្រទេសស៊ូដង់ខាងត្បូងបាននិយាយថា ការធ្លាយប្រេង ដែលមានចម្ងាយ១៥គីឡូម៉ែត្រ ពីក្រុង Lalubo ក្នុងរដ្ឋ Northern Liech ត្រូវបានដោះស្រាយរួចរាល់ហើយ បន្ទាប់ពីក្រុមហ៊ុន Greater Pioneer Operating Company បានបញ្ជូនក្រុមអ្នកជំនាញបរទេសទៅកន្លែងកើតហេតុ កាលពីដើមខែតុលា។
លោក Chuang បាននិយាយថា «ក្រុមវិស្វកររុស្ស៊ីមួយក្រុមមកពីក្រុមហ៊ុន GOPC បានទៅដល់កន្លែងកើតហេតុ ហើយពួកគេបានដោះស្រាយការធ្លាយប្រេងរួចហើយ ដោយសារតែបំពង់ប្រេងត្រូវបានសាងសង់ជាច្រើនឆ្នាំមកហើយ និងមានសភាពចាស់រិចរិល។ នៅពេលវាកាន់តែចាស់រិចរិល តែងតែមានចំណុចដែលងាយនឹងធ្លាយ។
ក្រុមហ៊ុន Greater Pioneer Operating Company គឺជាក្រុមហ៊ុនប្រេងដែលគ្រប់គ្រងដោយក្រុមហ៊ុន National Petroleum Corporation របស់ចិន ក្រុមហ៊ុន Petronas របស់ម៉ាឡេស៊ី ក្រុមហ៊ុន ONGC Videsh របស់ឥណ្ឌា និងក្រុមហ៊ុន Nile Petroleum Corporation ដែលគ្រប់គ្រងដោយរដ្ឋស៊ូដង់ខាងត្បូង។
លោក Chuang បាននិយាយថា ប្រេងប្រមាណ២.០០០ធុងអាចនឹងធ្លាយហូរចូលទៅក្នុងដី និងទឹក ចាប់តាំងពីមានការបែកធ្លាយបំពង់ប្រេងកាលពីថ្ងៃទី២៥ ខែកញ្ញា។
នៅពេលត្រូវបានគេសួរអំពីផលប៉ះពាល់នៃការធ្លាយប្រេងទៅលើពលរដ្ឋ លោក Chuang បាននិយាយថា ការធ្លាយប្រេងកើតឡើងនៅក្នុងតំបន់ដាច់ស្រយាល ដែលមិនមានផ្ទះសម្បែង។
លោក Gatiep Both Gabriel ដែលជាស្នងការតំបន់ Budang បានបដិសេធការអះអាងខាងលើ ដោយនិយាយថា ពលរដ្ឋក្នុងមូលដ្ឋានទទួលរងផលប៉ះពាល់ខ្លាំងដោយសារតែការធ្លាយប្រេងនេះ។
លោក Gabriel បានប្រាប់កម្មវិធី South Sudan in Focus ថា «ការធ្លាយប្រេងបានបញ្ឈប់ហើយ ប៉ុន្តែផលប៉ះពាល់មានច្រើនខ្លាំងណាស់។ វាបានបំផ្លាញដើមឈើ សម្លាប់សត្វគោក្របី និងបំពុលមនុស្ស ហើយប្រេងក៏ហូរចូលក្នុងទឹកទន្លេ Nile ផងដែរ»។
លោក Gabriel ខ្លាចថា ពលរដ្ឋដែលរស់នៅតាមបណ្តោយទន្លេ Nile ជាពិសេសគឺពលរដ្ឋដែលរស់នៅក្បែរកន្លែងលេចធ្លាយប្រេង ប្រើប្រាស់ទឹកដែលមានជាតិពុល។
លោក Chuang និយាយថា ផែនការកំពុងត្រូវបានគេរៀបចំដើម្បីបូមយកប្រេងដែលលេចធ្លាយនោះ ដោយប្រើប្រាស់ម៉ាស៊ីនបូមដែលមានកម្លាំងខ្លាំងនៅក្នុងរថយន្តធំៗ។
លោក Chuang បានប្រាប់ VOA ថា «ប្រេង និងទឹកនឹងត្រូវរថយន្តដែលមានម៉ាស៊ីនបូមយក ដើម្បីយកប្រេងទាំងនោះចេញពីទឹក និងធ្វើឲ្យទន្លេមានសភាពធម្មតាវិញ ដោយសារតែនៅពេលដែលអ្នកបូមយកប្រេង និងទឹក វាអាចនឹងត្រឡប់ទៅសភាពដើមវិញ ហើយកាកសំណល់នឹងត្រូវធ្វើប្រព្រឹត្តកម្មនៅក្នុងកម្រិតមួយដែលវាមិនប៉ះពាល់ដល់បរិស្ថាន»។
លោក Chuang បាននិយាយថា ការលេចធ្លាយប្រេងនេះលាតសន្ធឹង៤០០ម៉ែត្រការ៉េ ប៉ុន្តែលោក Gabriel ជឿថា តំបន់ដែលរងផលប៉ះពាល់មានច្រើនជាងនេះ។
លោក Chuang ព្រមានថា ទុយោផ្សេងទៀតដែលកំពុងតែមានប្រតិបត្តិការនៅក្នុងតំបន់អាចនឹងបែកធ្លាយដែរ ដោយសារតែភាពសឹករិចរិល និងកង្វះការថែទាំ។
លោកបាននិយាយថា ទុយោមួយចំនួនមិនត្រូវបានប្រើប្រាស់ទេចាប់តាំងពីចុងឆ្នាំ២០១៣មក នៅពេលដែលការប្រយុទ្ធបានផ្ទុះឡើងនៅក្នុងប្រទេសស៊ូដង់ខាងត្បូង និងព្រមានថា អាចនឹងមានការធ្លាយប្រេងបន្ថែមទៀត។
លោក Chuang បានប្រាប់កម្មវិធី South Sudan in Focus ថា «នៅពេលណាដែលយើងចាប់ផ្តើមបូមយកប្រេងនៅក្នុងប្លុក១ ២ និង៤ ដោយសារតែទុយោមិនមែនជាទុយោថ្មី យើងរំពឹងថា នឹងមានការបែកធ្លាយនៅពេលណាមួយ។ អ្វីដែលសំខាន់គឺត្រូវឆ្លើយតបចំពោះការបែកធ្លាយទាំងនោះ»។
លោក Chuang និយាយថា ក្រសួងរបស់លោកមានផែនការចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនបរទេសមួយដើម្បីធ្វើការពិនិត្យផលប៉ះពាល់បរិស្ថាន។
នៅដើមខែតុលា ក្មេងម្នាក់បានកើតមកដោយមានរូបរាងចម្លែក នៅក្នុងរដ្ឋNorthern Liech ដែលរូបថតរបស់គេត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើបណ្តាយសង្គម។ ការណ៍នេះបានធ្វើឲ្យមានការជជែកដេញដោលជាសាធារណៈអំពីផលប៉ះពាល់ដែលការបំពុលប្រេងមានទៅលើពលរដ្ឋក្នុងមូលដ្ឋាន។
លោក Chuang បាននិយាយថា ក្មេងនោះត្រូវបានបញ្ជូនទៅកាន់ក្រុង Nairobi ប្រទេសកេនយ៉ាដើម្បីពិនិត្យ និងព្យាបាលបន្ត៕