លោក Max Graham ប្រធានក្រុមប្រតិបត្តិនៃក្រុមអ្នកអភិរក្សសត្វដំរី ឈ្មោះថា Space for Giants ស្វាគមន៍ព័ត៌មាននេះ។
លោក Graham បាននិយាយថា៖ «ខ្ញុំគិតថា ការដែលប្រទេសចិនប្រកាន់យកជំហរនេះមានន័យថា មានប្រទេសមហាអំណាចដែលមានគំនិតអភិរក្សនិយមថ្មីមួយនៅក្នុងពិភពលោកនេះ កំពុងទទួលខុសត្រូវ។ យើងមានការសប្បាយចិត្តខ្លាំងណាស់ចំពោះជំហរនេះ ដោយសារតែជំនួញភ្លុកដំរី គឺជាបញ្ហាប្រឈមដ៏ធំមួយ ហើយជំនួញសត្វព្រៃខុសច្បាប់ ជាទូទៅមានបញ្ហាប្រឈមកាន់តែច្រើននៅក្នុងតំបន់អាស៊ី ជាពិសេសនៅក្នុងប្រទេសចិន ដែលការប្រើប្រាស់សរីរាង្គសត្វព្រៃតាមបែបប្រពៃណី បានធ្វើឲ្យបាត់បង់ពូជសត្វកម្រៗជាច្រើននៅក្នុងពិភពលោក។ ដូច្នេះ ការឃើញប្រទេសចិនប្រកាន់យកជំហរបែបនេះ គឺជាការជំរុញទឹកចិត្តមួយ។ វាជាកាដូដ៍ល្អបំផុតមួយសម្រាប់ថ្ងៃបុណ្យណូអែល ដែលសហគមន៍អ្នកអភិរក្សទទួលបាន»។
ប្រទេសចិន បានប្រកាសពីការហាមឃាត់នេះនៅចុងឆ្នាំ២០១៦ ហើយការហាមឃាត់នេះបានចូលជាធរមាននៅចុងឆ្នាំ២០១៧ ដែលនេះធ្វើឲ្យមនុស្សមួយចំនួនមានការភ្ញាក់ផ្អើល ដោយសារពួកគេគិតថា វាអាចនឹងត្រូវការពេលដល់ទៅ៥ឆ្នាំ។ ក្រុមអ្នកអភិរក្សនិយមមានសុទិដ្ឋិនិយម បើទោះជាពួកគេនិយាយថា វាមានភាពឆាប់រហ័សពេកក្នុងការទស្សន៍ទាយថា តើការហាមឃាត់នេះនឹងត្រូវអនុវត្តយ៉ាងដូចម្តេច។
លោក Frank Pope ប្រធានប្រតិបត្តិអង្គការ Save the Elephants ជឿជាក់ថា ការហាមឃាត់នេះអាចនឹងបង្ហាញពី «ការផ្លាស់ប្តូរទាំងស្រុង» សម្រាប់អនាគតសត្វដំរី ប៉ុន្តែលោកបានព្រមានពីបញ្ហាមួយផ្សេងទៀត។
លោក Pope បាននិយាយថា៖ «នៅពេលយើងគាបសង្កត់ទៅលើទីផ្សារស្របច្បាប់របស់ពាណិជ្ជកម្មចិន ទីផ្សារបន្ទាប់បន្សំនឹងលេចចេញជារូបរាងឡើងនៅតាមព្រំដែនប្រទេសចិន។ នេះជាអ្វីដែលយើងឃើញថា កើតមានរួចហើយនៅក្នុងប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា និងហុងកុង ដែលនៅខាងក្រៅប្រទេសចិន។ ប្រទេសទាំងនេះមានទីផ្សារដែលរីកចម្រើន បើទោះជាមានការហាមឃាត់ និងការរឹតត្បិតក្នុងប្រទេសចិនក៏ដោយ»។
លោក Philip Muruthi អនុប្រធានកម្មវិធីអភិរក្សអំបូរសត្វ របស់អង្គការ African Wildlife Foundation ក៏មានទស្សនៈដូចដៃគូអភិរក្សនិយមរបស់លោកដែរ ដោយលោកបានសរសើរចំណាត់ការនេះ និងបានកត់សម្គាល់ពីសារៈសំខាន់នៃការបង្ការកុំឲ្យទីផ្សារជួញដូរនេះ ផ្លាស់ប្តូរទៅជាទីផ្សារនៅកន្លែងផ្សេងៗទៀត។
លោកបាននិយាយថា សត្វដំរីនឹងមិនមែនជាសត្វដែលរួចផុតពីទុក្ខតែមួយនោះទេ។
លោក Muruthi បាននិយាយថា៖ «សត្វដំរីប្រហែល៣៥.០០០ក្បាល ដែលជាចំនួនយើងលើកយកមកនិយាយជាច្រើនដងមកហើយ កំពុងបាត់បង់ជារៀងរាល់ឆ្នាំ។ មានដំរីប្រមាណជា៤១៥.០០០ក្បាលនៅលើទ្វីបនេះ។ នេះមានន័យថា ក្នុងរយៈពេល២០ឆ្នាំខាងមុខ ប្រសិនបើល្បឿននៃការបាត់បង់នេះនៅដដែលនោះ យើងនឹងមិនមានសត្វដំរីតទៅទៀតទេ។ ដូច្នេះ បំណងទាំងអស់ដែលពលរដ្ឋអាហ្វ្រិកមានក្នុងការប្រើប្រាស់សត្វព្រៃ និងជម្រករបស់ពួកវាសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍នៅក្នុងប្រទេសនានាដូចជា កេនយ៉ា អាហ្វ្រិកខាងត្បូង និងតង់សានីនោះ បំណងទាំងនោះនឹងមិនបានសម្រេចនោះទេ។ ដូច្នេះ នេះជាបញ្ហាធ្ងន់ធ្ងរណាស់។ នេះមិនមែនតែជាបញ្ហាសត្វដំរីនោះទេ ប៉ុន្តែវាជាបញ្ហាសេដ្ឋកិច្ចផងដែរ។ វាជាបញ្ហាសុខុមាលភាពពលរដ្ឋអាហ្វ្រិក។ វាជាកេរ្តិ៍ដំណែលរបស់យើង។ ដូច្នេះ វាជាការបោះជំហានដ៏សំខាន់មួយដែលប្រទេសចិនបានធ្វើ»។
ក្រុមអ្នកអភិរក្សនិយាយថា ខណៈដែលការប្រយុទ្ធប្រឆាំងនឹងការបរបាញ់ជារឿងសំខាន់នោះ ការគំរាមកំហែងធំមួយចំពោះសត្វដំរីក្នុងរយៈពេលវែង គឺការគ្រប់គ្រងទីជម្រករបស់ពួកវា។ ពួកគេជំរុញឲ្យរដ្ឋាភិបាលអាហ្វ្រិក និងចិន ជួយកាត់បន្ថយការគំរាមកំហែងទាំងនេះតាមរយៈការគាំទ្ររបស់ពួកគេ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ