មហាកំពែងបៃតងនៃដើមឈើនិងគុម្ពោតព្រៃរបស់អាហ្រិ្វក កំពុងកកើតឡើងបន្តិចម្តងៗ។ ជាគោលដៅ គម្រោងនេះលាតសន្ធឹងក្នុងចម្ងាយ ៨.០០០ គីឡូម៉ែត្រ ពីប្រទេស Mauritania នៅភាគខាងលិច និងទៅកាន់ផ្នែកតូចមួយនៃប្រទេស Djibouti នៅភាគខាងកើតនៃទ្វីបអាហ្វ្រិក។ ក្នុងរយៈពេល ១៥ ឆ្នាំនៃការអនុវត្តគម្រោងដែលនឹងត្រូវបញ្ចប់ត្រឹមឆ្នាំ ២០៣០ គម្រោងស្តារដើមឈើឡើងវិញនេះ បានសម្រេចគោលដៅត្រឹមតែមួយផ្នែកតូចប៉ុណ្ណោះ។ ប្រទេសចំនួន ៨ ក្នុងចំណោមប្រទេស ១១ ដែលចូលរួមក្នុងគម្រោងនេះ កំពុងប្រឈមនឹងភាពចលាចលក្នុងប្រទេស។ ហើយការផ្តល់ជំនួយមូលនិធិ ក៏មិនទាន់ត្រូវនឹងកម្រិតនៃគោលដៅអភិវឌ្ឍផងដែរ។
ទោះជាយ៉ាងណាក៏ដោយ សាស្ត្រាចារ្យផ្នែកបរិស្ថានលោក Aliou Guissé ចង្អុលបង្ហាញពីភាពជោគជ័យជាក់ស្តែងមួយចំនួននៃគម្រោងនេះ។ នៅក្នុងតំបន់សាហ៊ែល (Sahel) នៃប្រទេសសេណាហ្គាល់ ដែលជាប្រទេសកំណើតរបស់លោក មានការកើនឡើងនៃតំបន់ដាំដុះដើមឈើឡើងវិញ។ លោក Guissé មានប្រសាសន៍ថា៖ «តំបន់ទាំងនោះគឺជាជម្រកសម្រាប់ហ្វូងសត្វ បក្សី និងសត្វល្អិតដ៏ធំនិងចម្រុះ ជាងតំបន់ផ្សេងៗទៀត ដែលមិនទាន់មានការដាំដើមឈើ។ ក្រុមអ្នកវិទ្យាសាស្រ្តកំពុងស្រាវជ្រាវពីអត្ថប្រយោជន៍ផ្នែកសុខភាព និងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់រុក្ខជាតិក្នុងស្រុក ដូចជាផ្លែល្មើរ ដែលសហគមន៍នានាចាត់ទុកថាមានប្រយោជន៍ច្រើន ហើយអាចយកធ្វើពាណិជ្ជកម្ម និងបង្កើតប្រាក់ចំណូលបានផងដែរ។
លោក Guissé ជាសហនាយកនៃមជ្ឈមណ្ឌលអង្កេត Tessekere (Tessekere Observatory) នៅភាគខាងជើងនៃប្រទេសសេណាហ្គាល់ ដែលស្វែងរកវិធីសាស្រ្តរួមមួយសម្រាប់ការអភិវឌ្ឍមហាកំពែងបៃតង ដែលពាក់ព័ន្ធនឹងវិស័យសុខាភិបាល កសិកម្ម សេដ្ឋកិច្ច និងបរិស្ថាន។
លោកនិងអ្នកជំនាញដទៃទៀតបានជួបពិភាក្សាគ្នាកាលពីដើមខែកក្កដា នៅក្នុងទីក្រុង Poitiers ភាគខាងលិចនៃប្រទេសបារាំង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេ ដែលបច្ចុប្បន្នកំពុងធ្វើឡើងនៅប្រទេសបួរគីណា ហ្វាសូ និងប្រទេសសេណាហ្គាល់ ដើម្បីរួមបញ្ចូលអ្នកស្រាវជ្រាវមកពីប្រទេសផ្សេងៗទៀត នៅក្នុងតំបន់សាហ៊ែល ដូចជាប្រទេស Niger ប្រទេស Chad និងប្រហែលជាប្រទេសម៉ាលីផង ឲ្យធ្វើការងាររួមគ្នា។ ទោះបីជាប្រទេសទាំងនោះមានភាពចលាចលក្តី ក៏ក្រុមអ្នកស្រាវជ្រាវនិយាយថា វឌ្ឍនភាពដូចជាការប្រមូលផ្តុំទិន្នន័យមូលដ្ឋាន អាចធ្វើទៅបាន។
សហនាយកម្នាក់ទៀតរបស់មជ្ឈមណ្ឌលអង្កេត Tessekere គឺនរវិទូជនជាតិបារាំងលោក Gilles Boëtsch មានប្រសាសន៍ថា៖ «គោលដៅមួយទៀត គឺការកសាងភាពជាដៃគូររវាងអ្នកស្រាវជ្រាវនិងស្ថាប័នរដ្ឋាភិបាលផ្សេងៗ ដែលគ្រប់គ្រងការអភិវឌ្ឍគម្រោងមហាកំពែងបៃតង។ ក្រុមស្រាវជ្រាវនេះ កំពុងស្វែងយល់ពីគំនិតថ្មីៗ ដូចជាការស្រាវជ្រាវពីផលប៉ះពាល់នៃជំងឺឆ្លងពីសត្វមកមនុស្ស ដូចជាជំងឺអ៊ីបូឡា (Ebola) និង ជំងឺកូវីដ១៩ ជាដើម។
លោក Boëtsch បានបន្ថែមថា ការសិក្សាស្រាវជ្រាវរបស់ពួកគេ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់តំបន់សាហ៊ែលនៃទ្វីបអាហ្រិ្វកប៉ុណ្ណោះទេ តែថែមទាំងផ្តល់ផលប្រយោជន៍ដល់ប្រទេសផ្សេងៗទៀត ដូចជាប្រទេសបារាំងដែលកំពុងតែប្រឈមនឹងការកើនឡើងនៃកម្តៅ និងការប្រែប្រួលអាកាសធាតុផងដែរ៕
ប្រែសម្រួលដោយកញ្ញា អ៊ូ ចរិយា