ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Ghani ទទួល​បាន​សំឡេង​ឆ្នោត​ភាគច្រើន​នៅ​ក្នុង​ការបោះឆ្នោត​នៅ​អាហ្វហ្គានីស្ថាន


(រូប​ឯកសារ) លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន លោក Ashraf Ghani ចូលរួម​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​ប្រធានាធិបតី ក្នុង​ក្រុង​កាប៊ុល កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។
(រូប​ឯកសារ) លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន លោក Ashraf Ghani ចូលរួម​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​ប្រធានាធិបតី ក្នុង​ក្រុង​កាប៊ុល កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន លោក Ashraf Ghani ទំនង​ជា​ទទួល​បាន​ជ័យជម្នះ​សម្រាប់​តំណែង​ជា​ប្រធានាធិបតី​នៅក្នុង​អាណត្តិ​ទីពីរ​របស់​លោក។ នេះ​បើ​យោង​តាម​លទ្ធផល​បឋមនៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ​ការ​បោះឆ្នោត​ប្រជែង​យក​តំណែង​ប្រធានាធិបតី​ដ៏​ចម្រូងចម្រាស​នេះបាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា កន្លង​ទៅ។

អ្នកស្រី Hawa Alam Nuristani ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឯករាជ្យ​ហៅ​កាត់​ថា IEC នៃ​ប្រទេស​អាហ្វហ្គានីស្ថាន បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​ត្រូវ​បាន​រង់ចាំ​អស់​រយៈពេល​យ៉ាង​យូរ​នេះ​ នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​កាប៊ុល។ អ្នកស្រី​បាន​បញ្ជាក់​ថា លោក Ghani ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ប្រហែល​៥១% ក្នុង​ចំណោម​សន្លឹកឆ្នោត​ជាង​១លាន​៨​សែន​សន្លឹក។

អ្នកស្រី Nuristani បាន​ថ្លែង​ទៀត​ថា ​នាយកប្រតិបត្តិ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន លោក Abdullah Abdullah ដែល​ជា​គូប្រជែង​ចម្បង​និង​ជា​ដៃគូ​គ្រប់គ្រង​ប្រទេស​របស់​លោក Ghani នៅ​ក្នុង​រដ្ឋាភិបាល​បង្រួបបង្រួម​អាហ្វហ្គានីស្ថាន​ ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន​៣៩,៥២%។ អ្នកស្រី Nuristani បាន​លើកឡើង​បន្ថែម​ថា សំឡេង​ឆ្នោត​ដែល​នៅ​សេសសល់​បាន​ទៅ​បេក្ខជន​ដទៃទៀត។

អាជ្ញាធរ​រៀបចំ​ការ​បោះឆ្នោត​ កាល​ពី​ដើមឡើយ គ្រោង​នឹង​ចេញ​ផ្សាយ​លទ្ធផល​បោះឆ្នោត​បឋម​នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ប៉ុន្តែ​ត្រូវ​ពន្យារពេល​ម្ដង​ហើយ​ម្ដង​ទៀត ដោយសារ​តែ​មាន​ការ​ចោទប្រកាន់ពី​បេក្ខជន​ដទៃទៀត ជាពិសេស​ពី​លោក Abdullahថា​ មាន​ការ​បន្លំ​សន្លឹក​ឆ្នោត រួម​ជាមួយ​នឹង​បញ្ហា​បច្ចេកទេស​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG