ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​នៅ​អាហ្វហ្គានីស្ថាន​​ធ្វើ​ឲ្យ​មាន​ចម្ងល់​ជុំវិញ​ដំណើរការ​សន្តិភាព​​


អ្នក​កាសែត​​ថត​រូប​នៅ​ក្នុង​ថ្នាក់​រៀន​មួយ​ក្នុង​សាកលវិទ្យាល័យ​កាប៊ុល ក្រោយ​ការ​វាយប្រហារ​នៅ​​ទី​នោះ​កាល​​ពី​ថ្ងៃ​អង្គារ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។
អ្នក​កាសែត​​ថត​រូប​នៅ​ក្នុង​ថ្នាក់​រៀន​មួយ​ក្នុង​សាកលវិទ្យាល័យ​កាប៊ុល ក្រោយ​ការ​វាយប្រហារ​នៅ​​ទី​នោះ​កាល​​ពី​ថ្ងៃ​អង្គារ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

នៅ​សប្តាហ៍មុន ខ្មាន់​កាំភ្លើង​បាន​វាយ​ប្រហារ​សាកល​វិទ្យាល័យ​កាប៊ុល​ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋធានី​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​១៩​នាក់​ ហើយ​ជាង​២០​នាក់​ផ្សេង​ទៀត​រង​របួស។​ ការ​វាយ​ប្រហារ​នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​ចុងក្រោយ​មួយ​នៃការ​កើនឡើង​នៃ​អំ​ពើ​ហិង្សា​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថានខណៈ​រដ្ឋាភិបាល​ព្យាយាម​ចរចា​កិច្ច​ព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​តាលីបង់។

ការ​វាយ​ប្រហារ​ដ៏​ប្រល័យនេះ​ដោយ​ក្រុម​បះបោរ​អ៊ិស្លាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន លើក​នេះ​មាន​គោល​ដៅ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​និស្សិត។​

លោក​ Himayat Ullah Ahmadi ​និស្សិត​សាកល​វិទ្យាល័យ​កាប៊ុល​និយាយ​ថា៖ «ការ​វាយ​ប្រហារ​ទៅ​លើ​សាកល​វិទ្យាល័យ​កាប៊ុល​គឺ​ប្រឆាំង​នឹង​រាល់​បទដ្ឋាន​និង​គោល​ការណ៍​អ៊ិស្លាម​ទាំងអស់​ហើយ​ប្រជាជន​អាហ្វហ្គានីស្ថាន​នឹង​មិន​ចុះចាញ់​ពួក​គេ​ឡើយ»។​

ចំណែក​ឯ​លោក​ Amanullah Miranai ​ដែល​ជា​និស្សិត​សាកល​វិទ្យាល័យ​កាប៊ុល​ម្នាក់​ទៀត​ថ្លែង​ដែរ​ថា៖​«យើង​នឹង​ត្រឡប់​ទៅ​កាន់​សាកល​វិទ្យាល័យ​ដោយ​មាន​ស្មារតី​កាន់​តែ​ខ្លាំង​ហើយ​យើង​នឹង​បន្តការ​សិក្សា​ទៅមុខ​ទៀត​ដោយ​រៀន​កាន់តែ​ច្រើន​ឡើងៗ» ។

ការ​វាយ​ប្រហារ​ដ៏​សាហាវ​ចុង​ក្រោយ​នេះ​កើត​ឡើង​នៅ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​និង​ក្រុម​បះបោរ​តាលីបង់​កំពុង​ព្យាយាម​ចរចា​កិច្ច​ព្រមព្រៀង​សន្តិភាព។ អគ្គ​អធិការ​កិច្ច​ពិសេស​សម្រាប់​ការ​ស្ថាបនា​អាហ្វហ្គានីស្ថាន​ឡើង​វិញ​បានឲ្យ​ដឹង​ថា ការ​វាយ​លុក​របស់​សត្រូវ​ប្រចាំ​ថ្ងៃ​ជា​មធ្យម​នៅ​អាហ្វហ្គានីស្ថាន​បាន​កើន​ឡើង​៥០​ភាគរយ​ចាប់ពី​ថ្ងៃទី​១ ខែ​កក្កដា​ដល់​ថ្ងៃ​ទី៣០​ខែ​កញ្ញា​ឆ្នាំនេះ ​បើ​ប្រៀបធៀប​នឹង​ត្រីមាស​មុន។​ កង​កម្លាំង​ប្រឆាំង​រដ្ឋាភិបាល​ទទួល​ខុស​ត្រូវយ៉ាង​ហោច​ណាស់​៨៣​ភាគរយ​នៃ​គ្រោះថ្នាក់​ដែល​ប៉ះពាល់​ដល់​ជនស៊ីវិល ​ហើយពួក​តាលីបង់​ទទួល​ខុស​ត្រូវ​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​ជន​រងគ្រោះ​ទាំង​នោះ។​

ក្រសួង​ការពារ​ជាតិ​ស.រ.អា.បាន​ឲ្យដឹង​ថា​អំពើ​ហិង្សា​របស់​ពួក​តាលីបង់​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ចព្រម​ព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាមេរិក​និង​តាលីបង់​ប្រសិន​បើ​ពួកគេ​នៅតែ​បន្ត​អំពើ​ហិង្សា​ក្នុង​អត្រាខ្ពស់​ដែល​មិន​អាច​ទទួល​យក​បាន​នេះ។​

លោក​ Anthony Cordesman​ នៃ​មជ្ឈមណ្ឌល​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​ថ្លែង​ថា៖​«ពួក​តាលីបង់​អាច​កេង​ចំណេញពីដំណើរ​ការ​សន្តិភាព​ដើម្បី​បង្កើន​តួនាទី​និង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ជា​ច្រើន»។​

ហើយ​ដោយសារ​ការ​វាយ​ប្រហារ​នេះ​ផ្តោត​លើ​កងកម្លាំង​អាហ្វហ្គានីស្ថាន​ជា​ជាង​កងទ័ព​សហរដ្ឋ​អាមេរិក​នោះ លោក ​Anthony Cordesman​នៃ​មជ្ឈមណ្ឌល​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​និយាយ​ថា​ពួក​តាលីបង់​សង្ឃឹម​ថា​សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​ដកទ័ព​របស់​ខ្លួន។

ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​រិះគន់​ការ​វាយ​ប្រហារ​របស់​ពួក​តាលីបង់​កាន់​តែខ្លាំង​ឡើង​នោះ​ កងទ័ព​អាមេរិក​បន្ត​ដក​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ជាផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​អាមេរិក-តាលីបង់​ដែល​ថ្មីៗ​នេះ​ចំនួន​កងទ័ព​អាមេរិក​បាន​ថយ​ចុះ​ពី​៨.៦០០​នាក់​មក​នៅ​ត្រឹម​៤.៥០០​នាក់។​

ហើយ​ប្រសិន​បើ​សហ​រដ្ឋ​អាមេរិក​ដកទ័ព​ចេញ​ទាំង​ស្រុង​នៅ​ដំណាក់​កាល​ណាមួយ​នៅ​ឆ្នាំ​ក្រោយ ​ដូច​ដែល​បាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​នោះ លោក ​Cordesman ​ព្រមាន​ថា ​វានឹង​មាន​ឱកាស​តិចតួច​សម្រាប់​កិច្ច​ព្រមព្រៀង​សន្តិភាព​រវាង​ពួក​តាលីបង់​និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន។​

លោក​ Anthony Cordesman ​នៃ​មជ្ឈមណ្ឌល​សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​ចោទ​សួរ​ថា៖ «តើ​អាចមាន​សន្តិភាព​រវាង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​និង​ពួកតាលីបង់​យ៉ាង​ដូច​ម្តេច? តើអាច​មាន​សន្តិភាព​ដូចម្តេច​បាន​បើ​កងទ័ព​អាមេរិកាំង​ចាកចេញ​អស់​ទៅ​ហើយ»?​

រហូត​មក​ដល់​ពេល​នេះ កិច្ច​ចរចា​សន្តិភាព​រវាង​ពួក​តាលីបង់​និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ។

ក្រុម​អ្នក​ជំនាញ​និយាយ​ថានៅ​សមរភូមិអង្គភាព​អាហ្វហ្កានីស្ថាន​ដែលស្ត្រេស​ខ្លាំង​ពេក​ហើយរង​ផល​ប៉ះពាល់​ដោយ​សារការ​រាតត្បាត​នៃវីរុសកូរ៉ូណា​ព្រម​ទាំង​ការ​គាំទ្រ​របស់​សហ​រដ្ឋ​អាមេរិក​ថយ​ចុះទៀត​នោះ​កំពុង​មើល​ឃើញ​ក្រុម​តាលីបង់​មាន​កំណើន​រឹងមាំ៕​

ប្រែសម្រួល​ដោយ ពិន ស៊ីសុវណ្ណ

XS
SM
MD
LG