ពួកមន្ត្រីអាហ្វហ្គានីស្ថាន បាននិយាយថាការផ្ទុះគ្រាប់បែកអត្តឃាតមួយបានកើតមានឡើងនៅថ្ងៃពុធនេះក្នុងទីក្រុងកាប៊ុល ដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២៦នាក់ស្លាប់ និងធ្វើឱ្យមនុស្សច្រើននាក់ទៀតត្រូវរបួស។
ពួកអ្នកឃើញហេតុការណ៍ផ្ទាល់និងពួកមន្ត្រីបាននិយាយថាពួកអ្នកកាន់សាសនាឥស្លាមនិកាយ Shia ជាច្រើននាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី Perse ឬ Nawroz នៅពេលមានការផ្ទុះគ្រាប់បែកនេះ។
ពួកមន្ត្រីទាំងនេះបាននិយាយថា ចំនួនមនុស្សស្លាប់អាចកើនឡើងច្រើនជាងមុនហើយជនស៊ីវិលភាគច្រើនឋិតនៅក្នុងចំណោមពួកជនរងគ្រោះទាំងនោះ។
ពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម បានអះអាងទាមទារការទទួលខុសត្រូវដល់ការវាយប្រហារនេះ។
កាលពីប៉ុន្មានខែថ្មីៗនេះ ពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាម បានយកកន្លែងគោរពសាសនាឥស្លាម និកាយ Shia និងការប្រមូលផ្តុំពួក Shi'ite ជាទីដៅនៃការវាយប្រហារនៅក្នុងក្រុងកាប៊ុល។ ចំណែកឯពួកបះបោរតាលីបាន វិញក៏បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងក្រុងនេះដែរ៕