កាលពីថ្ងៃព្រហស្បតិ៍ ពួកមេដឹកនាំសាសនានៃប្រទេសអាហ្វហ្គានីស្ថានបានច្រានចោលកំណត់សម្គាល់លម្អៀងទៅខាងពួកតាលីបង់ដោយមេដឹកនាំខាងសាសនា និងខាងនយោបាយម្នាក់នៃប្រទេសប៉ាគីស្ថានដោយបានចាត់ទុកកំណត់សម្គាល់ទាំងនេះថាជា «ការបំភ័ន្តផ្នែកស៊ើបការសម្ងាត់»។
ជាការឆ្លើយតបនឹងកំណត់សម្គាល់កាលពីពេលថ្មីៗនេះដោយ លោក Maulana Fazl-ur Rahman មេដឹកនាំនៃគណបក្ស Jamiat Ulema-e-Islam ហៅកាត់ថា JUI-F នៃប្រទេសប៉ាគីស្ថាន ដែលជាគណបក្សអភិរក្សនិយមខាងសាសនាត្រូវចោទប្រកាន់ថា មានចំណងទាក់ទងជាមួយពួកជនសកម្មប្រយុទ្ធនានា ក្រុមប្រឹក្សាពួកអ្នកប្រាជ្ញខាងសាសនានៃប្រទេសអាហ្វហ្គានីស្ថានបានអំពាវនាវឱ្យមានការប្រជុំសន្និសីទខាងសាសនាឥស្លាម មួយនៅក្នុងក្រុងកាប៊ុល ដើម្បីជជែកដេញដោលគ្នាអំពីភាពត្រឹមត្រូវខាងសាសនានៃការបះបោររបស់ពួកតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ក្រុមប្រឹក្សាបព្វជិតឥស្លាម នៃប្រទេសអាហ្វហ្គានីស្ថាន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ពួកបព្វជិតពិតប្រាកដ និងជឿស៊ប់លើសាសនាឥស្លាមមកពីប្រទេសប៉ាគីស្ថាន ជាមួយពួកអ្នកប្រាជ្ញឥស្លាម ល្បីឈ្មោះមកពីពិភពឥស្លាម គួរធ្វើការប្រជុំគ្នាដើម្បីជជែកដេញដោលគ្នាជាមួយពួកអ្នកប្រាជ្ញខាងសាសនានៃប្រទេសអាហ្វហ្គានីស្ថាន ដើម្បីប៉ាន់មើលស្ថានការណ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយផ្អែកលើគម្ពីរ Quran និងការប្រៀនប្រដៅរបស់ព្យាការី Muhammad»៕