ក្រោមចំណងជើងថា ពួកគេអត់ធ្មត់នឹងភាពឈឺចាប់ទាំងអស់៖ ពលកម្មកុមារដ៏គ្រោះថ្នាក់នៅអាហ្វហ្គានីស្ថាន (They Bear All the Pain: Hazardous Child Labor in Afghanistan) របាយការណ៍នេះបានរៀបរាប់ថា យ៉ាងហោចណាស់មួយភាគបួននៃកុមារនៅប្រទេសអាហ្វហ្គានីស្ថាន ដែលមានអាយុចន្លោះពី៥ឆ្នាំ ដល់១៤ឆ្នាំ ធ្វើការដើម្បីរកប្រាក់ចំណូលសម្រាប់គួ្រសារពួកគេ។
យោងតាមក្រុមសិទ្ធិមនុស្សនេះ កុមារជាច្រើននាក់ក្នុងចំណោមកុមារទាំងនោះ ធ្វើការច្រើនម៉ោង ហើយទទួលបានប្រាក់កម្រៃតិច ឬមិនបានប្រាក់កម្រៃទាល់តែសោះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្កោលទោសទៅលើរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលមិនបានការពារកុមារទាំងនេះ។
«កុមារអាហ្វហ្គានីស្ថានរាប់ពាន់នាក់កំពុងយកសុខភាព និងសុវត្ថិភាពពួកគេទៅផ្សងគ្រោះថ្នាក់ជារៀងរាល់ថ្ងៃ ដើម្បីប្តូរយកអាហារនៅលើតុបាយ»។ នេះជាសម្តីរបស់លោក Phelim Kine អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅអាស៊ី។ លោកបានបន្តថា៖ «រដ្ឋាភិបាលអាហ្វហ្គានីស្ថានត្រូវតែធ្វើការការពារកុមារទាំងនេះ និងអនាគតរបស់ប្រទេសនេះបន្ថែម ដោយអនុវត្តច្បាប់ហាមឃាត់កុមារក្នុងការធ្វើការងារប្រកបដោយគ្រោះថ្នាក់»។
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានបដិសេធការចោទប្រកាន់ដែលរបាយការណ៍នេះបានលើកឡើង។
លោក Fatih Ahmadzai អ្នកនាំពាក្យក្រសួងការងារ កិច្ចការសង្គម ទុក្ករបុគ្គល និងជនពិការ និយាយថាក្រសួងរបស់លោកជឿជាក់ថា តួលេខទាំងនោះមិនត្រឹមត្រូវទេ ព្រោះអង្គការឃ្លាំមើលសិទ្ធិមនុស្សមិនបានធ្វើការស្ទង់មតិសម្រាប់របាយការណ៍នេះឡើយ។
ស្របពេលនេះដែរ គណៈកម្មាធិការសិទ្ធិមនុស្សឯករាជ្យនៃប្រទេសអាហ្វហ្គានីស្ថាន ដែលជាស្ថាប័នសិទ្ធិមនុស្សក្នុងប្រទេសនេះ និយាយថា មានកុមារអាហ្វហ្គានីស្ថានរហូតដល់២លាននាក់ កំពុងធ្វើការងារ ហើយខ្លះស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
គណៈកម្មាធិការនេះនិយាយថា ភាពក្រីក្រដ៏ធ្ងន់ធ្ងរ និងការកើនឡើងនូវភាពអត់ការងារធ្វើ ជាមួយនឹងអំពើហិង្សា បានបណ្តាលឲ្យកុមារជាច្រើននាក់កំព្រា ហើយក៏ជាមូលហេតុដែលនាំឲ្យកុមារដែលប្រឡូកក្នុងការងារមានចំនួនខ្ពស់។
ច្បាប់អាហ្វហ្គានីស្ថាន មិនអនុញ្ញាតឲ្យកុមារក្រោមអាយុ១៤ឆ្នាំ ធ្វើការនោះទេ ប៉ុន្តែដោយសារកង្វះខាតធនធាន និងបុគ្គលអនុវត្តច្បាប់ ការប្រតិបត្តិមានការធូររលុង។
មួយផ្នែកធំនៃថវិកាជាតិ ត្រូវបានប្រើប្រាស់ទៅលើសន្តិសុខ ដែលជាហេតុនាំឲ្យសេវាកម្មសង្គមដូចជាសុខុមាលភាពកុមារត្រូវបានមើលរំលង។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានទទួលស្គាល់ថា ការរឹតត្បិតខាងថវិកា ជាកត្តាមួយដែលធ្វើឲ្យពលកម្មកុមារកើតមានជាទូទៅ ប៉ុន្តែក៏បានសង្កត់ធ្ងន់ទៅលើបញ្ហានៃការបន្តកើតមានភាពក្រីក្រនេះ ដែលបានបណ្តាលឲ្យកុមារបាត់បង់ការទទួលបានការអប់រំ។ អង្គការនេះ បានសំណូមពរទៅកាន់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងម្ចាស់ជំនួយទាំងឡាយឲ្យចាត់វិធានការជាបន្ទាន់ ដើម្បីការពារកុមារដែលកំពុងធ្វើការក្រោមលក្ខខណ្ឌការងារប្រកបដោយគ្រោះថ្នាក់ ក៏ដូចជា មានគម្រោងក្នុងផ្តល់ការអប់រំដល់កុមារទាំងអស់៕
ប្រែសម្រួលដោយ៖ វិញ សុជាតា